ភ្នំពេញ ៖ តារាសម្តែង និងដើរម៉ូដកញ្ញាសូ ដានីតា ដោយអត់ទ្រាំមិនបានចំពោះករណីសង្ឃឆាន់ស្រីក្មេងបង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងដល់មហាជននោះ ពេលនេះបានចេញមុខពន្លះយ៉ាងចាស់ដៃលើករណីខុសវិន័យមួយនេះ។
កញ្ញា សូ ដានីតា បាននិយាយថា តាំងពីដើមឡើយនាងខ្ញុំ សូ ដានីតា មិនដែលចង់ដឹងចង់ឮ ឬតវ៉ានឹងរឿងអ្វីនោះទេ ព្រោះជារឿងបុគ្គល តែថ្ងៃនេះនាងខ្ញុំសុំមានមតិបន្តិចទៅចុះ ព្រោះរឿង១នេះទាក់ទងទៅហ្នឹងរឿងអសីលធម៌ប៉ះពាល់ដល់សង្គម និងព្រះពុទ្ធសាសនាអាប់ឱនកិត្តិយសដល់សង្គមជាតិ នៃប្រទេសកម្ពុជារបស់យើង។
តារាស្រី សូ ដានីតា បន្តថា នាងខ្ញុំសុំមិនវែកញែក កាន់ខាងណានោះទេ តែនាងខ្ញុំសុំមេត្តា អ្នកដែលកាន់ធម៌កាន់អារសូមយកវិន័យព្រះមកទុកក្នុងចិត្ត និងគោរពតាមព្រះពុទ្ធសាសនាអោយបានខ្ជាប់ខ្ជួន ព្រោះមុននឹងអ្នក ឈានជើងចូលវត្តអារាមកោរសក់ទៅបួស អ្នកដឹងហើយថា អ្នកត្រូវជម្រុះអោយអស់នូវ កិលេសតណ្ហា ភាពលោភលន់ និទ្រាឈ្នានីស គោរពប្រតិបត្តិតាមធម៌ព្រះពុទ្ធ សូម្បីតែឆាន់ល្ងាចក៏មិនបាន។
កញ្ញាសូ ដានីតា និយាយទៀតថា តែបើធ្វើមិនបាន ទ្រាំមិនបាន សូមមេត្តាចាកចេញពីស្បង់ចីពរ អោយដាច់ស្រឡះពីធម៌អារសិន ចាំទៅប្រឡូកនូវអំពើឧបាយមុខផ្សេងៗ ដើម្បីកុំអោយប៉ះពាល់នូវព្រះពុទ្ធសាសនា ដែលដូនតាបន្សល់ទុកអោយ និងប៉ះពាល់ដល់កិត្តិយសព្រះសង្ឃជាច្រើន ដែលព្រះអង្គបានលាចាកពីសិក្ខាបទដាច់ស្រឡះ ហើយដើរតាមនឹងគោរពតាមតែព្រះពុទ្ធសាសនា បានយ៉ាងល្អខ្ជាប់ខ្ជួន រីឯបងប្អូនជាស្ត្រីភាពវិញបានដឹង បានឮរួចមកហើយថា ច្បាប់នៃព្រះសង្ឃ និងស្ត្រីភាព សូម្បីតែដាក់បាត ក៏មិនអោយប៉ះនូវស្បង់ចីពរផង រឿងអីមានអ្នកខ្លះ រត់ឡើងកុដិលោក។
ស្រីស្រស់ សូ ដានីតា រៀបរាប់ទៀតថា អ្នកខ្លះស្រោចទឹកចោមពុង ស្លៀកខោខ្លីចូលវត្ត អាវវៀលក អ្នកខ្លះព្រះស្រលាញ់ព្រះសង្ឃមានស្នេហាលួចលាក់មានរូបភាពស្និទ្ធស្នាលជាមួយនឹងសង្ឃ ដែលធ្វើអោយខ្លួនឯងធ្លាក់ចុះនរក ហើយសង្គមស្អប់ខ្ពើមថែមទៀតផង សូមអ្នកដែលធ្លាប់ឬ កំពុងមានរឿងរ៉ាវដូចខាងលើ គួរបញ្ឈប់ទៅ ព្រោះសម័យនេះ រឿងអីក៏គេដឹងដែរ អញ្ចឹងទាន់គេមិនទាន់ដឹងគួរឈប់ទៅ។
នាងខ្ញុំសុំទោសនាងខ្ញុំនិយាយនេះគឺចង់អោយស្ត្រីមួយចំនួនតូចដែលប្រព្រឹត្តរឿងល្អគួរបញ្ឈប់ទៅ ហើយអោយព្រះសង្ឃទាំងឡាយណាដែលកាន់ធម៌អារមិនច្បាស់លាស់ សូមចុះចេញពីព្រះធម៌ដោយអង្គរឯងចុះ ព្រោះបើនៅបន្តគង់ជាមួយស្បង់ចីពរទៀតហើយនៅតែមានចិត្តគំណិតប្រព្រឹត្តរឿងស្មោកគ្រោកទៀតគឺអាចធ្លាក់នរក និងប៉ះពាល់អាប់ឱនដល់សង្គមជាតិនៃព្រះពុទ្ធសាសនាបើនាងខ្ញុំ ទូលព្រះបង្គំ និយាយទៅមិនសមគួរ សូមមេត្តា អធ្យាស្រ័យដល់នាងខ្ញុំ និងទូលព្រះបង្គំផង៕
Source: Kampuchea Thmey Daily
0 Comments