Ad Code

ស្ថាប័ន​សិទ្ធិមនុស្ស​កម្ពុជា​ បញ្ចប់​របាយការណ៍ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ហើយ​គ្រោង​ឡើង​ការពារ​នៅ អសប នា​ពេល​ឆាប់ៗ​ខាងមុខ



ភ្នំពេញ​ ៖ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​អះអាងថា ខ្លួន​បានបញ្ចប់ និង​បានដាក់​របាយការណ៍​ទី​៥ នៃ​ការអនុវត្ត​​​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ជូន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​រួចហើយ តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩​។​

ការបញ្ជាក់​ពី​ការបញ្ចប់ និង​ការដាក់​របាយការណ៍​នេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​សេចក្ដីប្រកាស​របស់​ខ្លួន ​កាលពី​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០១៩​។​

តាម​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ក្លាយ​ជា​រដ្ឋ​ភាគី ​នៃ​កតិកាសញ្ញា​អន្តរជាតិ ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​១៩៩២ និង​បានដាក់​របាយការណ៍​លើកដំបូង​ជូន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​១៩៩៨​។ របាយការណ៍​ផ្គួប លើក​ទី​២ ទី​៣ និង​ទី​៤ បានដាក់​នៅក្នុង​ខែកញ្ញា ឆ្នាំ​២០១២ និង​ត្រូវបាន​គណៈកម្មាធិការ​ធ្វើ​ការពិនិត្យ​ក្នុងសម័យ​ប្រជុំ​លើក​ទី​៣១៥៧ នៅ​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៥​។ នៅក្នុង​ការពិនិត្យ​នោះ គណៈកម្មាធិការ​បានអនុម័ត​សេចក្តី​សង្កេត​សន្និដ្ឋាន ដែល​បានផ្ដល់​អនុសាសន៍​ចំនួន​៣១​ចំណុច ស្នើ​ឲ្យ​កម្ម​កម្ពុជា​យកមកអនុវត្ត​បន្ត​។​

បន្ទាប់ពី​ទទួលបាន​អនុសាសន៍​ទាំង​៣១​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​ជាមួយ​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​ធ្វើការ​ពិនិត្យ​សិក្សា និង​ពិគ្រោះ​យោបល់ ដើម្បី​បែងចែក​អនុសាសន៍​ទាំងនោះ​ដល់​ក្រសួង ស្ថាប័ន ទទួលបន្ទុក​យកទៅអនុវត្ត និង​បញ្ជូន​របាយការណ៍​ស្តីពី​សមិទ្ធផល​សម្រេច​បាន​មក​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​វិញ​។​

ជា​លទ្ធផល គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ប្រមូល និង​ចងក្រង​របាយការណ៍​ឆ្លើយតប ស្ដីពី​វឌ្ឍនភាព​ នៃ​ការអនុវត្ត​អនុសាសន៍​ខាងលើ​របស់​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​នីមួយៗ​ទៅជា​ពង្រាង​របាយការណ៍​លើក​ទី​៥​។ បន្ទាប់មក​បាន​រៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង កម្រិត​បច្ចេកទេស ដើម្បី​ពិនិត្យ និង​កែតម្រូវ​លើ​ពង្រាង​របាយការណ៍​នេះ រួច​ដាក់​ធ្វើការ​ពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល មុននឹង​ដាក់​ជូន​កិច្ចប្រជុំ​អន្តរក្រសួង កម្រិត​នយោបាយ​ពិនិត្យ និង​សម្រេច ហើយ​ជាក់ស្ដែង​របាយការណ៍​លើក​ទី​៥​នេះ ត្រូវ​បាន​ពិនិត្យ និង​សម្រេច​ដោយ​កិច្ចប្រជុំ​អន្តរក្រសួង ​កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៩​។​

សូមបញ្ជាក់ថា ខ្លឹមសារ​សំខាន់ៗ ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​របាយការណ៍​ខាងលើ ជា​ការ​បូក​សរុប និង​សង្ខេប​ទាក់ទង​ទៅនឹង​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្តិ កម្មវិធី​នយោបាយ ផែនការ​យុទ្ធ​​សាស្ត្រ ផែនការ​សកម្មភាព តួលេខ​ផ្សេងៗ បញ្ហា​ប្រឈម និង​យុទ្ធសាស្ត្រ​ជាដើម​។​

បន្ទាប់ពី​ការ​បញ្ជូន​របាយការណ៍​ខាងលើ​រួចរាល់​ហើយ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាននិង​កំពុង​ត្រៀមលក្ខណៈ​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ទៅ​ការពារ​របាយការណ៍​នេះ នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅពេលដែល​ទទួលបាន​ការជូនដំណឹង​ពី​គណៈកម្មាធិការ​នេះ អំពី​កាលបរិច្ឆេទ​នៃ​សម័យប្រជុំ ពិនិត្យ​លើ​របាយការណ៍​លើក​ទី​៥​របស់​កម្ពុជា​។​

សេចក្ដីប្រកាស​ព័ត៌មាន​បាន​អះអាងថា ក្រៅពី​របាយការណ៍​ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា មាន​ភារកិច្ច​ក្នុង​ការ​ធ្វើ​របាយការណ៍​សិទ្ធិមនុស្ស​ចំនួន​៤​ផ្សេង​ទៀត សម្រាប់​ដាក់ជូន​អង្គការសហប្រជាជាតិ ដែល​រួមមាន ទី​១, របាយការណ៍​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR)។ ទី​២, របាយការណ៍​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌។ ទី​៣, របាយការណ៍​ស្ដីពី​ការ​លុបបំបាត់​រាល់​ទម្រង់​ នៃ​ការរើសអើង​ពូជសាសន៍​។ និង​ទី​៤, របាយការណ៍​ស្ដីពី​ការ​ការពារ​ជន​គ្រប់រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu