Ad Code

អាមេរិក​បន្ទោស​កាណាដា​ ចំពោះ​បរាជ័យ​នៅ​កិច្ចប្រជុំ G7 ដោយ​និយាយ​ថា លោក Trudeau “​ចាក់​យើង​ពីក្រោយ​ខ្នង​”



កាលពី​ថ្ងៃអាទិត្យ សហរដ្ឋអាមេរិក​បាន​ស្តីបន្ទោស​ប្រទេស​កាណាដា​ចំពោះ​ការបញ្ចប់​ទៅដោយ​មហន្ត​រាយ​ដល់​កិច្ចប្រជុំ​កំពូល G7 ដោយ​និយាយថា លោកនាយក​រដ្ឋមន្ត្រី Justin Trudeau បាន “​ចាក់​យើង​ពីក្រោយ​ខ្នង​” ខណៈ​សម្ព័ន្ធមិត្ត​អាមេរិក​បានប្រគល់​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​បរាជ័យ​នេះ​។​

ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បន្ទាប់ពី​សេចក្តីថ្លែងការណ៍​រួម G7 ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​នៅក្នុង​ទីក្រុង​កេ​ប៊ិច​, លោក​ប្រធានាធិបតី Donald Trump បាន​បើក​ការវាយប្រហារ​តាម Twitter ដោយ​ដកស្រង់​មតិយោបល់​ដែល​ធ្វើឡើង​ដោយ​លោក Trudeau ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​និង​បាន​និយាយថា លោក​បាន​ណែនាំ​តំណាង​របស់​អាមេរិក​មិន​ឲ្យ​គាំទ្រ​ដល់​ការចេញផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន​រួម​។​

ក្រុម​របស់លោក Trump បាន​បន្ត​ការរិះគន់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​កាលពី​ថ្ងៃអាទិត្យ​។​
​ទីប្រឹក្សា​សេដ្ឋកិច្ច​កំពូល​របស់​សហរដ្ឋអាមេរិក​លោក Larry Kudlow បាន​និយាយ​ក្នុង​កម្មវិធី “State of the Union” របស់​ទូរទស្សន៍ CNN ថា លោក Trudeau “​ពិតជា​ចាក់​យើង​ពីក្រោយ​ខ្នង​មែន​។ គាត់​បានធ្វើ​ឲ្យ​ខូចខាត​ដល់​កិច្ចប្រជុំ G7 ទាំងមូល​”​។​

ចំណែក​ទីប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក​លោក Peter Navarro បាន​ថ្លែង​ក្នុង​កម្មវិធី Fox News Sunday ដោយបាន​គាំទ្រ​ចំពោះ​សារ​នេះ​។ លោក​បាន​និយាយថា “​មាន​កន្លែង​ពិសេស​មួយ​នៅ​នរក​សម្រាប់​មេដឹកនាំ​បរទេស​ណា​ដែល​ចូលរួម​ក្នុង​កិច្ចការ​ការទូត​មិនល្អ​ជាមួយ​លោក​ប្រធានាធិបតី Donald J. Trump ហើយ​បន្ទាប់មក​ព្យាយាម​វាយ​គាត់​នៅ​ពីក្រោយ​ខ្នង​តាមផ្លូវ​ចេញ​”​។​

លោក Trump បាន​ទៅដល់​ប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃអាទិត្យ​សម្រាប់​កិច្ចប្រជុំ​កំពូល​នៅ​ថ្ងៃ​អង្គារ​ជាមួយ​លោក​គីម​។​

មុនពេល​គាត់​ចាក​ចេញពី​ប្រទេស​កាណាដា​នៅ​មួយ​ថ្ងៃមុន​នោះ គាត់​បាន​បង្ហោះ Twitter ថា “​ផ្អែកលើ​សេចក្តីថ្លែងការណ៍​មិន​ពិត​របស់លោក Justin នៅក្នុង​សន្និសីទ​សារព័ត៌មាន​របស់គាត់​និង​ការពិត​ដែលថា កាណាដា​កំពុង​វាយ​ពន្ធ​ដ៏​ធំធេង​ចំពោះ​កសិករ កម្មករ និង​ក្រុមហ៊ុន​អាមេរិក​របស់​យើង​នោះ ខ្ញុំ​បាន​បង្គាប់​ឲ្យ​តំណាង​អាមេរិក​កុំ​គាំទ្រ​ដល់​សេចក្តីថ្លែងការណ៍​នោះ​”​។​
​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការលុបចោល​ការគាំទ្រ​របស់លោក Trump សម្រាប់​សេចក្តីថ្លែងការណ៍​រួម​របស់ G7 “​គឺ​គួរ​ឲ្យ​ព្រួយបារម្ភ​និង​ខកចិត្ត​បន្តិចបន្តួច​” ប៉ុន្តែ​វា​មិនមែនជា​ទីបញ្ចប់​នៃ​ក្រុម G7 នោះទេ​។​

លោក Trump បាន​និយាយថា លោក Trudeau ធ្វើជា​ស្លូតបូត​និង​ចាស់ទុំ​ក្នុងអំឡុង​កិច្ចប្រជុំ G7 ដើម្បី​ផ្តល់នូវ​សន្និសីទ​ព័ត៌មាន​តែប៉ុណ្ណោះ​។ តាមពិត​គាត់​មិន​ស្មោះត្រង់​ទេ​និង​ខ្សោយ​បំផុត ។​

បន្ទាប់ពី​លោក Trump បាន​បង្ហោះ Twitter ទាំង​ខឹងសម្បា​, ការិយាល័យ​របស់លោក Trudeau បាន​បញ្ចេញ​នូវ​ការឆ្លើយតប​ខ្លី​មួយ​ថា “​យើង​ផ្តោតទៅលើ​អ្វី​ទាំងអស់​ដែល​យើង​បានធ្វើ​នៅទីនេះ​នៅឯ​កិច្ចប្រជុំ​កំពូល G7 ”​។​

កាលពី​ថ្ងៃអាទិត្យ​លោក Trudeau មិន​អើពើ​នឹង​ពាក្យ​ស៊កសៀត​ពី​ទីប្រឹក្សា​របស់លោក Trump ដែល​ភ្ជាប់​ទំនាក់ទំនង​ទៅនឹង​សេចក្តីថ្លែងការណ៍ G7 ទេ​ហើយ​បាន​សរសើរ​ដល់​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​និង​មាន​សារសំខាន់​ដែល​ពួកគេ​ទាំងអស់គ្នា​បាន​ឈានដល់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu