Ad Code

សារឿន ច័ន្ទ ជួប យ៉​ត ចាក់​ភេត ឯ​វ៉ាន់ វឿន ជួប យ៉​ត វ៉ាន់ឌី លើស​ង្វៀន​Wurkz



សារឿន ច័ន្ទ អ្នក​ប្រដាល់​ជើងចាស់ នៃ​ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​សាក កណ្តាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​យ៉​ត ចាក់​ភេត​( Yorth Chakphat) នៅលើ​សង្វៀន​Wurkz នា​រសៀល​ថ្ងៃអាទិត្យ​ ទី​០៥​ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ។​

សារឿន ច័ន្ទ និង យ៉​ត ចាក់​ភេត ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ​រូបនេះ ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះទេ​កន្លងមក​។​

យ៉​ត ចាក់​ភេត នេះ មាន​កម្ពស់​ប្រហាក់ប្រហែល​សារឿន ច័ន្ទ​ដែរ តែ​ប្រវត្តិ​ប្រកួត​របស់គេ គឺ​តិចជាង សារឿន ច័ន្ទ ជិត​ពាក់កណ្ដាល​ឯណោះ។ យ៉​ត ចាក់​ភេត ប្រកួត​បាន​ចំនួន​៦៣​លើក ដោយ​ឈ្នះ​៥៥​លើក ចាញ់​០៨​លើក មិនដែល​ស្មើ ខណៈ​ដែល​សារឿន ច័ន្ទ អ្នក​ប្រដាល់​កម្ពុជា​យើង​ប្រកួត​បាន​ចំនួន​១០២​លើក ឈ្នះ​៨១​លើក ចាញ់​១៩​លើក និង ស្មើ០២​លើក។​

សារឿន ច័ន្ទ ធ្លាប់​ប្រកួត​ជាមួយ​ថៃ​ច្រើនលើក​ហើយ ដោយ​វាយ​ឈ្នះ​ច្រើនជាង​ចាញ់។ តែ​ពីរ​ប្រកួត​ចុងក្រោយ​នេះ គេ​មានការ​ស្រុត​ធ្លាក់ចុះ ដោយ​វាយ​ថៃ​ពីរលើក​ជាប់ៗ​គ្នា។ ការប្រកួត​ជាមួយ​ថៃ​លើក​ចុង​ក្រោយ​នេះ សារឿន ច័ន្ទ វាយ​ចាញ់​ឆ័យ យ៉ូ (Chhai Yo) ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​១៧ ខែ​មីនា ​ឆ្នាំ​២០១៩ ។​

ស្ថានភាព​ប្រកួត​របស់​សារឿន ច័ន្ទ នាពេល​ចុង​ក្រោយនេះ ឃើញថា មាន​ការវិវត្ត​ឡើងវិញ​គួរ​ឲ្យ​កត់​សម្គាល់។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ​កីឡាករ​ថៃ មក​ប្រកួត និង​ជា​អ្នក​ផ្គូផ្គង​ដែរនោះ។​

ជា​អ្នក​ប្រដាល់​ដែលមាន​កណ្តាប់ដៃ​លឿន រហ័ស និង​ ខ្លាំង​នោះ សារឿន ច័ន្ទ វាយ​សម្រុក​មិន​បណ្តា​ក់​ដៃ​នោះទេ ប៉ុន្តែ​គេ​ឆាប់​អស់​ស៊ុ​ហ្វ នៅ​ចុង​ទឹក។

ទោះជា​យ៉ាងណា សម្រាប់​ការប្រកួត​លើក​នេះ គេ​មិនមាន​ទំនុកចិត្ត​ថា ​សារឿន ច័ន្ទ អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ យ៉​ត ចាក់​ភេត នេះ​បានទេ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ ជា​ជើង​ខ្លាំង​និង​ជា​ម្ចាស់​ខ្សែក្រវាត់​ដល់​ទៅ​២​ស្ថាប័ន​ឯណោះ។ ចាំមើល តើ ​សារឿន ច័ន្ទ អាច​យកឈ្នះ យ៉​ត ចាក់​ភេត បាន​ឬ​អត់?។​

ចំពោះ វ៉ាន់ វឿន អ្នក​ប្រដាល់​កម្ពុជា​ក្លិប​ឃ្លាំងមឿង​កីឡា នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ យ៉​ត វ៉ាន់ឌី​(Yorth Vandy)។ ​ជំនួប​របស់​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ជា​ជំនួប​សងសឹក​របស់​យ៉​ត វ៉ាន់ឌី ដែល​បាន​វាយ​ចាញ់​វ៉ាន់ វឿន ក្នុង​ទឹក​ទី​១ កាលពី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៩ ក្នុងការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ ទម្ងន់​៥៧​គីឡូក្រាម​កន្លងមក​ម​ក​នេះ។​
​ ​
វ៉ាន់ វឿន ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ ទម្ងន់​៥៧​គីឡូក្រាម​នេះ គេ​មាន​តែម​និង​ប្រៀប​ជាង​យ៉​ត វ៉ាន់ឌី ត្រង់​គេ​ខ្ពស់​ជាង​បន្តិច គឺ​១,៦៧​ម៉ែត្រ ​ខណៈ​ដែល​យ៉​ត វ៉ាន់ឌី គេ​១,៦៥​ម៉ែត្រ​នោះ​។ ចំពោះ​សមត្ថភាព​វិញ គឺ​ប្រហាក់ប្រហែលគ្នា​ទេ ឯ​បទពិសោធន៍ ​និង​កំណត់ត្រា ក៏​ប្រហែល​គ្នា​ដែរ។​
​ ​
យ៉​ត វ៉ាន់ឌី គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​តែ​៧៥​លើក​ប៉ុណ្ណោះ ក្នុងនោះ​ឈ្នះ​៥៨​លើក និង ចាញ់​១៧​លើក មិនដែល​ស្មើ​។ ចំណែក វ៉ាន់ វឿន គេ​មាន​កំណត់ត្រា​ប្រកួត​៧៥​លើក ឈ្នះ​៦០​លើក ចាញ់​១៣​លើក និង​ស្មើ​០២​លើក។​

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​លើក​ទី​២​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សេក គឹម​រួន អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀម​រាប ត្រូវ​ជួប​ប្រកួត​ជាមួយ ឡុង បេន​លឿន អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ។​ពួកគេ​ទាំងពីរ​ជួប គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

ឡូញ វ៉ាន់ឌី អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​លន់ សៀក​ឡេង អ្នក​ប្រដាល់​ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ​ខេត្តកំពង់ស្ពឺ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ប្រកួត​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu