ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកលើកឡើងបែបនេះ នៅក្នុងពិធីបំពាក់ឋានន្តរសក្ដិ និងប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារនាយទាហានជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កាលពីសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលស្ថិតនៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ថ្លែងនៅក្នុងពិធីនោះ លោកឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានសម្តែងនូវកាអបអរសាទរចំពោះនាយទាហានទាំងអស់ ដែលទើបទទួលបានការបំពាក់ឋានន្តរសក្ដិ និងទទួលការតែងតាំងមុខងារថ្មីនាពេលនេះ។
លោកបន្តថា ការផ្តល់ជូនឋានន្តរសក្ដិនាពេលនេះ និងផ្តល់តួនាទីនាពេលនេះ ជាការបង្ហាញនូវទំនុកចិត្តរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងពីព្រះមហាក្សត្រ ជាទីគោរពសក្ការៈរបស់យើង ចំពោះនាយទាហានជាន់ខ្ពស់ទាំងអស់ ពិសេសកងយោធពលខេមរភូមិន្ទទាំងមូល។
លោកឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បញ្ជាក់ថា ការតស៊ូរំដោះជាតិរបស់នាយទាហានយើង ដែលមកដល់ពេលនេះប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បាន និងកំពុងយកចិត្តទុក្ខដាក់ចំពោះគុណូបការៈរបស់បងប្អូនយើងជានិច្ច។
ជាមួយគ្នានោះ លោកបានស្នើឲ្យនាយទាហាន ដែលទើបទទួលការតម្លើងឋានន្តរសក្ដិទាំងអស់ បន្តយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំបញ្ជា នាយ ពលទាហានក្រោមឱវាទ ខិតខំអនុវត្តបំពេញភារកិច្ចស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃ ខភម មេបញ្ជាការកងទ័ពជើងគោក ប្រគល់ជូន និងបន្តរក្សាសាមគ្គីផ្ទៃក្នុងល្អជានិច្ច៕
Source: Kampuchea Thmey Daily
0 Comments