Ad Code

រថយន្ត​សាំង​យ៉ុង បុក​ម៉ូតូ​កង់​បី​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​ធ្ងន់​០២​នាក់ ស្រាល​០៣​នាក់



ភ្នំពេញ ៖ រថយន្ត​សាំង​យ៉ុង បុក​ម៉ូតូ​កង់​បី​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​ធ្ងន់​០២​នាក់ ស្រាល​០៣​នាក់ កាលពី​វេលា​ម៉ោង​១៣ និង​១០​នាទី ត្រូវ​នឹង​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រង់ចំណុច​ខាងជើង​ពេទ្យ លោកសង្ឃ លើផ្លូវ​ជាតិ​៥ ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ ​កើតឡើង​រវាង​រថយន្ត​ម៉ាក​(​សាំង​យ៉ុង​) ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2U.8204 ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង អ្នកបើកបរ​ឈ្មោះ មាស ផានិត ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ស្នាក់នៅ​ភូមិ​កំពង់​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្ត​កណ្តាល។ ចំណែក​ម៉ូតូ​កង់​បី ​ដែល​រងគ្រោះ​នេះ (​ម៉ូតូ​កង់​បី​អត់​លេខ​)​អ្នកបើកបរ និង​អ្នករួមដំណើរ​អត់​ស្គាល់​អត្តសញ្ញាណ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​បើកបរ​លឿន​ដែលមាន​ទិសដៅ​ស្រប​ទិស​គ្នា លុះ​មកដល់​កន្លែងកើតហេតុ​ បាន​បុក​ជាមួយ​ម៉ូតូ​កង់​បី​០១​គ្រឿង ម៉ូតូ​កង់​បី​អត់​លេខ អ្នកបើកបរ និង​អ្នករួមដំណើរ អត់​ស្គាល់​អត្តសញ្ញាណ ជនរងគ្រោះ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ ចំណែក​អ្នកបើកបរ​ត្រូវបាន​ឃាត់ខ្លួន។

ករណី​នេះ​ បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់ ០២​នាក់ ស្រាល​០៣​នាក់ ខូចខាត​រថយន្ត​ស្រាល​០១​គ្រឿង និង​ម៉ូតូ​កង់​បី​ធ្ងន់​០១​គ្រឿង មូលហេតុ​បណ្តាល​មក​ពី​​អ្នកបើកបរ​រថយន្ត បើកបរ​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទៅ​បុក​ពី​ក្រោយ​តែ​ម្តង ហើយ​ករណី​នេះ ​កម្លាំង​យើង​បាន​ប្រគល់​ឲ្យ​ការិយាល័យ​ជំនាញ​នគរបាល​ចរាចរណ៍​ផ្លូវគោក ចាត់ការ​បន្ត៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu