Ad Code

សិស្សានុសិស្ស​វិទ្យាល័យ​ជិត​២​ពាន់​នាក់​ បាន​ទទួល​ការ​បញ្ជ្រាប​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​

កំពង់ឆ្នាំង ​៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​ជា​យុវវ័យ​ចាប់ពី​អា​យុ​១៥​ឆ្នាំ ដល់​អាយុ​២៩​ឆ្នាំ ដើម្បី​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​កម្រិត​ទាប និង​ផ្សព្វ​ផ្សាយ​ច្បាប់​ចរាចរណ៍​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង បាន​ធ្វើការ​ផ្សព្វផ្សាយ​ច្បា​ប់​ដល់​សិស្សានុសិស្ស​ជិត​២​ពាន់​នាក់​នៅក្នុង​វិទ្យាល័យ ប៊ុន រ៉ានី ​ហ៊ុន សែន រលាប្អៀរ​ត្បូង ដោយមាន​ការចូលរួម​ពី​លោកគ្រូ​អ្នកគ្រូ​ក្នុង​វិទ្យាល័យ​ផង​ដែរ​។​

​ ​

លោក សៀង រុន អធិការរង​ទទួល​ការងារ​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​នគរបាល​ស្រុក​រលាប្អៀរ​បាន​ថ្លែង​ទៅកាន់​សិស្សានុសិស្ស​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ន​បាន​ក្លាយ​ទៅជា​ឃាតករ​យ៉ាង​សាហាវ ​ដែល​ប្អូនៗ​ជា​យុវវ័យ​មួយចំនួន​មិនបាន​ចាប់អារម្មណ៍​ឡើយ​។ ក្នុង​១​ថ្ងៃ​មាន​អ្នក​ស្លាប់​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​៥​នាក់ ដែល​ភាគច្រើន​ជា​យុវវ័យ​អាយុ​ចាប់ពី​១៥​ដល់​២៩​ឆ្នាំ​។ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់ សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ​ថា បណ្ដាល​មកពី​កត្តា​មនុ​ស្ស​ពី​៧០​ទៅ​៨០​ភាគរយ គឺ​ការ​បើក​ជែង​មិន​ប្រុងប្រយ័ត្ន ការ​បើក​មិន​គោរព​សិទ្ធ​អាទិភាព មិន​យោគ​យល់​គ្នា​ពេល​បើកបរ ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​ការ​បើក​ហួស​ល្បឿន​កំណត់​ជាដើម​។​



​លោក​បាន​បន្ត​ថា ដោយសារ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០​១៦​ឆាប់ៗ​នេះ ទើប​ថ្ងៃនេះ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​សហការ​ជាមួយ​វិទ្យាល័យ​ប៊ុន រ៉ានី​ ហ៊ុន សែន រលាប្អៀរ​ត្បូង ចុះ​មក​បញ្ជ្រាប​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដល់​ប្អូនៗ​ជា​សិស្សានុសិស្ស​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ក្នុង​ពេល​បើកបរ និង​កាត់បន្ថយ​បានការ​ស្លាប់​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។​

​ ​

នៅក្នុង​ពិធី​នេះ​ លោក ឈឹម សារុន នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹង​ថា​ នៅក្នុង​ឆ្នាំ​២០១៥​នេះ ករណី​គ្រោះថ្នាក់​ក្នុង​ខេត្តកំពង់ឆ្នាំង​មានការ​ថយ​ចុះ​គឺ​នៅក្នុង​ឆ្នាំ​២០១៥​គ្រោះថ្នាក់​ចរា​ចរណ៍​កើតឡើង​ចំនួន​១២៤​ករណី ថយ​ចុះ​១០៦​ករណី ​ក្នុង​ឆ្នាំ​២០១៤ បណ្ដាល​ឲ្យ​​ស្លាប់​ចំនួន​៦៩​នាក់ ថយ​ចុះ​ជាង​ឆ្នាំ​២០១៤ ចំនួន​៣៤​នាក់​។



ប៉ុន្តែ​ទោះបីជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​អ្នក​ស្លាប់​មានការ​ថយ​ចុះ​ពិតមែន ក៏​ការិយាល័យ​នគរ​បាល​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង នៅតែ​ធ្វើការ​បញ្ជ្រាប​ច្បាប់​ចរាចរណ៍​ដល់​សិស្ស ប្រជាពលរដ្ឋ អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ និង​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ក្នុង​ន័យ​ជួយ​ទប់ស្កាត់​ និង​កាត់បន្ថយ​ករ​ណី​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​ថយ​មក​នូវ​កម្រិត​ទាប​នៅក្នុង​ខេត្តកំពង់ឆ្នាំង​៕


22-12-2015z2


22-12-2015z



សិស្សានុសិស្ស​វិទ្យាល័យ​ជិត​២​ពាន់​នាក់​ បាន​ទទួល​ការ​បញ្ជ្រាប​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​

Post a Comment

0 Comments

Close Menu