Ad Code

ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​បុក​ម៉ូតូ​របួស​៣​នាក់ ឪពុកម្ដាយ និង​កូន​ហើយ​ខំ​បើក​រត់​ពេល​គេ​តាម​ឃាត់​ជាប់​ចុះ​លុតជង្គង់​ក្រាប​សំពះ​អង្វរ​កុំ​ឲ្យ​ធ្វើបាប​ខ្លួន



ភ្នំពេញ​ ៖​ ជនជាតិ​ចិន​ម្នាក់​ បន្ទាប់ពី​បើករថយន្ត​ស៊េរី​ទំនើប​បុក​ម៉ូតូ​១​គ្រឿង​ធ្វើ​ឲ្យ​៣​នាក់​ឪពុក ម្តាយ​និង​កូនរង​របួស​ហើយ​បាន​លុតជង្គង់​សំពះ​សុំ​អង្វរ​សុំ​កុំ​ឲ្យ​អ្នក​ដែល​ឈប់​មើល​ហេតុការណ៍​ធ្វើបាប​ខ្លួន​។​



​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​ជនជាតិ​ចិន បាន​បើករថយន្ត​ស៊េរី​ទំនើប ម៉ាក Alphard ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង កំពុង​ជិះ​ឌុប​គ្នា ៣​នាក់ ឪពុក ម្ដាយ និង​កូន បណ្ដាល​ឲ្យ ក្បាល​ឲ្យ​កូនរង​របួសធ្ងន់​នោះ​នៅមុខ​ទីស្ដីការគណៈរដ្ឋមន្ត្រី ហើយ​រថយន្ត​បង្ក​បាន​បើក​បន្ថែម​ល្បឿន​រត់​គេច​ខ្លួន ទៅដល់​ចំ​ស្តុ​ប​វត្ត​នាគ​វ័ន ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​សហការ​គ្នា​ឃាត់​បានតែ​ម្តង​។



ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​២១​និង​៤០​នាទី​យប់ ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ខាងមុខ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ផ្លូវ​សហព័ន្ធ រុស្សី សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ទៀតថា ​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក Alphard ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-8668 បើកបរ​ដោយ​ជនជាតិ​ចិន ធ្វើដំណើរ​ពី​កើ​តទៅ​លិច​លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ទៅបុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda Dream ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DC-0883 ជិះ​ឌុប​គ្នា ៣​នាក់​ឪពុក ម្ដាយ និង​កូន បណ្ដាល​ឲ្យ​កូនរង​របួស​បែកក្បាល របួសធ្ងន់ ត្រូវបាន​បញ្ជូន​តា​មក​ង់​បី​ទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យ​។ ភ្លាមៗ​នោះ រថយន្ត​បង្ក​មិនបាន​ឈប់​ទទួលខុសត្រូវ​នោះទេ​គឺ​បាន​បន្ថែម​ល្បឿន​បើក​រត់គេចខ្លួន ទៅដល់​ត្រង់ចំណុច​ស្តុ​ប​ផ្លូវបត់​ទៅ​វត្ត​នាគ​វ័​ន្ត ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​ស្ទាក់​ឃាត់​បាន​។ ហើយ​ភ្លាមៗ​នោះ​បុរស​ជា​ឪពុក​ដែល​ជា​ជនរងគ្រោះ ក៏បាន​មកដល់​ដែរ ទើប​ជនជាតិ​ចិន​ដែលជា​អ្នកបើករថយន្ត​បង្ក ចុះមក​សុំទោស ព្រមទាំង​លុត ជង្គង់ លើកដៃ​សំពះ​ក្រាប​ក្បាល​ដល់​ដី ជិត​កន្លះ​ម៉ោង បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង។



ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ រួច​ឲ្យ​ភាគី​ទាំងសងខាង​សម្របសម្រួល​គ្នា​មួយសន្ទុះ​ដែរ​ តែ​ការ​សម្របសម្រួល​នោះ​មិន​ត្រូវ​គ្នា​ទើប​រាយការណ៍​បន្តទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ឲ្យ​ចុះមក​យក​រថយន្ត​បង្ក​នោះ​ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​បន្តទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu