Ad Code

ក្រសួង​ទេសចរណ៍ ​​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​អ្នក​វាយតម្លៃ​បង្គោល​ស្តង់ដារ​រង្វាន់​អ្នក​ជំនាញ​ទេសចរណ៍​គំរូ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍



ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​អ្នកវាយតម្លៃ​បង្គោល​ស្តង់ដារ​រង្វាន់​អ្នកជំនាញ​ទេសចរណ៍​គំរូ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ដោយមាន​ការចូលរួម​ពី​លោក ណេ​ប សាមុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ និង​មាន​ចូលរួម​ពី​សំណាក់​មន្ត្រី​មន្ទីរ​ទេសចរណ៍​ទាំង​២៥ រាជធានី ខេត្ត តំណាង​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​សហគមន៍​ឧស្សាហកម្ម​ទេសចរណ៍ អ្នកជំនាញ​ ដែល​ជា​សមាជិក​បណ្តាញ​អ្នក​ជំនាញ ដែល​បាន​ចូលរួម​ជា​សិក្ខាកាម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ សរុប​ប្រមាណ​៦០​នាក់។

ប្រភពពី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ វគ្គ​បណ្តុះបណ្តាល​អ្នកវាយតម្លៃ​បង្គោល​ស្តង់ដារ​រង្វាន់​អ្នកជំនាញ​ទេសចរណ៍​គំរូ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ដែល​ធ្វើការ​បណ្តុះបណ្តាល​ដោយផ្ទាល់​ពី​សំណាក់​លោក​ប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ដោយផ្ទាល់​នេះ បានផ្តល់​ការពន្យល់​លំអិត​អំពី​ដំណើរការ និង​នីតិវិធី​នៅក្នុង​ការចូលរួម​ប្រឡងប្រណាំង​អ្នកជំនាញ​ទេសចរណ៍​គំរូ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ក៏ដូចជា​វិធីសាស្ត្រ និង​របៀប​ក្នុងការ​វាយតម្លៃ និង​ដាក់​ពិ​ន្ទុ​ដល់​បេក្ខជន​ដែល​ចូលរួម​ប្រឡងប្រណាំង​នេះ ជាពិសេស ក៏មាន​ការអនុវត្ត​សាកល្បង​វាយតម្លៃ​ដោយផ្ទាល់​ផងដែរ​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។​



សិក្ខាកាម​ដែល​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ក្លាយជា​ជន​បង្គោល​ក្នុងការ​ចូលរួម​ធ្វើការ​វាយតម្លៃ និង​ជ្រើសរើស​បេក្ខជន​ជម្រុះ​នៅតាម​បណ្តា​រាជធានី ខេត្ត​សម្រាប់​គាំទ្រ​ដល់​ការជំរុញ​អនុវត្ត​ស្តង់ដារ​រង្វាន់​អ្នកជំនាញ​ទេសចរណ៍​គំរូ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ក៏ដូចជា​គាំទ្រ​ដល់​ចលនា​ប្រឡងប្រណាំង​អ្នក​ជំនាញ​ទេសចរណ៍​គំរូ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ប្រចាំឆ្នាំ​។​

គួររំលឹកថា ​កន្លងទៅ​នេះ ក្រសួងទេសចរណ៍​បានប្រកាស​ជូនដំណឹង​ផងដែរ​ដល់​អ្នកជំនាញ​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ និង​សាធារណជន​ទាំងអស់​អំពី ការប្រឡងប្រណាំង​អ្នកជំនាញ​ទេសចរណ៍​គំរូ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ប្រចាំឆ្នាំ​២០១៩ លើក​ទី​១ លើ​ផ្នែក​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ និង​ផ្នែក​ការិយាល័យ​ជួរមុខ​៕

 


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu