Ad Code

រដ្ឋបាល​ខណ្ឌ​ដូនពេញ​ បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ផ្លូវ​សំខាន់​ទាំង​១១​ខ្សែ



ភ្នំពេញ ​៖​ ដោយ​អនុវត្ត​តាម​បញ្ជា​របស់​លោក​អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ ស្តីពី​ការ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​នោះ ​នៅ​ថ្ងៃ​ចន្ទ​ ១៣​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក​ ពស​.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែ មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៨​និង​៣០​នាទី​ព្រឹក លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​បញ្ជា​អោយ លោក យស យុ​ទ្ធី អភិបាលរងខណ្ឌ និង លោក សាន ណា​រិ​ទ្ធ ប្រធាន​ប្រជា​ការពារ​ស្តីទី ខណ្ឌ ដូនពេញ ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ បន្ត​ចុះ​រៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ នៅ​តាម​បណ្តោយ​ផ្លូវ​សំខាន់ៗ​ទាំង​១១​ខ្សែ។

មហាវិថី​សំខាន់ ​ដែល​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​អោយ​រដ្ឋបាល​ខណ្ឌ​ចុះ​រៀបចំ​របៀបរៀបរយ​ឲ្យ​បាន​ល្អ​ប្រសើរ​នោះ ​ក្នុង​នោះ​មាន មហាវិថី​ព្រះមុនីវង្ស មហាវិថី​សហព័ន្ធរុស្ស៊ី មហាវិថី​ព្រះ​នរោត្តម តីរវិថី​ព្រះស៊ីសុវត្ថិ ផ្លូវ​ផ្លូវ​ស៊ូ​ស្រ៊ុន មហាវិថី​សម្តេច​សុធារស មហាវិថី​ព្រះ​សុរាម្រិត ផ្លូវ​លេខ​៤៧ ផ្លូវ​លេខ ១៣ កែង ១៥៤ -៦៣-១៤២ ១១៩ និង ផ្លូវ​លេខ​១០៦-១០៨-​ល​- ។​

ក្នុង​នោះ​រដ្ឋបាល​ខណ្ឌ បាន​បន្តធ្វើ​ការប្រកាស​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចត​យានយន្ត​គ្រប់​ប្រភេទ នៅ​លើ​ទ្រូងផ្លូវ ត្រូវ​ចត​អោយ​ផុត​ពី​ចិញ្ចើម​ផ្លូវ ដើម្បី​ទុក​ផ្លូវ​សម្រាប់​ថ្មើរជើង ចំពោះ​បងប្អូន​ដែល​ប្រកប​អាជីវកម្ម​ផ្សេងៗ ត្រូវ​លក់​តាម​គំនូស​ដែល​រដ្ឋបាល​ខណ្ឌ បានកំណត់​ជូន និង រក្សា​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ស្អាត មាន​សោភ័ណភាព​។​

ជាក់ស្តែង​នៃ​ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​នេះ រដ្ឋបាល​ខណ្ឌ បានធ្វើកា​ឃាត់​យានយន្ត ដែល​ចត​គ្មាន​សណ្ដាប់ធ្នាប់​បាន​ចំនួន​០៤​គ្រឿង រថយន្ត​ដឹក​ទឹកកក​ចំនួន​០១​គ្រឿង រថយន្ត​ដាក់តាំង​លក់​​លើ​​ចិញ្ចើម​ផ្លូវ​សាធារណៈ ចំនួន​០៣​គ្រឿង សម្ភារៈ​មួយ​ចំនួន និង​ជនអនាថា ​ដែល​ដេក​តាម​ផ្លូវ​សាធារណៈ ចំនួន​០១​នាក់ យក​មក​រក្សាទុក​នៅ​សាលា​ខណ្ឌ​ដូនពេញ ដើម្បី​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ តាម​នីតិវិធី​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu