ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ បានទទួលទេយ្យទានពីព្រះគ្រូសូត្រស្តាំ ទួត ម៉េងឈុន គង់នៅវត្តព្រះពុទ្ធឃោសាចារ្យ ស្ថិតនៅសង្កាត់ស្រះចក ក្រោមការចុះមកទទួលផ្ទាល់ពី លោកឈឹម ឌីណា អនុសាខាកាកបាទក្រហមខណ្ឌ និងជាអភិបាលរងខណ្ឌ ដើម្បីយកទៅចែកជូនជនក្រីក្រនៅមូលដ្ឋានបន្តទៀត។
ព្រះគ្រូសូត្រឆ្វេង តំណាងព្រះគ្រូសូត្រស្តាំ ទួត ម៉េងឈុន បានមានពុទ្ធដីកាថា ទេយ្យទានដែលបានផ្តល់ឲ្យអនុសាខាកាកបាទក្រហមខណ្ឌដូនពេញ រួមមាន៖អង្ករ១តោន មី៣០កេះ សម្ភារៈប្រើប្រាស់៩សម្រាប់ និងបច្ច័យ២លានរៀល ដែលគិតជាថវិកាសរុបជាង៧លានរៀល។
ជាមួយគ្នានោះដែរ លោក ឈឹម ឌីណា បានថ្លែងអំណរព្រះគុណ និងសូមអរគុណចំពោះព្រះសង្ឃ គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទទាំងអស់ជាពិសេសព្រះគ្រូសូត្រស្តាំ ទួត ម៉េងឈុន តែងតែឧបត្ថម្ភនូវទេយ្យទាន ជាញឹកញាប់ដល់អនុសាខាកាកបាទក្រហមខណ្ឌដូនពេញ ដើម្បីយកទៅចែកជូនដល់ជនក្រីក្រ និងចាស់ជរាក្នុងមូលដ្ឋាន។
លោកឈឹមឌីណាបានបន្តថា នៅខណ្ឌដូនពេញមានវត្តចំនួន៧ ហើយវត្តឃោសាចារ្យ បានផ្តល់ទេយ្យទានដល់អនុសាខាកាកបាទក្រហមជាច្រើនលើកមកហើយដែរសម្រាប់ផ្តល់ជូនជនងាយរងគ្រោះ៕
Source: Kampuchea Thmey Daily
0 Comments