Ad Code

អារ៉ាប៊ីសាអ៊ូឌីត​ ចាប់ខ្លួន​សកម្មជន​ច្រើន​នាក់​ទៀត ​រួមទាំង​ពលរដ្ឋ​អាមេរិក​២​នាក់​ផងដែរ



មនុស្ស​ម្នាក់​ដែល​ដឹង​អំពី​ការចាប់ខ្លួន ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៨​នាក់​ ដោយ​ក្នុងនោះ​រួមមាន​ទាំង​កូនកាត់​អារ៉ាប៊ីសាអ៊ូឌីត​-​អាមេរិក​ពីរ​នាក់​ផងដែរ​ នៅក្នុង​ការចាប់ខ្លួន​ថ្មី​មួយ​នៅក្នុង​ប្រទេស​នេះ​ ដែល​សំដៅ​ទៅលើ​បុគ្គល​ណា​ដែល​គាំទ្រ​សិទ្ធិនារី​និង​អ្នក​ដែលមាន​ទំនាក់ទំនង​ជាមួយ​សក​ម្ម​ជន​ជាប់ពន្ធនាគារ​។​

វា​គឺជា​ការចាប់ខ្លួន​លើកដំបូង​លើ​បុគ្គល​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នក​រិះគន់​ដល់​រាជទាយាទ Mohammed bin Salman ចាប់តាំងពី​ការសម្លាប់​អ្នកកាសែត Jamal Khashoggi ក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ខែតុលា​។​

ការចាប់ខ្លួន​នេះ​បានកើត​ឡើង​បើទោះបីជា​មានការ​ថ្កោលទោស​ជាស​កល​ជុំវិញ​ការសម្លាប់​លោក Khashoggi ដោយ​ភ្នាក់ងារ​អារ៉ាប៊ីសាអ៊ូឌីត​នៅក្នុង​ប្រតិបត្តិការ​មួយ​ដែល​ដឹកនាំ​ដោយ​អតីត​ជំនួយការ​កំពូលៗ​របស់​រាជទាយាទ​ក៏ដោយ​។​

អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​គឺ​មិន​ត្រូវបាន​គេ​មើលឃើញថា​ជា​សកម្មជន​ជួរមុខ​ទេ​។ ពួកគេ​គឺជា​អ្នកនិពន្ធ​និង​ជា​អ្នកតស៊ូ​មតិ​ដែល​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កំណែទម្រង់សង្គម​ហើយ​ភាគច្រើន​មាន​ទំនាក់​ទំនងជា​មួយក្រុម​សកម្មជន​សិ​ទិ្ធ​នារី​ដែល​កំពុង​ទទួល​ការជំនុំជម្រះ​ក្តី​។​

អ្នក​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំងនោះ​រួមមាន​ស្ដ្រី​មាន​ផ្ទៃពោះ​ម្នាក់​និង​បុរស​ប្រាំពីរ​នាក់​ដែល​ក្នុងនោះ​មានកូន​កាត់​អាមេរិក​-​អារ៉ាប៊ីសាអ៊ូឌីត​ពីរ​នាក់​ឈ្មោះ Badr al-Ibrahim ដែលជា​អ្នកនិពន្ធ​និង​ជា​គ្រូពេទ្យ​និង​ឈ្មោះ Salah al-Haidar ដែលមាន​ម្ដាយ​ជា​សកម្មជន​សិទ្ធិនារី​ដ៏​លេចធ្លោ​ម្នាក់​ឈ្មោះ Aziza al-Yousef ដែល​ទើបតែ​ត្រូវបាន​ដោះលែង​ជា​បណ្តោះអាសន្ន​ពី​ពន្ធនាគារ​។​

កូនកាត់​អាមេរិក​-​អារ៉ាប៊ីសាអ៊ូឌីត​ទី​៣​ឈ្មោះ Walid al-Fitaihi នៅតែ​ជាប់ពន្ធនាគារ​ក្នុងប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ចាប់តាំងពី​ចុងឆ្នាំ​២០១៧​មក​នៅពេលដែល​រាជទាយាទ​បាន​ឃុំខ្លួន​ពាណិជ្ជករ ព្រះអង្គ​និង​មន្ត្រី​ជាង​១០០​នាក់​នៅក្នុង​យុទ្ធនា​ការប្រឆាំង​អំពើពុករលួយ​មួយ​។​

ស្ទើរតែ​ទាំង​អស់នៃ​អ្នក​ដែល​ត្រូវបាន​គេ​ឃុំខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​គឺ​ត្រូវបាន​គេ​នាំ​ចេញពីផ្ទះ​របស់​ពួកគេ​នៅក្នុង​រាជធានី​រី​យ៉ា​ដ​៕ AP

​ 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu