Ad Code

ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ច្រានចោល​ព័ត៌មាន​ថា មេ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​អូរ​ស្មាច់ ចាប់​បុរស​ចំណាស់​អាយុ​៦១​ឆ្នាំ ធ្វើ​ទារុណកម្ម និង​បាញ់​គំរាម​២​គ្រាប់​



​ឧត្ដរមានជ័យ ​៖ មានការ​បែកធ្លាយ​មក​ថា លោក​អនុសេនីយ៍ឯក ជ័យ វាស្នា មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​អូ​ស្មាច់ បាន​ចាប់​បុរស​ចំណាស់​ ​អាយុ​៦១​ឆ្នាំ​ម្នាក់​ មក​ធ្វើ​ទារុណកម្ម វាយដំ​តាមតែ​អំពើ​ចិត្ត​និង​បាន​បាញ់​គំរាម ២​គ្រាប់ កាលពី​វេលា​ម៉ោង ៣​រសៀល ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ ស្ថិតនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​។​

​ឈ្មោះ ព្រុំ រស់ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង បាន​ប្រាប់​ភ្នាក់​ងារ​កម្ពុជា​ថ្មី​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩ លោក ជ័យ វាស្នា មេ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​អូរ​ស្មាច់ និង ​មន្ត្រី​ក្រោម​ឱវាទ បាន​ចាប់ធ្វើ​ទារុណកម្ម និង​បាញ់​គំរាម​រូបលោក​។​

លោកតា ព្រុំ រស់ បាន​ឲ្យ​ដឹង​បន្តថា លោក​អនុសេនីយ៍ឯក ជ័យ វាស្នា បាន​ទៅដល់​ផ្ទះ​របស់គាត់​បាញ់​គំរាម​១​គ្រាប់ ពេល​គាត់​រត់គេចខ្លួន បាន​បាញ់​គំរាម​ពី​រគ្រប់​ថែមទៀត​។ ពេល​ចាប់​រូបគាត់​បាន​លោក ជ័យ វាស្នា និង​ មន្ត្រី​ក្រោម​ឱវាទ និង ប្រជា​ការពារ​ភូមិ ​សរុប​ចំនួន​៤​នាក់​ បាន​យក​ដែក​ជ្រុង វាយដំ និង​ទះកំផ្លៀង​គាត់​តាម​អំពើ​ចិត្ត រហូត​គ្រាំគ្រា​ឈឺ​ចុកចាប់​ពេញ​ខ្លួន​។​

​ពាក់ព័ន្ធ​ករណីនេះ ​លោក​ឧត្ដមសេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ភ្នាក់ងារ​កម្ពុជា​ថ្មី នា​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ថា ករណី​ខាង​លើ​នេះ​អត់​ការពិត​ទេ​។​

​លោក​បាន​អះអាង​ឲ្យ​ដឹងថា ឈ្មោះ ព្រុំ រស់ បាន​ដេញ​កាប់​គេ កាប់​ឯង​ពេញ​ភូមិ​។ លោកស្នងការ​នគរបាល​ខេត្ត​បន្ត​ថា ជា​ធម្មតា​មន្ត្រី​ជំនាញ​បាញ់​ឡើងលើ​ប៉ុណ្ណោះ ដើម្បី​ឲ្យ ​ឈ្មោះ ព្រុំ រស់ នេះ​ចោល​កាំបិត​ និង ពូថៅ​របស់​គាត់​ដែល​កាន់​នឹង​ដៃ​។​

​លោក​ឧត្ដមសេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជាក់ថា មនុស្ស​គាត់​អញ្ចឹង ខ្លួន​ប្រាណ​គាត់​ដែល​ល្អ យើង​ទៅ​វាយ​អី​គាត់ មាន​ច្បាប់​ទម្លាប់​គេ​មាន គាត់​នៅតែ​បង្ខូច​ទៀត​។

លោក​ថា បញ្ហា​ខាងលើនេះ ធ្វើ​ត្រូវតែ​ដាក់​(​ខ្នោះជើង​) និង​ ឃាត់ទុក​ឲ្យ​គាត់​ស្វាង​ស្រវឹង​សិន​ ទើប​ដោះ​ចេញ និង​អប់រំ ទាល់តែ​ក្រុមគ្រួសារ​គាត់​មក​ធានា​ទើប​សមត្ថកិច្ច​ដោះលែង​ទៅវិញ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu