ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថាការរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ការកសាងកម្ពុជាឡើងវិញពិសេសការរីកធំធាត់នៃកងទ័ពកម្ពុជា ។ល។ សុទ្ធតែមានការរួមចំណែករបស់លោក ឡេ ឌឹកអាញ់។ ដោយការគោរពនិង ដឹកគុណចំពោះ លោក ឡេ ឌឹកអាញ់សម្តេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបែបនេះនៅក្នុងក្រាំងមាសក្នុងពិធីគោរពវិញ្ញាណក្ខន្ធសម្តេចបានហៅលោក ឡេ ឌឹកអាញ់ ថា "លោកអ៊ំ" ។ នេះបើយោងតាមប្រភព ព័ត៌មានពីអ្នករាយការណ៍ពិសេសទូរទស្សន៍កម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋវៀតណាមនៅ ព្រឹកថ្ងៃទី៣ ខែឧសភានេះនៅវិមានបញ្ចុះសពផ្លូវការរបស់រដ្ឋាភិបាលវៀតណាម។ លោក ឡេ ឌឹកអាញ់ បានទទួលមរណភាព ក្នុងអាយុ៩៩ឆ្នាំ កាលពីវេលាយប់ ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ដោយសាររោគាពាធ។
រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការ សពលោក ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋវៀតណាម ដើម្បីឲ្យបណ្តាមេដឹកនាំពិភពលោកនិងប្រជាជនវៀតណាមចូលរួមគោរពវិញ្ញាណក្ខន្ធនិងការជូនដំណើរជាលើកចុងក្រោយជូនដល់វិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់។
ពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការនេះ នឹងរៀនចំឡើងរយៈពេល២ ថ្ងៃ គឺនៅថ្ងៃទី ៣ និងទី៤ ឧសភា មុនពិធីហែទៅបញ្ចុះសពនៅស្រុកកំណើតរបស់ លោកនៅភូមិភាគកណ្តាលរបស់ប្រទេសវៀតណាម។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាមេដឹកនាំពិភពលោកមួយរូបនិងជាអ្នកដែលធ្លាប់ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងលោក ឡេ ឌឹកអាញ់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជានិងថ្នាក់ដឹកនាំកងយោធ ពលខេមរភូមិន្ទ សរុបចំនួន ២៥ រូបអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋវៀតណាម ដែលប្រារព្ធធ្វើឡើងនៅវិមាន តម្កល់សពអគារលេខ ៥ (Tran Thanh Tong) ក្នុងទីក្រុងហាណូយប្រទេសវៀតណាម។
ក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអុជធូបនិងធ្វើការលំអោនកាយវាចា ចិត្តគោរពចំពោះសពលោក ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋវៀតណាមដែលក្នុងមួយជីវិតរបស់លោក លោកបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី អាយុសង្ខារ ក្នុងបុព្វហេតុឯករាជ្យនិង អធិបតេយ្យជាតិរបស់វៀតណាម រហូតដល់ប្រទេសទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ន ។
សូមបញ្ជាក់ថាលោក ឡេ ឌឹកអាញ់ បានចំណាយពេលភាគច្រើនក្នុងមួយជីវិតរបស់លោកនៅឯភាគខាងត្បូងប្រទេសវៀតណាមជាទីដែលលោក បានចូលរួមក្នុងសង្គ្រាមរបស់បក្សកុម្មុយនិស្តវៀតណាមប្រឆាំងនឹងអាមេរិក ។ លោកបានកាន់មុខតំណែងជាប្រធានរដ្ឋវៀតណាមចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៧ និង នៅឆ្នាំ១៩៩៥ លោកបានក្លាយជាប្រមុខរដ្ឋវៀតណាមដំបូងគេដែលបានឈានជើងជាន់លើទឹកដីអាមេរិកក្រោយ សម័យសង្គ្រាមវៀតណាម នៅពេលដែលលោកធ្វើដំណើរទៅចូលរួមគម្រប់ខួប ៥០ ឆ្នាំ របស់អង្គការសហប្រជាជាតិនៅញូយ៉ក។ ជាមួយនឹងប្រទេ សកម្ពុជាលោក ឡេ ដឹកអាញ់ អតីតប្រធានរដ្ឋនិងជាអតីតមេទ័ពវៀតណាមម្នាក់ដែលបានជួយកម្ពុជាក្នុងការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ។
