មន្ត្រីសហភាពអឺរ៉ុបជាន់ខ្ពស់មួយរូបបាននិយាយថា ប្រមុខមេដឹកនាំសហភាពអឺរ៉ុបលោក Donald Tusk ទំនងជាផ្តល់ឲ្យចក្រភពអង់គ្លេសនូវការពន្យារពេលនៃការចាកចេញរបស់ប្រទេសនេះពីសហភាពអឺរ៉ុបរហូតដល់ទៅមួយឆ្នាំ។
មន្ត្រីដដែលបាននិយាយថា ជម្រើសនេះអាចត្រូវបានបង្ហាញទៅកាន់នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May នៅឯកិច្ចប្រជុំកំពូល EU ស្តីពី Brexit នៅថ្ងៃទី១០ខែមេសាក្នុងទីក្រុងប្រ៊ូសសែល។ ប្រសិនបើលោកស្រី May ទទួលយក ចក្រភពអង់គ្លេសនឹងត្រូវរៀបចំការបោះឆ្នោតសភាអឺរ៉ុបនៅក្នុងខែឧសភា។
មន្ត្រីរូបនេះបាននិយាយថា “មធ្យោបាយសមហេតុផលតែមួយគត់គឺជាការពន្យារពេលយូរប៉ុន្តែអាចបត់បែនបាន”។ មន្ត្រីដដែលបន្តថា “យើងអាចផ្តល់ឲ្យចក្រភពអង់គ្លេសនូវការពន្យាររយៈពេលមួយឆ្នាំប៉ុន្តែត្រូវបញ្ចប់ដោយស្វ័យប្រវត្តិនៅពេលដែលកិច្ចព្រមព្រៀងដកខ្លួនត្រូវបានទទួលយកនិងផ្តល់សច្ចាប័នដោយសភា”។
មន្ត្រីបន្ថែមថា “ហើយបើទោះបីជាវាមិនអាចទៅរួចក៏ដោយ ចក្រភពអង់គ្លេសនៅតែមានពេលវេលាគ្រប់គ្រាន់ដើម្បីគិតឡើងវិញអំពីយុទ្ធសាស្ត្រ Brexit របស់ខ្លួន។ វាហាក់ដូចជាសេណារីយ៉ូដ៏ល្អសម្រាប់ភាគីទាំងពីរព្រោះវាផ្តល់ឲ្យចក្រភពអង់គ្លេសនូវភាពបត់បែនចាំបាច់”។
ការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេសឥឡូវនេះកំពុងស្ថិតនៅក្នុងភាពមន្ទិលសង្ស័យព្រោះសភាអង់គ្លេសមិនអាចសម្រេចបានថាតើលក្ខខណ្ឌនៃការចាកចេញណាដែលខ្លួនចង់បាន, ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះមុនកាលបរិច្ឆេទ Brexit បច្ចុប្បន្ននៅថ្ងៃទី១២ខែមេសា។
លោកស្រី May បានស្នើសុំចុះចេញពីតំណែងដើម្បីឲ្យកិច្ចព្រមព្រៀងរបស់លោកស្រីត្រូវបានអនុម័តប៉ុន្តែវាត្រូវរងបរាជ័យជាលើកទី៣កាលពីថ្ងៃសុក្រសប្តាហ៍មុនដែលជាថ្ងៃអង់គ្លេសត្រូវចាកចេញពីសហភាពអឺរ៉ុបតាមការកំណត់លើកដំបូង។
បច្ចុប្បន្ន លោកស្រីកំពុងចរចាជាមួយមេដឹកនាំគណបក្សប្រឆាំងលោក Jeremy Corbyn ដើម្បីស្វែងរកផ្លូវចេញពីការជាប់គាំងនេះប៉ុន្តែវាមិនច្បាស់ទេថាតើពួកគេអាចស្វែងរកដំណោះស្រាយមួយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះបានដែរឬក៏អត់៕ REUTERS
Source: Kampuchea Thmey Daily
0 Comments