អ្នករចនាម៉ូដ Kate Spade ដែលជាឈ្មោះដ៏ល្បីល្បាញមួយនៅក្នុងវិស័យរចនាម៉ូដអាមេរិកជាពិសេសត្រូវបានគេស្គាល់សម្រាប់កាបូបដៃរលោងរបស់នាង គឺត្រូវបានគេប្រទះឃើញស្លាប់កាលពីថ្ងៃអង្គារនៅក្នុងផ្ទះល្វែងក្រុងញូវយ៉ករបស់នាង។ នាងមានអាយុ៥៥ឆ្នាំ។
អ្នកនាំពាក្យរបស់ប៉ូលិសបាននិយាយថា លោកស្រី Spade បានធ្វើអត្តឃាតប៉ុន្តែបានប្រាប់ AFP ថា កាលៈទេសៈពិតប្រាកដនៃការស្លាប់របស់នាងគឺមិនទាន់ច្បាស់លាស់នៅឡើយទេ។
ប្រភពមួយដែលជិតស្និទ្ធនឹងការស៊ើបអង្កេតបាននិយាយថា នាងបានបន្សល់ទុកលិខិតមួយនៅក្នុងអាផាតមេន Park Avenue របស់នាង។
សាច់ញាតិរបស់ Spade បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេពិតជាក្តុកក្តួលចិត្តយ៉ាងខ្លាំងដោយសារតែសោកនាដកម្មថ្ងៃនេះ។ នាងបានទៅចោលប្ដីនិងកូនស្រីជំទង់ម្នាក់។
តារាល្បីៗនិងស្ត្រីនៅទូទាំងពិភពលោកបានធ្វើការឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់នាងហើយបានសរសើរដល់រចនាប័ទ្មអាមេរិករបស់នាងដែលមានភាពរស់រវើកទាន់សម័យ។ ក្រុមប្រឹក្សាវិចិត្រសិល្បៈរបស់អាមេរិកក៏បានសាទរដល់ការងាររបស់នាង Spade ផងដែរ។
លោកស្រី Spade ដែលមានស្រុកកំណើតនៅ Missouri ហើយដំបូងឡើយធ្វើការជាអ្នកសារព័ត៌មានគឺបានចាប់ផ្តើមដាក់ម៉ាកសំគាល់របស់នាងនៅឆ្នាំ១៩៩៣ជាមួយស្វាមីរបស់នាងឈ្មោះ Andy និងមានជំនួយពីអ្នកវិនិយោគខាងក្រៅ។
ការប្រើប្រាស់ពណ៌ស្រស់ឆើតឆាយនិងការបោះពុម្ពរបស់នាងបានបង្ហាញពីភាពជោគជ័យជាមួយស្ត្រីអាជីព។
ម៉ាកយីហោដែលដំបូងត្រូវបានលក់នៅហាងជាច្រើនក្នុងទីក្រុងញូវយ៉កគឺបានបើកដំណើរការរបស់ខ្លួននៅក្នុងសង្កាត់ Soho របស់ទីក្រុងនេះកាលពីឆ្នាំ១៩៩៦។
ការរចនាម៉ូដរបស់នាងបានតំណាងឲ្យសោភ័ណភាពក្រុងញូវយ៉កដោយសារតែការលាយបញ្ចូលគ្នារវាងសម័យទំនើបនិងបុរាណ។ វាក៏ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយទីក្រុងនេះផងដែរដែលនៅទីបំផុតនាងបានបន្ថែមឈ្មោះរបស់វាទៅនឹងម៉ាករបស់នាងថា Kate Spade New York ៕ AFP
Source: Kampuchea Thmey Daily
0 Comments