Ad Code

ម៉ន សា​ម៉េ​ត និង ធន អៀង​ឡៃ អ្នកណា​ជា​ម្ចាស់​ពាន​ជើងឯក TV5 Knock Out Series ទម្ងន់​៥៧​គីឡូក្រាម​



ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​ជើងឯក TV5 Boxing Knock Out Series by K.cement ទម្ងន់​៥៧​គីឡូក្រាម​នៅ​សង្វៀន TV5 ព្រែកកំពឹស នា​យប់​ថ្ងៃទី ២៣ កុម្ភៈ ២០១៩ នេះ បាន​ឈាន​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ។

ម៉ន សា​ម៉េ​ត អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ និង ធន អៀង​ឡៃ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ពួកគេ​ទាំងពីរ​នឹងត្រូវ​ប្រជែង​គ្នា ដើម្បី​យក​តំណែង​ជា​ម្ចាស់​ពានរង្វាន់​ជើងឯក TV5 Knock Out Series ទម្ងន់​៥៧​គីឡូក្រាម​នេះ។

ម៉ន សា​ម៉េ​ត ឆ្លងកាត់​ការប្រកួត​ជម្រុះ​៤​ដំណាក់កាល​កន្លងមក គេ​វាយ​ឈ្នះ​ទាំង​៤​ប្រកួត​។ លើក​ទី​១ គេ​ឈ្នះ ឯម អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ​ដោយ​ពិន្ទុ , លើក​ទី​២ ឈ្នះ​រឿន សុខលី ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ក្នុង​ទឹក​ទី​២, លើក​ទី​៣ ឈ្នះ​យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ និង លើក​ទី​៤ ដែលជា​ការប្រកួត​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ ម៉ន សា​ម៉េ​ត បានឈ្នះ​គួ​ន ប៊ុន​ហ៊ីម ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ក្នុង​ទឹក​ទី​៥ ។

ចំពោះ អ្នក​ប្រដាល់​ធន អៀង​ឡៃ វិញ គេ​ឈ្នះ​ទាំង​៤​ដំណាក់កាល​ដូចគ្នា​ដែរ​។ លើក​ទី​១ អៀង​ឡៃ វាយ​ឈ្នះ​អ្នក​ប្រដាល់​អេ រ៉ា​វ៉ាន់​ចាន់​រាជ ក្លិប​កុសល​កីឡា ដោយ​ពិន្ទុ , លើក​ទី​២ ឈ្នះ​សេក គឹម​សាន្ត ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ក្នុង​ទឹក​ទី​១ , លើក​ទី​៣ ឈ្នះ​សៀវ ង៉ុ​យ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ដោយ​ពិន្ទុ និង លើក​ទី​៤ ប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ វាយ​ឈ្នះ​បឺត សង្ឃឹម​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ក្នុង​ទឹក​ទី​១។

រវាង ម៉ន សា​ម៉េ​ត និង ធន អៀង​ឡៃ នេះ តាម​ការរំពឹងទុក​នោះ ម៉ន សា​ម៉េ​ត ប្រហែលជា​អ្នកយក​ពាន​ហើយ ។ តាម​ការកត់សម្គាល់​នោះ អ្នក​ប្រដាល់​ទាំងពីរ​រូបនេះ ពុំមាន​ប្រវត្តិ​ធ្លាប់​ជួបគ្នា​ទេ កន្លងមក ព្រោះ​សា​ម៉េ​ត គេ​ជា​អ្នក​ប្រដាល់​ជើងចាស់ ឯ ធន អៀង​ឡៃ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ។

ម៉ន សា​ម៉េ​ត គេ​មានប្រៀប​ឈ្នះ​ធន អៀង​ឡៃ ដោយសារ​គេ​មាន​ស្នៀត​កណ្តាប់ ជង្គង់ និង​កែង​ល្អ ហើយ​ពិសេស​នោះ គេ​មាន​កលល្បិច​ក្នុងការ​ប្រកួត​ដ៏​ប៉ិនប្រសប់ ដែល​អៀង​ឡៃ​ពិបាក​នឹង​ទប់ទល់ ។ ចាំមើល អ្នក​ដែលជា​ម្ចាស់​ពានរង្វាន់​ជើងឯក Knock Out TV5 Series ទម្ងន់​៥៧ គីឡូក្រាម​នេះ អាចជា ម៉ន សា​ម៉េ​ត ឬ ?។

សូមបញ្ជាក់ថា ម៉ន សា​ម៉េ​ត គេ​ធ្លាប់​ឈ្នះ​ជើងឯក​ខ្សែក្រវាត់ ហេតុនេះ​គេ​មិនធម្មតា​នោះឡើយ ។ ចំណែកឯ​ធន អៀង​ឡៃ គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ដោយ​គ្រាន់តែ​គេ​វាយ​ខ្លាំង និង​មានចិត្ត​ប្រដាល់​ធំ​ប៉ុណ្ណោះ។

ចំពោះ បឺត សង្ឃឹម អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដែល​ត្រូវ​ប្រកួត​ដណ្តើមយក​លេខ ៣ ជាមួយ គួ​ន ប៊ុន​ហ៊ីម ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង នោះ​វិញ ពុំ​ដឹងថា បាន​ទៅ​នរណា​នោះដែរ។

គួ​ន ប៊ុន​ហ៊ីម គេ​ជា​អ្នក​ប្រដាល់​ជើងចាស់ ដូច្នេះ​មិន​ប្រាកដថា​គេ​ចាញ់​បឺត សង្ឃឹម នោះទេ ។ តែ​ប៊ុន​ហ៊ីម ក៏​មិន​ច្បាស់​ថា​ឈ្នះ​បឺត សង្ឃឹម ដែរ ។ ដូច្នេះ ចាំមើល​តើ បឺត សង្ឃឹម ឬ គួ​ន ប៊ុន​ហ៊ីម ដែល​ឈ្នះ​បាន​ប្រាក់រង្វាន់​លេខ ៣ នេះ ?។

គួរ​បញ្ជាក់​ថា សម្រាប់​អ្នក​ទទួល​បាន​ពានរង្វាន់​ជើងឯក TV5 Knock Out Series ទម្ងន់ ៥៧ គីឡូក្រាម​នេះ នឹង​ទទួលបាន​ពាន ១ និង ទឹកប្រាក់​រង្វាន់​ចំនួន​៤.០០០​ដុល្លារ លេខ​២ បាន​ពាន​១ និង​រង្វាន់​អម ២.០០០​ដុល្លារ លេខ​៣ ពាន និង​រង្វាន់​អម​៧៥០​ដុល្លារ ហើយ​លេខ ៤ បាន​៥០០​ដុល្លារ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu