Ad Code

បើ​ការ​ចចារ​បាន​២០%​ទៀត​បានសម្រេច ​កីឡាករ ចាន់ វឌ្ឍនាកា នឹង​ទៅ​បន្ត​អាជីព​នៅក្រៅ​ប្រទេស​ទៀត



ក្លិប​បាល់ទាត់ Pahang FA សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី (Malaysia Super League 2018) បានសម្រេច​ប្រកាស​ចែកផ្លូវ​ជាមួយ​កីឡាករ ចាន់ វឌ្ឍនាកា របស់​កម្ពុជា ពី​កូតា​កីឡាករ​អាស៊ាន ប្រចាំ​ក្លិប​របស់​ខ្លួន កាលពីដើម​ខែឧសភា កន្លងទៅ ខណៈ​ពេលនេះ​កីឡាករ​ជា​កូនប្រុស​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ លោក ចាន់ ចេស្តា កំពុង​ចរចា​ក្លិប​បរទេសមួយ​ផ្សេងទៀត​។

កីឡាករ ចាន់ វឌ្ឍនាកា បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា «​ខ្ញុំ​នឹង​បន្ត​លេង​នៅក្រៅ​ប្រទេស។ មក​ទល់​ពេល​នេះ ការ​ចចារ​ត្រូវរ៉ូវ​គ្នា​ប្រហែល​៨០​ភាគរយ​ហើយ​។ ប្រហែល​១​ទៅ​២​សប្ដាហ៍​ទៀត​ការចរចា​នឹង​រួចរាល់​ជា​ស្ថាពរ ប៉ុន្តែ​ខ្ញុំ​សូម​លាក់​ក្លិប​ថ្មី​នោះ​សិន​»​។ មូលហេតុ​ដែល​ក្លិប Pahang សម្រេច​បញ្ចប់​កិច្ចសន្យា​ជាមួយ ចាន់ វឌ្ឍនាកា ត្រូវ​បាន​គេ​ដឹង​ថា ​មកពី​កីឡាករ​រូប​នេះ​មាន​ប្រាក់បៀវត្ស​ន៍​ខ្ពស់​ខ្លាំង​នៅក្នុង​ក្លិប ហើយ​លទ្ធផល​ដែល​រូបគេ​សម្រេច​បាន​ចំនួន​១០​ប្រកួត​ផ្លូវការ​ជាមួយ​ក្លិប ដែល​ត្រឹម​អាច​រកបាន​គ្រាប់​បាល់​១​គ្រាប់​ប៉ុណ្ណោះ​។



កាល​នៅ Pahang FA រូបគេ​ទទួល​បាន​ប្រាក់ខែ​រហូតដល់​១៥០០០​ដុល្លារ ជាមួយ​ក្លិប Pahang FA នៅ​ប្រទេស​ម៉ាឡេស៊ី បូក​ទាំង​ប្រាក់​ចំណាយ​ផ្សេងៗ​ប្រហែល​៥០០០​ដុល្លារ​ទៀត រថយន្ត​មួយគ្រឿង ខុន​ដូរ​មួយ​ល្វែង ព្រមទាំង​អត្ថប្រយោជន៍​ដទៃទៀត​។ កន្លងមក​សារព័ត៌មាន​ផ្សាយ​ជា​ភាសា​អង់គ្លេស Foxsport ធ្លាប់បាន​សរសេរ​មាន​ក្លិប​បរទេស​ថ្មី ដែល​ជា​គោលដៅ​បន្ទាប់​របស់​កីឡាករ​រូបនេះ​ថា រួមមាន​ក្លិប Kelantan FA របស់​លី​គ​កំពូល​ម៉ាឡេស៊ី Bangkok Glass សមាជិក​លី​គ​កំពូល​ប្រទេស​ថៃ និង Hougang United សមាជិក​លី​គ​កំពូល​សិង្ហ​បុរី​។

កីឡាករ ចាន់ វឌ្ឍនាកា ជា​អតីត​យុវជន​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង (​ព្រះខ័ន​រាជ​) ដែល​ចាប់​អាជីព​ដំបូង​កាលពី​ឆ្នាំ​២០១១ នៅក្នុង​ឈុត​ធំ​ក្រុម​នេះ ស្រប​ពេល​នៅ​ឆ្នាំ​២០១២ រូបគេ​បាន​ផ្ទេរ​ទៅកាន់​ក្លិប​បឹងកេត រហូតដល់​ចុងឆ្នាំ​២០១៦ មុន​ចេញទៅ​ជប៉ុន ដោយ​ចូលរួម​ជាមួយ​ក្លិប Fujieda MYFC សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​៣ (J3-league)​។ នៅ​ដើមឆ្នាំ​២០១៨ ក្រោយ​ចប់​កិច្ចសន្យា​នៅ​ប្រទេស​ជប៉ុន ចាន់ វឌ្ឍនាកា បាន​បន្តដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ជាមួយ Pahang FA តែម្តង​។



រូបគេ​ធ្លាប់​ឈ្នះ​ពានរង្វាន់​ឯកជន​ជាច្រើន​ទៀត​ដូចជា​ពានរង្វាន់​កីឡាករ​វ័យក្មេង​ឆ្នើម​ប្រចាំឆ្នាំ​២០១២ ដែល​ផ្ដល់​ដោយ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ឆ្នាំ​២០១៣ ឈ្នះ​ស្បែកជើង​មាស ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ឆ្នាំ​២០១៤ ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ហើយ​ឆ្នាំ​២០១៥ រក្សា​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ជា​ម្ចាស់​ស្បែកជើង​មាស​ប្រចាំ​រដូវ​កាល​និង​ស្បែកជើង​មាស​ក្នុង​ពានរង្វាន់ Toyota Mekong Club Championship 2015​។ នៅ​ឆ្នាំ​២០១៦ រូបគេ​រក្សា​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ជា​ម្ចាស់​ស្បែកជើងមាសប្រចាំ​រដូវ​កាល​បាន​ដដែល៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu