Ad Code

ក្រសួងការពារជាតិ​ថា មាន​ជន​ទុច្ចរិត​បង្កើត​ហ្វេ​ស​ប៊ុ​ក​ក្លែងបន្លំ ដោយ​ប្រើប្រាស់​រូប​ទាហាន​វាយ​ប្រហារ​រាជរដ្ឋាភិបាល​



​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នាយ​ឧត្ដមសេនីយ៍ ឈុំ សុជាត បាន​អះអាងថា មាន​មាន​ជន​ទុច្ចរិត​មួយចំនួន​បាន​បង្កើត​ហ្វេ​ស​ប៊ុ​ក (Facebook) ក្លែងបន្លំ ដោយ​ប្រើប្រាស់​រូប​ទាហាន ហើយ​វាយប្រហារ​លើ​រាជរដ្ឋាភិបាល ជាមួយគ្នា​នោះ អ្នកនាំពាក្យ​បានស្នើ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ជន​ក្លែងបន្លំ Facebook។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០១៩​។​

តាមរយៈ​សេចក្ដីប្រកាស​របស់ខ្លួន អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​លើកឡើងថា នាពេល​ថ្មីៗ​នេះ មាន​ជន​ទុច្ចរិត​មួយចំនួន​បាន​បង្កើត Facebook បន្លំ​យក​រូប​នាយទាហាន​មួយចំនួន ទៅប្រើ​ប្រាស់ ដើម្បី​បង្ហោះ​រូបភាព និង​ខ្លឹមសារ ញុះញង់​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​ចាត់​ទុក​ថា សកម្មភាព​ទាំងនេះ គឺជា​អំពើ​ខុសច្បាប់ ដែល​មិនអាច​អត់ឱន​ឲ្យ​បាន ហើយ​សូម​ស្នើឲ្យ​ស្ថាប័ន មាន​សមត្ថកិច្ច ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។​

តាម​នាយ​ឧត្ដមសេនីយ៍ ឈុំ សុជាត បញ្ជាក់ថា មកដល់ពេលនេះ កង​យោធពល​ខេមរភូមិន្ទ រក្សា​ជំហរ​ស្មោះត្រង់ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​សុខ​សន្តិភាព​របស់​ប្រជាពលរដ្ឋ​។

កង​យោធពល​ខេមរភូមិន្ទ ប្រឆាំង​ដាច់ខាត​ចំពោះ​ការប៉ុនប៉ង បង្ក​ភាព​វឹកវរ​ដល់​សង្គម ក៏ដូចជា​ការ​បំផ្លាញ​ដល់​សន្តិភាព​របស់​ប្រទេស ហើយ​អំពាវនាវ​ដល់​កង​យោធពល​ខេមរភូមិន្ទ​ទាំងអស់ ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន ក្នុងការ​ប្រើប្រាស់​បណ្តាញ​សង្គម​នានា ដោយ​រក្សា​ការពារ​សន្តិសុខ ការងារ​សម្ងាត់​របស់​អង្គភាព​។ ជាមួយគ្នា​នោះ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ទំនុកចិត្ត​មកលើ កង​យោធពល​ខេមរភូមិន្ទ ហើយ​សូមកុំ​ចាញ់​ឧបាយកល ក្រុម​ទុច្ចរិត​ទាំងនោះ​ឲ្យ​សោះ​។​

គួររំលឹកថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ក្រុម​ទុច្ចរិត​ប្រើប្រាស់​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ដោយ​ដាក់​រូប​ទាហាន ហើយ​វាយប្រហារ​លើ​ថ្នាក់ដឹកនាំ ក៏ដូចជា​រាជរដ្ឋាភិបាល ដែល​សកម្មភាព​ទាំងនោះ ត្រូវ​បាន​គេ​មើលឃើញថា បានកើត​ឡើង​ស្រប​ពេលដែល ​លោក សម រង្ស៊ី បាន​ប្រកាស​ចេញ​នូវ​ចលនា​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋអាមេរិក ដែល​ពេលនេះ លោក សម រង្ស៊ី ប្រកាស​ធ្វើ​ចលនា​ទៅលើ​កងទ័ព ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ហើយ​ក្រោយ​ការប្រកាស​បែបនេះ ក៏មាន​សកម្មភាព​ក្លែងបន្លំ Facebook កងទ័ព ហើយ​វាយប្រហារ​លើ​រដ្ឋាភិបាល ជា​បន្តបន្ទាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu