*ចិនផ្តល់ថវិកា ៦០០ លានយន់ដល់កម្ពុជាសម្រាប់វិស័យការពារជាតិ
ភ្នំពេញ ៖ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានបញ្ជាក់អះអាងថា ចិននឹងជួយដល់កម្ពុជាពាក់ព័ន្ធការគំរាមដក EBA ពីកម្ពុជាដោយសហភាពអឺរ៉ុបដើម្បីជួយការពារនូវភាពស្របច្បាប់របស់កម្ពុជាចំពោះស្ថានភាពបច្ចុប្បន្នដែលមានសម្ពាធនេះ។ លោកស៊ីបាន បន្តថាទោះបីយ៉ាង ណាចិននៅតែគាំទ្រកម្ពុជាជួយដល់កម្ពុជា។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ទាប់ពីជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យករដ្ឋមន្ត្រីកម្ពុជាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង នៃសាធារណរដ្ឋប្រជាមានិតចិននាព្រឹកថ្ងៃទី ២៩ ខែ មេសានេះដែលជាថ្ងៃចុង ក្រោយនៃដំណើរចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា លោក ស៊ី ជីនពីង បានសំដែងការរីករាយដែលបានជួប សម្តេចសាជាថ្មីម្តងទៀត ហើយបានអរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានដឹកនាំគណៈប្រតិភូមកចូលរួមវេទិកាខ្សែក្រវាត់និង ផ្លូវ លើកទី២ នៅទីក្រុងប៉េកាំងប្រទេសចិន។
លោក ស៊ី ជីនពីង បានប្រកាសថា នឹងបន្តគាំទ្រប្រទេសកម្ពុជាពិសេសគឺក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោក បានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់កម្រិតថ្មីមួយទៀតហើយ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ កម្ពុជាបានទទួលយ៉ាងច្រើនពីអត្ថប្រយោជន៍នៃគម្រោង ខ្សែក្រវាត់ និង ផ្លូវដែលជាចក្ខុវិស័យរបស់លោកប្រធានាធិបតី។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា សម្តេចនឹងបន្តចូលរួមវេទិកាខ្សែក្រវាត់និង ផ្លូវលើក ទី៣ ជាថ្មីម្តងទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ជូនលោកប្រធានាធិបតី ស៊ី ជីនពីង ថា បញ្ហាប្រឈមរបស់កម្ពុជានាពេលបច្ចុប្បន្ននេះគឺការ គំរាមដក EBA ពីកម្ពុជារបស់សហភាពអឺរ៉ុប។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យលោកប្រធានាធិបតីចិនជួយបន្តធ្វើការងារជាមួយ សហភាពអឺរ៉ុបក្នុងការជួយដល់កម្ពុជាផងដែរ។
ពាក់ព័ន្ធនឹងបញ្ហា EBA លោក ស៊ី ជីនពីង បានលើកឡើងថា ចិននឹងបន្តខិតខំជួយកម្ពុជាដើម្បីកម្ពុជាថែរក្សាសិទ្ធិស្របច្បាប់របស់ខ្លួនចំពោះ ស្ថានភាពបច្ចុប្បន្នដែលមានសម្ពាធនេះ ទោះបីយ៉ាងណាចិននៅតែគាំទ្រកម្ពុជាជួយដល់កម្ពុជា។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រុមហ៊ុនចិនដែលបច្ចុប្បន្នកំពុងតែធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាជាពិសេសរោងចក្រចិន ដែលមានជាង ៧០០ នៅកម្ពុជានៅបន្តធ្វើពាណិជ្ជកម្មនៅកម្ពុជាបន្តទៀត និង ស្នើឲ្យលោកប្រធានាធិបតីជួយគាំទ្រការជំរុញឲ្យ ក្រុមហ៊ុនទាំងនោះបន្តវិនិយោគនៅកម្ពុជានិងក្រុមហ៊ុនថ្មីមកបន្តវិនិយោគនៅកម្ពុជានិងសុំឲ្យចិនបើកទីផ្សារចំហជាងមុននិងរក្សានូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាពិសេសជួយជំរុញក្រុមហ៊ុនចិនថ្មីៗមកវិនិយោគនិងធ្វើពាណិជ្ជកម្មនៅកម្ពុជា។ សម្តេចបន្តថា សម្ដេចចង់ឃើញចំនួនរោងចក្រក្រុមហ៊ុនចិននៅកម្ពុជានៅរក្សាដដែលនិងមានការកើតឡើងថ្មីៗថែមទៀត។
សម្តេចក៏បានអរគុណចំពោះលោកប្រធានាធិបតីដែលបានចូលរួមចំណែកអភិវឌ្ឍនិងកសាងសេដ្ឋកិច្ចកម្ពុជា។ សម្ដេចតេជោបានបញ្ជាក់ថា ស្ថានភាពផ្ទៃក្នុងនិងសេដ្ឋកិច្ចកម្ពុជានៅតែមានស្ថានភាពល្អជាងការបោះឆ្នោតនៅឆ្នាំ ២០១៣ និង ២០១៨ ។ សម្រាប់រយៈពេលបីខែនៃឆ្នាំ ២០១៩ នេះសេដ្ឋកិច្ចកម្ពុជាមានការវិវត្តន៍ល្អប្រសើរ។
លោក ស៊ី ជីនពីង បានមានប្រសាសន៍ថា កម្ពុជា-ចិនជាមិត្តល្អយើងបានចុះហត្ថលេខាទៅលើឯកសារសំខាន់ៗ ជាពិសេសសហគមន៍រួម គ្នាដែលជាឯកសារគោលដែលអាចបន្តធ្វើការជាមួយគ្នាសហការជាមួយគ្នាទៅតាមផែនការសកម្មភាពនេះយើងត្រូវតែបន្តថែទាំមិត្តភាពរវាងប្រទេសទាំងពីរ។ ចិនខិតខំជួយកម្ពុជាក្នុងក្របខ័ណ្ឌកម្មវិធីខ្សែក្រវាត់ និង ផ្លូវ ដោយជំរុញការកសាងនៅតំបន់សេដ្ឋកិច្ចពិសេស,ផ្លូវល្បឿន លឿនពីភ្នំពេញទៅ ខេត្តព្រះសីហនុ ,កសាងព្រលានយន្តហោះនៅខេត្តសៀមរាប និងការនាំចេញអង្ករពីកម្ពុជាឲ្យបាន ៤០ លានតោន។ សម្រាប់កិច្ចសហប្រតិបត្តិការចិននិងកម្ពុជាយើងនឹងបន្តជំរុញគាំទ្រសម្ដេច ហ៊ុន សែន ហើយយើងគាំទ្រនិងជួយដល់វិស័យការពារជាតិរបស់ ប្រទេសកម្ពុជាផងដែរ។ ក្នុងន័យនេះលោកប្រធានធិបតីបានប្រកាសថាចិននឹងជួយ ៦០០លានយន់ដល់វិស័យការពារជាតិកម្ពុជា។
លោក ស៊ី បានបន្តថា ភាគីទាំងពីរនឹងធ្វើការជាមួយគ្នាបន្តទៀតដើម្បីឲ្យការងារដែលបានធ្វើកន្លងមកបន្តទៅមុខយ៉ាងរលូននិងលើកកម្ពស់ វប្បធម៌ទេសចរណ៍ជាកត្តាសំខាន់សម្រាប់ការផ្លាស់ប្ដូរប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ លោក ស៊ី បានបន្តថា ថ្មីៗនេះប្រទេសចិន និងសិង្ហបុរីបានធ្វើការជាមួយគ្នាដើម្បីបង្កើតរបៀងសេដ្ឋកិច្ចភ្ជាប់ដីដើម្បីជំរុញការភ្ជាប់ដីធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងន័យនេះយើងបានស្វាគមន៍កម្ពុជាចូលទៅក្នុងរបៀងសេដ្ឋកិច្ចនេះផងដែរ។
លោក ស៊ី ក៏បានចាត់ទុកការកែទម្រង់ផ្ទៃក្នុងរបស់ប្រទេសកម្ពុជាគឺជាកត្តាសំខាន់ជាពិសេសទៅទៀតគឺបានការពារសេដ្ឋកិច្ចនិងពាណិជ្ជករ នៅក្នុងប្រទេស ហើយលោកបានចាត់ទុកកម្ពុជាជាមិត្តពិសេសរបស់ចិនហើយយើងដោះស្រាយរួមគ្នា៕
Source: Kampuchea Thmey Daily
0 Comments