Ad Code

កីឡាករ ឃួន ឡា​បូ​រ៉ាវី អាច​បង្ហាញខ្លួន​ជាមួយ​ក្លិប​ថ្មី​នៅ​លី​គ​លំដាប់​ទី​៣​របស់​ប្រទេស​ថៃ ពីថ្ងៃ​អាទិត្យ​នេះ​តទៅ



​កីឡាករ ឃួន ឡា​បូ​រ៉ាវី សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ជា​កីឡាករ​របស់​ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បានសម្រេច​ចិត្ត​ផ្ទេរ​ទៅ​បន្ត​អាជីព​នៅក្នុង​ជើង​ទី​២ នៃ​ពានរង្វាន់​លី​គ​លំដាប់​ទី​៣ របស់​ប្រទេស​ថៃ កាល​ពី​ពេល​ថ្មីៗ ដោយ​ចូលរួម​ជាមួយ​ក្លិប Surat Thani FC។

កីឡាករ ឃួន ឡា​បូ​រ៉ាវី បាន​ឲ្យ​ដឹង​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​កថា​ រូបគេ​បាន​ធ្វើ​ដំណើរ​ទៅដល់​ក្លិប​ថ្មី​រយៈពេល​២​សប្ដាហ៍​មក​ហើយ​។ ក្លិប​ថ្មី​នេះ​មាន​មូលដ្ឋាន​នៅ​ខេត្ត​Surat Thani ភាគខាងត្បូង​ប្រទេស​ថៃ​។ តាម​គោលការណ៍​លី​គ​លំដាប់​ទី​៣​របស់​ថៃ ជើង​ទី​២ នឹង​ចាប់ផ្តើម​ដំណើរការ​ពីថ្ងៃ​ទី​៩ ខែមិថុនា សប្ដាហ៍​ក្រោយ​តទៅ​។ ដូច្នេះ​រូបគេ​អាច​បង្ហាញខ្លួន​លើ​ទីលាន​បាន​ពេល​ក្រុម Turat Thani ប៉ះ​ម្ចាស់ផ្ទះ​Customs United​នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃអាទិត្យ ទី​១០ ខែមិថុនា ឆ្នាំ ២០១៨ លើ​ទីលាន​កីឡដ្ឋាន​Lat Krabang 54 Stadium ក្នុង​រាជធានី​បាងកក​។



ឃួន ឡា​បូ​រ៉ាវី ធ្លាប់​បាន​បញ្ជាក់​ជុំវិញ​ដំណើរ​ទៅ​ប្រកប​អាជីព​នៅ​ក្រៅ​ប្រទេស​ថា «​ខ្ញុំ​ចង់​សាកល្បង​លេង​នៅក្រៅ​ប្រទេស តែ​ក៏​មិន​ចង់បាន​ត្រឹម​អង្គុយ​មើល​ការប្រកួត​ដែរ គឺ​ខ្ញុំ​ចង់​លេង​ក្នុង​ជម្រើស​១១​នាក់​ដំបូង​។ គ្រូបង្វឹក​ចង់បាន​ខ្ញុំ​និង​ធានា​កៅអី​ជម្រើស​ដំបូង​ដល់​ខ្ញុំ​»​។ នៅ​លី​គ​របស់​ប្រទេស​ថៃ បាន​តម្រូវ​ឲ្យ​ក្លិប​ជា​សមាជិក​របស់​ខ្លួន​ចុះបញ្ជី​កីឡាករ​បរទេស​បាន​ចំនួន​៥​នាក់​ដោយ​ក្នុងនោះ​មាន​កីឡាករ​បរទេស​មិន​គិត​ជាតិ​សាសន៍​ចំនួន​៣​នាក់ កីឡាករ​ជា​ជនជាតិ​ក្នុង​ទ្វីបអាស៊ី​១​នាក់ និង​កីឡាករ​ក្នុង​តំបន់​អាស៊ាន​១​នាក់​។

គេ​ចាំ​បាន​ថា​ កីឡាករ ឃួន ឡា​បូ​រ៉ាវី ជា​អ្នក​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​ប្រចាំ​ព្រឹត្តិការណ៍​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ពោលគឺ​ឈ្នះ​៤​លើក​ច្រើនជាង​កីឡាករ​ដទៃ គិត​តាំង​ពី​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​២០០៧ មក​ពោល​គឺ​នៅ​ឆ្នាំ​២០១១ និង​២០១២ ជាមួយ​ក្រុម​ខេត្តស្វាយរៀង (​ព្រះខ័ន​រាជ​ស្វាយរៀង បច្ចុប្បន្ន​) នៅ​ឆ្នាំ​២០១៤ និង​២០១៧ ជាមួយ​បឹងកេត​។ កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​បាន​ចាប់​អាជីព​បាល់ទាត់​ដំបូង​ពី​ឆ្នាំ​២០០៨ មកម្ល៉េះ​ដោយ​កាលនោះ​ចូលរួម​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​ដល់​ឆ្នាំ​២០១៤ រូបគេ​បាន​ចេញទៅ​ចូល​រួម​ជា​មួយ​ក្រុម​បឹងកេត រហូតដល់​បច្ចុប្បន្ន​។ ចំពោះ​ក្នុង​ក្រុម​ជម្រើសជាតិ​វិញ រូបគេ​បានបង្ហាញ​ខ្លួន​ជាមួយ​ក្រុម U23 កម្ពុជា ចាប់ពី​ឆ្នាំ​២០០៩ ដល់​២០១១ ខណៈ​ចាប់ពី​ឆ្នាំ​២០០៨ ដល់​បច្ចុប្បន្ន​រូបគេ​ក៏​មាន​ឈ្មោះ​លេង​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ផងដែរ​។​

កីឡាករ​កម្ពុជា ១,៨១​ម៉ែត្រ​រូប​នេះ​ ធ្លាប់​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ៣​លើក​គឺ​នៅ​ឆ្នាំ​២០១៣ ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​នៅ​ឆ្នាំ​២០១៦ និង​២០១៧ ឈ្នះ​ជាមួយ​ក្រុម​បឹងកេត ខណៈ​ធ្លាប់​ឈ្នះ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ឆ្នាំ​២០១១,២០១២ ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​កីឡាករ ឃួន ឡា​បូរ៉ា​រី ធ្លាប់​ឈ្នះ​ពានរង្វាន់​កីឡាករ​ដែល​ទា​ត់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ដល់​ទៅ​៥​លើក​គឺ​ក្នុង​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០១៣ និង​ឈ្នះ​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ឆ្នាំ​២០១១,២០១២,២០១៤​និង​២០១៧៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu