បាត់ដំបង ៖ កន្លងមក សាលាក្រុងបាត់ដំបង ធ្លាប់បានចេញសេចក្តីជូនដំណឹង និងលិខិតណែនាំដល់អ្នកគ្រប់គ្រង ហាងកាហ្វេ សួស្តី ដែលទីតាំងនេះ ស្ថិតនៅជាន់ខាងលើនៃអគារ បង្គន់អនាម័យ សាធារណៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់អង្គការ បង្គន់អនាម័យពិភពលោក នៃសាធារណរដ្ឋ កូរ៉េ ព្រមទាំងបានសាងសង់ឡើង នៅលើសួនសម្តេច ស ខេង អស់ទឹកប្រាក់ប្រមាណ ៥ម៉ឺន ដុល្លារ ដោយមិនអនុញ្ញាតអោយអ្នកគ្រប់គ្រងទីតាំងនេះ ធ្វើអ្វីដែលហួសពីការកំណត់នៅក្នុងពាក្យស្នើសុំនោះឡើយ។
គួរបញ្ជាក់ថា ទីតាំងខាងលើនៃអគារ បង្គន់អនាម័យ សាធារណៈ នេះ ត្រូវបានអាជ្ញាធរខេត្ត និងមន្ទីរទេសចរណ៍ ប្រគល់ទៅអោយលោកស្រី លឹម មុំ ដែលមានអាសយដ្ឋាននៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាអ្នករៀបចំ និងធ្វើការកែលម្អឡើងវិញ ដើម្បីអោយមានសោភ័ណភាព។
យោងតាមពាក្យស្នើសុំផ្លាស់ប្តូរ និងកែលម្អនេះ សាលាក្រុង ដែលមានអតីតលោកសៀងឯម វូនស្ហី ជាអភិបាល បានសម្រេច លើលិខិតលេខ ៦០/១៧ ចុះថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៧ ដោយបានអនុញ្ញាតលើការស្នើសុំរបស់លោកស្រី ៣ចំណុច ដែលទី១. សុំរៀបចំកែលម្អសួនច្បារបន្ថែមនៅជុំវិញអគារបន្ទប់ទឹកសាធារណៈ ទី២. សុំប្តូរដំបូលអគារពីដំបូលក្រណាត់ ទៅជាដំបូងស័ង្កសីវិញ និងទី៣. សុំរៀបចំច្រាំងស្ទឹង នៅខាងក្រោយអគារ អោយទៅជាសួនច្បារ និងមានបង់អង្គុយលេង។
ក្រោយមកគេសង្កេតឃើញថា ការរៀបចំក៏បានដំណើរការទៅតាមការស្នើសុំមែន ប៉ុន្តែនៅពេលនោះ លោកស្រីបានធ្វើការបំពាន ស ជ ណ នេះម្តងរួចមកហើយ ដោយគេបានដាក់ក្រុមជាងអោយចុះទៅបុកគ្រឹះនៅផ្នែកខាងក្រោយនៃអគារ តាមមាត់ច្រាំងស្ទឹងសង្កែ ព្រមទាំងបានចាក់បេតុងយ៉ាងមាំទាំថែមទៀត រហូតធ្វើអោយមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់លោកប្រធានមន្ទីរ ធនធានទឹក និង ឧតុនិយម ដោយសារតែការសាងសង់នេះវាអាចធ្វើអោយប៉ះពាល់ដល់លំហូរជលគតិ។ នៅពេលនោះដែរ សាលាក្រុងក៏បានបញ្ជាអោយម្ចាស់គ្រប់គ្រងវ៉ៃកម្ទេចចោលវិញ ដោយគ្រាន់តែដាក់ដាំបង្គោលឈើ ឬគ្រាក់បាន។
នៅពេលនោះដែរ អតីត លោក អភិបាលក្រុង សៀងឯម វូនស្ហី បានហាមដាច់ខាតរាល់ការរៀបចំសួនច្បារនៅប្របមាត់ច្រាំង គឺអាចរៀបចំបានដើម្បីសោភ័ណភាព ដោយមិនអនុញ្ញាតអោយមានការដាក់តុអង្គុយតាមរបៀបអាហារដ្ឋានឡើយ ព្រោះវាអាចបង្កអោយមានការប៉ះពាល់ដល់ការចោលកាកសំណល់ ឬក៏ការសេពគ្រឿងស្រវឹងជាដើម។
ផ្ទុយទៅវិញ នៅពេលថ្មីៗនេះ គេសង្កេតឃើញថា អាហារដ្ឋាន កាហ្វេសួស្តី បានលបដាក់តុទៅលើសួនច្បារជាបណ្តើរៗហើយ ដើម្បីអោយអតិថិជន ពិសេសក្រុមយុវវ័យ បានអង្គុយពិសាភោជនីយអាហារ ទៅតាមទំនើងចិត្ត ដែលជាទង្វើមួយរបស់លោកស្រីលឹម មុំ ផ្គើនទៅនឹងការណែនាំរបស់សាលាក្រុងយ៉ាងពេញទំហឹង ឬមួយក៏លោកស្រីគិតថា លោកអភិបាលក្រុងចាស់ត្រូវបានផ្លាសប្តូរ ហើយប្រហែលជាលោកអភិបាលក្រុងថ្មីគ្មានដឹងខ្យល់អ្វីនោះទេមើលទៅ បានជាលោកស្រីហ៊ានបំពានយ៉ាងដូច្នេះ ប្រភពជាច្រើនកំពុងរង់ចាំមើលថា តើលោក ផេង សិទ្ធី អភិបាលក្រុង ដែលទើបទទួលដំណែងថ្មី មានចំណាត់ការបែបណា ទៅលើអាហារដ្ឋាន កាហ្វេសួស្តី នេះ៕
Source: Kampuchea Thmey Daily
0 Comments