នៅក្នុងខែវិច្ឆិកា ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបើកមូលដ្ឋានយោធារបស់ខ្លួនជាលើកដំបូងនៅក្នុងទ្វីបអាហ្វ្រិក។ កាសែតរបស់អាល្លឺម៉ង់ Deutsche Wirtschaft Nachrichten (DWN) បានសរសេរថា ទង្វើបែបនេះនឹងអាចធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងគ្រប់គ្រង “ផ្លូវដឹកជញ្ជូន” ដ៏សំខាន់បំផុតនៅក្នុងពិភពលោក។
កាសែតនេះបានរាយការណ៍ថា ប្រទេសចិនបានប្រើប្រាស់យុទ្ធសាស្ត្រមិនច្បាស់លាស់បែបនេះជាយូរមកហើយ ប្រកបដោយជោគជ័យ ដើម្បីក្លាយជាមហាអំណាច។
សារៈសំខាន់របស់ប្រទេសចិនត្រូវបានមើលឃើញរួចទៅហើយ នៅក្នុងស្ថាប័នហិរញ្ញវត្ថុ ដែលគ្របដណ្ដប់ដោយអាមេរិក។ ជាឧទាហរណ៍ IMF បានបន្ថែមប្រាក់យ័ន ដែលជារូបិយប័ណ្ណរបស់ចិនចូលទៅក្នុងកញ្ចប់នៃរូបិយប័ណ្ណបម្រុងរបស់ខ្លួន។ លើសពីនេះទៅទៀត ប្រទេសចិនបានបង្កើតស្ថាប័នហិរញ្ញវត្ថុផ្ទាល់របស់ខ្លួនគឺធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីជំនួសស្ថាប័នដែលដឹកនាំដោយសហរដ្ឋអាមេរិក។
នៅពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលក្រុងប៉េកាំងក៏កំពុងបន្តយុទ្ធសាស្ត្រដ៏ឆ្លាតមួយផងដែរ នៅក្នុងវិស័យយោធា និងភូមិសាស្ត្រនយោបាយ។ នៅក្នុងមជ្ឈិមបូព៌ា ប្រទេសចិនបានចូលរួមសម្ព័ន្ធភាពជាមួយប្រទេសរុស្ស៊ី ខណៈដែលនៅក្នុងទ្វីបអាហ្វ្រិក ចិនគ្រោងនឹងសាងសង់មូលដ្ឋានយោធាដំបូងរបស់ខ្លួននៅប្រទេស ជីប៊ូទី ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយនិងជាដែនដីមានសារៈសំខាន់ជាយុទ្ធសាស្ត្រនៅលើពិភពលោក។
ការពង្រីកសកម្មភាពរបស់ប្រទេសចិនទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចបានបង្កការព្រួយបារម្ភដល់សហរដ្ឋអាមេរិក ដែលភ័យខ្លាចថា ពួកគេអាចនឹងបាត់បង់តំណែងរបស់ខ្លួនក្នុងនាមជាមហាអំណាចតែមួយគត់ក្នុងលំដាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ៕
Sputnik
ចិន អាចយកឈ្នះអាមេរិកក្លាយជាមហាអំណាចពិភពលោក
0 Comments