អ្នកប្រដាល់កម្ពុជាឡៅ ចន្ទ្រា ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ត្រូវគេផ្គូអោយជួបប្រកួតសាកកណ្តាប់ដៃជាមួយអ្នកប្រដាល់ថៃជើងខ្លាំងផ្លាយ ណយ (Phlay Noy Por. Pav In)នាយប់ថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។ អ្នកទាំងពីរជួបគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។
ផ្លាយ ណយ គេជាជើងខ្លាំងជើងចាស់ និងធ្លាប់ឈ្នះខ្សែក្រវាត់នៅស្រុកខ្មែរផងដែរ ។ អ្នកប្រដាល់ថៃរូបនេះ មានកំនត់ត្រាប្រកួតចំនួន១១៤លើក ដោយវាយឈ្នះ៩៥ លើក ចាញ់១៦លើក និងស្មើ០៣លើក ។ អ្នកប្រដាល់ថៃម្នាក់នេះ មានកាយសម្បទារឹងមាំ និងមានកម្ពស់ប្រហាក់ប្រហែលឡៅ ចន្ទ្រាដែរ គឺ១,៧០ម៉ែត្រដូចគ្នា ។ តែយ៉ាងណា មិនដឹងថាផ្លាយ ណយ អាចយកឈ្នះអ្នកប្រដាល់កម្ពុជាឡៅ ចន្ទ្រា ឬអត់នោះទេ? ។
យ៉ាងណា ផ្លាយ ណយ មកជួបឡៅចន្ទ្រាលើកនេះ មិនជាស្រួលខ្លួនប៉ុន្មានទេ ព្រោះថា ចន្ទ្រាគេល្អទាំងកណ្តាប់ដៃ ជង្គង់ និងកែង ។ ចន្ទ្រាធ្លាប់ជួបប្រកួតជាមួយថៃជាង៥០ លើកហើយកន្លងមក ដែលការប្រកួតចុងក្រោយរបស់គេ នៅសង្វៀនបាយ័នស្ទឹងមានជ័យនេះ គឺវាយឈ្នះអ្នកប្រដាល់ថៃ និល លូកម៉ាខាមវ៉ាន ដោយពិន្ទុ ។
ចន្ទ្រា គេទទួលជោគជ័យជាបន្តបន្ទាប់ ក្នុងការប្រកួតជាមួយអ្នកប្រដាល់ថៃកន្លងមក ។ តែលើកនេះ ចន្ទ្រាត្រូវជួបជើងខ្លាំងលើសគូប្រកួតលើកមុនទៅទៀត ហេតុនេះមិនជាការងាយស្រួលប៉ុន្មានឡើយ ។
ទោះជាយ៉ាងណា ឡៅ ចន្ទ្រា គេធ្លាប់ជួបប្រកួតជាមួយថៃច្រើនហើយ ដូច្នេះបទពិសោធន៍របស់គេក៏មានច្រើនដែរ។ចាំមើល ការប្រកួតលើកនេះ ឡៅចន្ទ្រាអាចយកឈ្នះលើអ្នកប្រដាល់ថៃផ្លាយណយ រូបនេះបានដែរឬអត់ ? ។
ចំណែក អ៊ូច ធារិទ្ធ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ដែលត្រូវគេផ្គូផ្គងអោយជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះបូវី ព្រហ្មថាន់ចៃ(Bovi Prumthanchai) ក្នុងទម្ងន់៥៧គ.ក្រនោះ ពុំដឹងថានរណាឈ្នះនរណាចាញ់នោះដែរ ។ ពីរនាក់នេះ ពុំធ្លាប់ដែលប៉ះគ្នាទេកន្លងមក។
អ៊ូច ធារិទ្ធ ជាអ្នកប្រដាល់ដែលចាត់ទុកថា ជាជើងខ្លាំងជំនាន់ក្រោយម្នាក់ ។ គេបានឆ្លងកាត់ការប្រកួតជាមួយអ្នកប្រដាល់ថៃ១១លើក និងឡាវ១លើកប៉ុណ្ណោះ។ ដូច្នេះ លើកនេះជាលើកទី ១៣ ដែលគេជួបប្រកួតជាមួយថៃនោះ ។ កាលពីជួបប្រកួតជាមួយថៃលើកចុងក្រោយនោះ (០៣កុម្ភះ ២០១៩) គេបានវាយឈ្នះប៊ិក បាន ដោយពិន្ទុ ។
ធារិទ្ធ មានប្រវត្តិប្រកួតប្រមាណជា៦២លើក ក្នុងនោះវាយឈ្នះ៤៤លើក ចាញ់១៣ លើក និងស្មើ ០៥លើក ។ គេជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយដោយមានចិត្តធំ កម្លាំងខ្លាំង វាយមិនសំចៃដៃឡើយ។ប៉ុន្តែយ៉ាងណាការប្រកួតលើកនេះ មិនដឹងថា ធារិទ្ធ អាច យកឈ្នះបូវី ព្រហ្មថាន់ចៃ បានឬក៏អត់នោះទេ? ។
បូវី ព្រហ្មថាន់ចៃ ជាអ្នកប្រដាល់ថៃចំណូលថ្មី ទើបមកប្រកួតនៅកម្ពុជាបានម្តងប៉ុណ្ណោះកាលពីដើមខែកម្ភះកន្លងមកនេះ ។គេមកម្តងនោះ គឺជួបជាមួយមាស សារ៉ាក់ ដែលធ្វើឲ្យសារ៉ាក់ វេទនាមែនទែន ដោយត្រូវអ្នកប្រដាល់ថៃរូបនោះ វាយដូចបាវសាក់ ។ សារ៉ាក់ ត្រូវអាជ្ញាកណ្តាលរាប់៨ ដល់ទៅ២ដងក្នុងទឹកទី៣ម្តងនិងទឹកទី៤ម្តង ដោយសារត្រូវជង្គង់របស់ បូវី ព្រហ្មថាន់ចៃ ។ តែយ៉ាងណា មាស សារ៉ាក់ បានខំប្រឹងប្រកួតរហូត ដល់ចប់ទឹក៥ និងចាញ់បូវី ត្រឹមពិន្ទុប៉ុណ្ណោះ ។
ដូច្នេះ អ៊ូច ធារិទ្ធប្រកួតលើកនេះ អាចនឹងជួបការលំបាកច្រើន ព្រោះអ្នកប្រដាល់ថៃរូបនេះ មានស្នៀតប្រដាល់ល្អនិងខ្លាំង ។ តែបើអាចឈ្នះបាន គឺមានតែការវាយប្តូរកែង និងទាត់ជើងក្រោមប៉ុណ្ណោះ ដែលអាចឈ្នះលើអ្នកប្រដាល់ថៃរូបនេះបាន ។
អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៦៤លើក ឈ្នះ៤៩លើក ចាញ់១៤លើក និង ស្មើ០១លើក ។ ចាំមើល រវាងអ៊ូច ធារិទ្ធ និង បូវី ព្រហ្មថាន់ចៃ តើនរណាជាអ្នកឈ្នះនៅក្នុងការជួបគ្នានេះ ?៕
Source: Kampuchea Thmey Daily
0 Comments