ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ក្នុងនាមសមាជិកគណៈអចិន្ត្រៃយ៍កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាបេក្ខភាពឈរឈ្មោះតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលស្វាយរៀងអាណត្តិទី៦ ជាប្រធានក្រុមការងារគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងបានថ្លែងថា សន្តិភាពជាឫសគល់នៃសុខដុមរមនារបស់ពលរដ្ឋទូទាំងប្រទេសមិនអាចខ្វះបាន។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានលើកឡើងបែបនេះ ខណៈអញ្ជើញចូលរួមជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្សទូទាំងស្រុករំដួលចំនួន៣៤២នាក់ ស្រី៩៥នាក់ នារសៀលថ្ងៃសៅរ៍១១រោច ខែជេស្ឋឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅទីស្នាក់ការគណបក្សស្រុករំដួលខេត្តស្វាយរៀង។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ថ្លែងបន្តថា ក្រោយពីប្រទេសជាតិរួចផុតពីសង្គ្រាម ដោយបានចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសពីចំណុចសូន្យ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជាខ្នងបង្អែកធានាបាន នូវសុខសន្តិភាពពេញផ្ទៃប្រទេស និងជំរុញការអភិវឌ្ឍន៍ប្រទេស ឲ្យមានការអភិវឌ្ឍរីកចម្រើនមានអ្វីៗគ្រប់យ៉ាងគ្រប់ថ្នាក់មូលដ្ឋានរហូតមកដល់បច្ចុប្បន្ន។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានថ្លែងបន្តថា ការអភិវឌ្ឍន៍ប្រទេសកម្ពុជាធ្វើឡើងតាំងពីបាទដៃទទេរហូតមានថ្ងៃនេះ ពិតជាបានឆ្លងកាត់ ឧបសគ្គគ្រប់ដំណាក់កាល តាំងពីប្រជាពលរដ្ឋមិនមានបាយហូបគ្រប់គ្រាន់ រហូតមកដល់សព្វថ្ងៃមានជីវភាពសមរម្យ ការស់នៅប្រកបដោយសុខសាន្ដត្រាណ ក្រោមដំបូលសន្តិភាពតែមួយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏ខ្នើមគ្មានពីរ។
លោក ជំទាវកិត្តិសង្គហបណ្ឌិតបានបន្តថា ដើម្បីបន្តរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនឥតឈប់ឈរ សូមឲ្យបងប្អូនទាំងអស់ ទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ដែលនឹងជិត មកដល់នាថ្ងៃ២៩ ខែកក្កដា ២០១៨ ខាងមុខនេះ ដើម្បីបន្តឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ក្នុងការដឹកនាំ នាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយវិបុលភាព និងវឌ្ឍនភាពនាអាណត្តិទី៦នេះនិងអាណត្តិក្រោយៗទៀត។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងបន្ថែមយ៉ាងច្បាស់ថា សេរីភាព ដែលយើងទទួលបានជិត៤០ឆ្នាំមកនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រធានបានអភិវឌ្ឍន៍ប្រទេសជាតិពីបាទដៃទទេ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍន៍ឲ្យមាន ការរីកចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះទេ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងបន្តទៀតថា ដោយមានគោលការណ៍ និងយុទ្ធសាស្ត្រដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីជាច្រើនអាណត្តិជាពិសេសក្នុង អាណត្តិ ទី៥នេះបានជម្រុញអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានថ្នល់ ផ្សារ សាលារៀន មន្ទីរពេទ្យវត្តអារាម គឺទទួលបានសមិទ្ធផលជាច្រើនកើតឡើងជាហូរហែជាក់ស្តែងផ្ដល់ការអភិវឌ្ឍន៍ លើវិស័យគ្រប់វិស័យមកដល់ពេលនេះ។
លោកសុខារាមតំណាងសមាជិកបក្សគណបក្សប្រជាជនកម្ពុជាទូទាំងស្រុករំដួលក្នុងខេត្តស្វាយរៀងក៏បានលើកឡើងថា ពួកគាត់ មានការសង្ឃឹមជឿជាក់លើគណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំង ព្រោះក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ គឺមានតែគណបក្ស ប្រជាជនកម្ពុជាតែមួយគត់ បានធ្វើឲ្យពួកកាត់ជៀសផុតពីសេចក្តីស្លាប់ជាអ្នកមានគុណទីរបស់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។
តំណាងដដែលបានបន្ថែមថា គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែនជាប្រធានបានដឹកនាំប្រទេសជាតិមានសុខសន្តិភាពពោរពេញដោយរីកចម្រើនលើគ្រប់វិស័យជាពិសេសការជំរុញ អភិវឌ្ឍន៍នៅតាមមូលដ្ឋាន ឲ្យមានផ្លូវ មានស្ពាន ផ្សារ សាលារៀន វត្តអារាម និងការផ្តល់នូវសុវត្ថិភាពនៅតាមមូលដ្ឋានជាដើម។
សរុបមកពួកគាត់ទាំងអស់គ្នា ត្រូវតែទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈរលេខរៀងទី២០នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ដើម្បីគាំទ្រសម្តេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៦នេះ ក៏ដូចអាណត្តិក្រោយៗបន្តទៀត៕
Source: Kampuchea Thmey Daily
0 Comments