លោក ឡេ ឌឹកអាញ់ ទទួលបានការអប់រំនៅក្នុងអតីតសហភាពសូវៀត(រុស្ស៊ីបច្ចុប្បន្ន)និងពិការភ្នែកមួយចំហៀងនិងធ្លាប់បានកាន់តួនាទីយោធា ខុសគ្នាៗក្នុងអំឡុងសង្គ្រាមវៀតណាម ។ ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមចាត់ទុកលោក ឡេ ឌឹកអាញ់ ជាបុគ្គលមួយរូប ដែលបានជួយរំដោះ ទីក្រុងសៃហ្គន (Saigon - ទីក្រុងហូជីមិញបច្ចុប្បន្ន) នៅក្នុងប្រតិបត្តិការវាយនិងផ្តួលរំលំរដ្ឋាភិបាលវៀតណាមខាងត្បូងដែលគាំទ្រដោយអាមេរិក ។
នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធលោក ឡេ ឌឹកអាញ់ សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញសរសេរលើសៀវភៅក្រាំងមាសនៃការចូលរួមមរណទុក្ខ ជូន ចំពោះរដ្ឋ រដ្ឋាភិបាល គ្រូសារសព និងប្រជាជនវៀតណាមដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅថា៖ «អ៊ំ ឡេ ឌឹកអាញ់ ជាទីគោរព ខ្ញុំនិងគណៈប្រតិភូ បក្ស រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជាបានមកជូនដំណើរអ៊ំជាលើកចុងក្រោយដែលគ្មានពេលនឹងបានជួបវិញ។ តាំងពីបានជួបគ្នាលើកដំបូងនា ដើមឆ្នាំ ១៩៧៨ នៅមន្ទីរពេទ្យ ថុងញិត ក្រុងហូជីមិញ រហូតមកដល់ពេលនេះរូបអ៊ំផ្ទាល់រួមជាមួយកងទ័ពនិងប្រជាជនវៀតណាមបានជួយដល់ ប្រជាជនកម្ពុជាច្រើនណាស់ ។ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានកសាងឡើងក្រោមការជួយឧបត្ថម្ភផ្ទាល់ពីសំណាក់ លោកអ៊ំ ដែលពេលនោះលោកអ៊ំ ជាមេបញ្ជាការយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាម។ការរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ការកសាងកម្ពុជាឡើងវិញពិសេសការរីកធំធាត់នៃកងទ័ពកម្ពុជា ។ល។ សុទ្ធតែមានការរួមចំណែករបស់លោកអ៊ំ។ ក្នុងពេលបំពេញភារកិច្ចនៅកម្ពុជាលោកអ៊ុំបានតំណាងឲ្យបក្សរដ្ឋាភិបាលនិងកងទ័ពស្ម័គ្រចិត្ត វៀតណាម អនុវត្តបានយ៉ាងពេញលេញនូវគោលការណ៍ គោរពឯករាជ្យ អធិបតេយ្យភាពកម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់នូវការជ្រើសរើសរបស់ប្រជា ជនកម្ពុជា នូវប្រព័ន្ធនយោបាយ សេដ្ឋកិច្ចសង្គមរបស់កម្ពុជា ។ ក្នុងពេលបំពេញមុខងារជាប្រធានរដ្ឋវៀតណាមលោកអ៊ំជាមនុស្សម្នាក់ដែលបាន រួមជាមួយបក្សរដ្ឋាភិបាល កងទ័ព និង ប្រជាជនវៀតណាមជំរុញនូវទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ឲ្យរីកចម្រើន យ៉ាងឆាប់រហ័ស ។ តាំងពីពេលស្គាល់គ្នារហូតមកដល់ពេលបែកគ្នាលោកអ៊ំ តែងយកចិត្តទុកដាក់ដល់រូបខ្ញុំ ភរិយា និងកូនៗរបស់ខ្ញុំ ដូចឪពុក និងកូន ជីតានិងចៅ ។ ខ្ញុំនៅចាំបានថានៅក្នុងគ្រាដែលខ្ញុំលំបាកបំផុតពេលកងសាងកងទ័ពដំបូង លោកអ៊ំបានផ្តល់នូវការឧបត្ថម្ភគ្រប់យ៉ាងដើ ម្បីឲ្យកងទ័ពកម្ពុជាបានរីកធំធាត់យ៉ាងឆាប់រហ័ស ។ លោកអ៊ំមិនពិសាបារីទេតែលោកអ៊ំមិនភ្លេចផ្ញើបារីឲ្យខ្ញុំដោយសារអ៊ំដឹងថាខ្ញុំជាអ្នកជក់បារី ច្រើន។ លោកអ៊ំតែងផ្តល់យោបល់ឲ្យខ្ញុំថែសុខភាព ។ ក្នុងឋានៈជាអ្នកនយោបាយមួយរូបនិងជាមេបញ្ជាការកងទ័ពមួយរូបខ្ញុំបានចាត់ទុកលោក អ៊ំ ជាអ្នកកំពូលយុទ្ធសាស្ត្រលើផ្នែកយោធានិងនយោបាយដែលខ្ញុំពុំទាន់ជួបមនុស្សផ្សេងទៀតនៅតាមប្រទេសនានានៅឡើយ ។ សូមគោរពលា និងជូនដំណើរលោកអ៊ំ ដោយក្តីអាឡោះអាល័យជាមួយនឹងទុក្ខដ៏ក្រៀមក្រំបំផុត។
ហាណូយ ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០១៩ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕»
Source: Kampuchea Thmey Daily
0 Comments