ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឱ្យ ថៅកែរោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន ភោជនីយដ្ឋាននានា បង្កលក្ខណៈងាយស្រួល ដោយអនុញ្ញាតឲ្យនិយោជិតរបស់ខ្លួន បានទៅបោះឆ្នោតជាតិ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ នេះបើតាមសេចក្តីអំពាវវនាវចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨។
សេចក្តីអំពាវវនាវរបស់ គ.ជ.ប បានឲ្យដឹងថា នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨។ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៧ មានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
គ.ជ.ប បញ្ជាក់ថា ដើម្បីឲ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួន ស្របតាមច្បាប់ គ.ជ.ប សូមអំពាវនាវ ចំពោះម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយ៍ដ្ឋាន និងគ្រឹះស្ថានទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួយសម្រួល និងបង្កលក្ខណៈងាយស្រួលអនុញ្ញាតឲ្យនិយោជិត កម្មករ កម្មការិនី បានធ្វើដំណើរទៅមកដើម្បីបានទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅតាមឃុំ/សង្កាត់ដែលខ្លួនបានចុះឈ្មោះបោះឆ្នោត។
ជាមួយគ្នានោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ និងបង្កលក្ខណៈងាយស្រួលដល់និយោជិត កម្មករកម្មការិនី បានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាកំណត់។
ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ ឆ្នាំ២០១៨ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ហើយគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងមានចំនួន២០ រួមមាន គណបក្ស “គណបក្សខ្មែររួបរួមជាតិ” លេខរៀងទី១, គណបក្ស “គណបក្សមាតុភូមិយើង” លេខរៀងទី២, គណបក្ស “គណបក្សពន្លឺថ្មី” លេខរៀងទី៣, គណបក្ស “សញ្ជាតិកម្ពុជា” លេខរៀងទី៤, គណបក្ស “ខ្មែរក្រោក” លេខរៀងទី៥, គណបក្ស “សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ” លេខរៀងទី៦, គណបក្ស “ប្រជាធិបតេយ្យមូលដ្ឋាន” លេខរៀងទី៧, គណបក្ស “ខ្មែរសាធារណរដ្ឋប្រជាធិបតេយ្យ” លេខរៀងទី៨, គណបក្ស “រស្មីខេមរា” លេខរៀងទី៩, គណបក្ស “សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ” លេខរៀងទី១០, គណបក្ស “ខ្មែរសាធារណរដ្ឋ” លេខរៀងទី១១, គណបក្ស “ខ្មែរឈប់ក្រ” លេខរៀងទី១២, គណបក្ស “ហ៊្វុនស៊ិនប៉ិច” លេខរៀងទី១៣, គណបក្ស “ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច” លេខរៀងទី១៤, គណបក្ស “យុវជនកម្ពុជា” លេខរៀងទី១៥, គណបក្ស “ធម្មាធិបតេយ្យ” លេខរៀងទី១៦, គណបក្ស “ឆន្ទះខ្មែរ” លេខរៀងទី១៧, គណបក្ស “ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា” លេខរៀងទី១៨, គណបក្ស “ខ្មែរតែមួយ” លេខរៀងទី១៩ និងគណបក្ស “ប្រជាជនកម្ពុជា” លេខរៀងទី២០៕
Source: Kampuchea Thmey Daily
0 Comments