Ad Code

ជិះ​ឡាន​ ទៅ​សុំ​កាដូ​ថ្ងៃ១៤​កុម្ភៈ ​ពី​សង្សារ​​ មិន​ទាន់​ទាំង​បាន​ផង ត្រូវ​​​ប្រុស​ស្នេហ៍​ គប់​បែក​កញ្ចក់​ឡាន​ខ្ទេច



​ភ្នំពេញ ​៖ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​ស្ត្រី​ខ្មែរ​ជា​សង្សារ​ ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​ចាប់ខ្លួន ពីបទ​ប្រើ​ហិង្សា​ និង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​ប៉ូលិស​បាន​ឲ្យ​ដឹងថា បុរស​ដែល​ត្រូវបាន​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ Xu Bo អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ចិន​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​កាណាឌីយ៉ា ​ត្រូវបាន​ឃាត់ខ្លួន​តាម​បណ្តឹង​ចោទ​របស់​ជន​រង​គ្រោះ ឈ្មោះ ព្រហ្ម សុធា​រ័ត្ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​

​តាម​បណ្តឹង​របស់​ជនរងគ្រោះ​បាន​រៀបរាប់ថា នៅ​មុនពេល​កើតហេតុ​កាលពី​ល្ងាច​ ថ្ងៃទី​១៣ នាង​បាន​ទូរស័ព្ទ​ទៅ​បុរស​ជនជាតិ​ចិន​ឈ្មោះ Xu Bo នោះ ​ដើម្បី​សុំ​កាដូ ថ្ងៃ​បុណ្យ នៃ​សេចក្ដី​ស្រលាញ់​ដោយសារតែ​ទើប​ទាក់ទង​គ្នា​ធ្វើ​ជា​សង្សារ​​ នៅពេលនោះ​ខាង ឈ្មោះ Xu Bo បាន​ប្រាប់​​ឲ្យ​នាងមក​យក​ឡាន ​ទៅ​ដឹក​​ខ្លួន ​មក​ដេក​នៅ​ឯ​ផ្ទះ​នាង​ផង​។​

​នាង​បន្តថា នៅពេល​ធ្វើដំណើរ​តាមផ្លូវ ឈ្មោះ Xu Bo បាន​ឈប់​ទិញ​ស្រាបៀ​១​កេស​ យក​ទៅ​ផឹក ពេល​ផឹក​អស់ ​ស្រាប់តែ​កូរ បង្ក​ជម្លោះ​តែម្ដង នៅពេលនោះ​ ខ្មាស​គេ​ពេក ​នាង​ក៏បាន​លួង​ដឹក​បុរស​ជា​​សង្សារ​នោះ​ យក​ទៅ​ដាក់​នៅ​រោងចក្រ​កាណាឌីយ៉ា​វិញ​ ប៉ុន្តែ​នៅ​តែ​បង្ក​ជម្លោះ​តាម​ផ្លូវ​រហូត លុះ​មកដល់​ចំណុច​មុខ​ហាង​អង្គរធំ នៅ​ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី គេ​បាន​លូកដៃ​ទៅ​ទាញ​ដៃ​ហ្វ្រាំង​រថយន្ត​ឲ្យ​​ឈប់ ​រួច​បើកទ្វារ​ចេញ​ក្រៅ​ ដោយ​រើសយក​ដុំថ្ម​មក​គប់​បំបែក​កញ្ចក់​រថយន្ត​របស់​នាង​បែក​អស់​ម្ខាង​ និង​ប៉ុនប៉ង​វាយតប់​នាង​ទៀត​ផង​។ ដោយ​ទ្រាំ​មិនបាន​ នាង​ក៏បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​ចាប់​ខ្លួន​តែម្តង​ និង​បានដាក់​ពាក្យ​ប្តឹង​ ពីបទ​បំផ្លាញ​ទ្រព្យសម្បត្តិ នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។​

​បច្ចុប្បន្ន ប៉ូលិស​ បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​រូបនោះ​ តាម​បទ​ល្មើស​ជាក់ស្តែង ហើយ​ថា​ជន​ជាតិ​ចិន​នោះ មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ទេ ​ហើយក៏​គ្មាន​លិខិតឆ្លងដែន​ផង​ដែរ​ ដើម្បី​បញ្ជូន​ទៅ​តុលាការ​តាម​សំណើ​បណ្ដឹង​ចោទ​របស់​នាងរង​គ្រោះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu