Ad Code

លោក​ប៉ាន សូរ​ស័ក្តិ ​៖ រដ្ឋាភិបាល បាន​ពង្រីក ត​ភ្ជាប់​ទៅកាន់​ប្រទេស​ទី​៣ ដើម្បី​ឲ្យ​កម្ពុជា​មាន​ឯករាជ្យ​ភាព​លើ​សេដ្ឋកិច្ច​របស់ខ្លួន



ភ្នំពេញ​ ៖ នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា នៅ​ឆ្នាំ​២០១៩ ខាងមុខ ក្រសួង​នឹង​ខិតខំ​យ៉ាងណា​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត​ទុន ក៏ដូចជា​ហិរញ្ញវត្ថុ ដើម្បី​ទប់​មិន​ឲ្យ​តម្លៃ​កសិផល​ធ្លាក់ចុះ​នៅ​ឆ្នាំ​២០១៩​ខាងមុខនេះ ដោយសារ រដ្ឋាភិបាល បាន ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភជាប់​ទៅកាន់​ប្រទេស​ទី​៣ ដោយ​ខ្លួនឯង ដើម្បី​ឲ្យ​កម្ពុ​ជាមាន​ឯករាជ្យភាព​លើ​សេដ្ឋកិច្ច​របស់ខ្លួន​។

លោក ប៉ាន សូរ​ស័ក្តិ បាន​បញ្ជាក់​ថា ការ​ធ្លាក់ចុះ​តម្លៃ​នៃ​កសិផល​កន្លងមក ដោយសារតែ​ដល់​រដូវ​ប្រមូល​ផល នៅ​ប្រទេសជិតខាង​ក៏​ប្រមូល​ដូចគ្នា នៅ​កម្ពុជា​ផង​ដែរ ដែល​ធ្វើ​ឲ្យ​តម្លៃ​កសិផល​មានការ​ធ្លាក់ចុះ និង​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​។ លោក រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើងលើ​ការងារ​នេះ ក្រសួង​បាន​រៀបចំ​គោលដៅ​ជួយ​កសិករ ផលិតករ ដើម្បី​ទទួល​បាន​នូវ​ឥណទាន​សមស្រប រក​ទីផ្សារ ផ្តល់​បច្ចេកទេស​ដាំ​ដុះ និង​ប្រមូល​ផល កែច្នៃ វេច​ខ្ចប់ និង​បង្កើត​យន្តការ​អចិន្ត្រៃយ៍​សម្រាប់​ជួយ​អន្តរាគមន៍ សំដៅ​រក្សា​ស្ថេ​រ ភាព​ថ្លៃ​នៅក្នុង​រដូវ​ប្រមូល​ផល ក៏ដូចជា​ធ្វើ​សន្និធិ​ទំនិញ​យុទ្ធសាស្ត្រ​សំខាន់ៗ ដែល​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ និង​រៀបចំ​យន្តការ​សម្រាប់​ធានា ស្ថេរភាព​ថ្លៃ និង​រក្សា​តុល្យភាព​នៃ​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​នៃ​ទំនិញ​យុទ្ធសាស្ត្រ​ទាំងនោះ​លើ​ទីផ្សារ​ជាដើម​។

លោក សង្ឃឹមថា កិច្ចការ​ទាំងនេះ​នៅ​ឆ្នាំ​២០១៩​ខាងមុខ នឹង​ជា​ផ្លែផ្កា​ខ្លះៗ​បន្តបន្ទាប់ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រមូល​កសិផល​ដែល​ជា​រដូវ​ទទួលផល​ផង​នោះ​។ បញ្ហា​តម្លៃ​កសិផល​ធ្លាក់ចុះ​នៅ​រដូវ​ប្រមូល​ផល តែងតែ​កើតមាន​ជារឿយៗ ដោយសារ​កម្ពុជា​ពឹងផ្អែក​ខ្លាំង​លើ​ទីផ្សារ​ប្រទេសជិតខាង ដែល​បញ្ហា​នេះ​អ្នកជំនាញ​សេដ្ឋកិច្ច បាន​ជំរុញ​រដ្ឋាភិបាល ឲ្យ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ទៅកាន់​ប្រទេស​ទី​៣ ដោយ​ខ្លួនឯង ដើម្បី​ឲ្យ​កម្ពុ​ជា​មាន​ឯករាជ្យភាព​លើ​សេដ្ឋកិច្ច​របស់ខ្លួន​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu