Ad Code

បើក​ម៉ូតូ​ឡើង​ពី​ផ្លូវលំ​ចូល​ផ្លូវជាតិ​មិន​ប្រយ័ត្ន​ ទៅ​បុក​រថយន្ត​ធុន​ធំ​ចំពាក់​កណ្ដាល ​មាន​ស្លាប់ ​និង​របួស​គួរ​ឲ្យ​សង្វេគ



តាកែវ​ ៖​ មាន​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​មួយ​រំពេច​ ដោយឡែក​ម្នាក់ទៀត​ ដែល​រួម​ដំណើរ​ខាងក្រោយ​ បាន​រងរបួស​ធ្ងន់ ក្រោយពី​បើក​ម៉ូតូ​ទៅ​បុក​រថយន្ត​ធុន​ធំ​ចំពាក់​កណ្តាល​ខណៈដែល​បើក​ចេញពី​ផ្លូវលំ​ចូល​ផ្លូវជាតិ​មិន​ប្រយ័ត្ន។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅលើ​ផ្លូវជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​៩៤-៩៥ ស្ថិតនៅ​ភូមិ​ប្រាំបី​មុំ ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ។

ប៉ូលិស​ស្រុក​ទ្រាំង​បាន​ប្រាប់​ថា ពិតជា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​​ឡើង​ដោយ​ម៉ូតូ​១​គ្រឿង​បុក​នឹង​រថយន្ត​ប្រាកដ​មែន ដែល​ភាគី​ម៉ូតូ​បើកបរ​ដោយ​ឈ្មោះ ប្រាក់ ភឿន ភេទ​ប្រុស រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ​និង​អ្នករួមដំណើរ​ម្នាក់​ខាងក្រោយ រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តតាកែវ​។ ចំ​ណែ​ក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក​លេខ តាកែវ 3A 2965 (​អ្នកបើកបរ​គេចខ្លួនបាត់​ក្រោយ​កើតហេតុ​)។

ក្រោយ​កើតហេតុ​ ប៉ូលិស​ស្រុក​ទ្រាំង ​បាន​ចុះ​វាស់វែង​ធ្វើ​កំណត់ហេតុ​ និង​បាន​យក​វត្ថុ​តាង​ទាំង​២​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ចំណែក​សព​ជនរងគ្រោះ​ដែល​ស្លាប់​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu