ប៉ៃលិន ៖ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅបរិវេណវត្តគីរីសំរិទ្ធ ហៅវត្តសាលាក្រៅ មានប្រារព្ធពីធីមិទ្ទីងរំលឹកខួបលើកទី១៦ ទិវាជាតិយល់ដឹងពីមីន (១៩៩៩-២០១៥) ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាអនុប្រធានទី១អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។ លោក អៀង វុធ អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន ,លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន ប្រតិបត្តិករសកម្មភាពមីន មន្ទីរស្ថាប័នពាក់ព័ន្ធក្នុងខេត្ត តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ,លោកអភិបាលស្រុក លោកគ្រូ អ្នកគ្រូ លោកតា លោកយាយ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបជាង១ពាន់នាក់។
លោក អៀង វុធ អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ថ្ងៃនេះ ខេត្តប៉ៃលិនមានកិត្តិយស និងសេចក្ដីសោមនស្សរីករាយ ដែលអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន កំណត់យកស្រុកសាលាក្រៅនៃខេត្តរៀបចំពិធីរំលឹកខួបលើកទី១៦ ទិវាជាតិយល់ដឹងពីមីនថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥។ លោកមានប្រសាសន៍បន្តថា ដោយសារសង្គ្រាមផ្ទៃក្នុងអស់រយៈពេលជាច្រើនឆ្នាំ បានបន្សល់ទុកនូវគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះស្ទើរពាសពេញផ្ទៃដីទាំងស្រុង ធ្វើឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើនក្នុងមួយឆ្នាំៗ។ ប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំងក្នុងការរស់នៅប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ និងជាឧបសគ្គដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងលើវិស័យផ្សេងៗក្នុងខេត្ត។ លោកបន្តថា ក្នុងរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ ការបោសសំអាត់មីនក្នុងខេត្ត បានទទួលលទ្ធផល ចំការមីនចំនួន៤០២ចម្ការ ដោយមានផ្ទៃដីចំនួន២១៥១,៦១ ហិកតា ,ក្នុងនោះមីនប្រឆាំងមនុស្សចំនួន៧៥១៧គ្រាប់ /មីនប្រឆាំងរថក្រោះ៧៩គ្រាប់/យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣៤១៥គ្រាប់ ហើយបើគិតជាភាពរយសម្រេចបាន៣៧% នៃផ្ទៃដីសរុបដែលមានមីនទូទាំងខេត្តប៉ៃលិន។ ចំណែកអត្រាជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមីនមិនទាន់ផ្ទុះ ក្នុងរយៈពេល៥ឆ្នាំនេះ មានចំនួនមនុស្ស៧៧នាក់/ស្រី១៤នាក់ ហើយមានអ្នកស្លាប់ចំនួន១០នាក់ ស្មើ៥៣ករណី បើប្រៀបធៀបឆ្នាំមុនមានការថយចុះ១៣៣នាក់ ស្មើ៦៣% នៃចំនួនសរុបស្មើ២១០នាក់។ លោកបន្តទៀតថា ក្រុមប្រតិបត្តិករ ដែលកំពុងបោសសំអាតមីននៅខេត្តប៉ៃលិនមានចំនួន៥គឺ អង្គភាពស៊ីម៉ាក់, អង្គភាពម៉ែគ, អង្គការហាឡូត្រាស់ ,អង្គការដោះមីនកម្ពុជា និង មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម។ លោកបានឲ្យដឹងដែរថា មានបញ្ហាប្រឈមជាច្រើន ដូចជា បញ្ហាពេលរដូវភ្លៀងធ្លាក់ច្រើន ជាឧបសគ្គក្នុងការបោសសំអាតមីន និងស្ថានភាពផ្លូវខ្លះមិនអាចចូលដល់ចម្ការមីនបាននៅរដូវវស្សា , ទំហំថវិការបស់ប្រតិបត្តិករមានកំណត់ មិនអាចឆ្លើយតបតាមតម្រូវការជាក់ស្តែងតាមមូលដ្ឋាន ,ហើយនឹងការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅមានកម្រិត។
បន្ទាប់ពីលោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីនកម្ពុជាបានអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការរំលឹកខួបលើកទី១៦ ទិវាជាតិយល់ដឹងពីមីនថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៥រួច។
ថ្លែងក្នុងឱកាសនោះដែរ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាអនុប្រធានទី១អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាបានចាប់ផ្តើមបោសសំអាតមីនជាលក្ខណៈមនុស្សធម៌ ចាប់ពីឆ្នាំ១៩៩៣ ដើម្បីធានាសុវត្ថិភាព និងផ្តល់ដីបង្កបង្កើនផលសម្រាប់ការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាជនភៀសសឹក។ ជាលទ្ធផលគិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ២០១៤នេះ ប្រតិបត្តិករបានបោសសំអាតមីន និងកាកសំណល់សង្គ្រាមលើផ្ទៃដីចំនួន១.០០០គីឡូម៉ែត្រក្រឡារកឃើញ និងកម្ទេចចោលគ្រាប់មីនថ្មើរជើងចំនួនជាងមួយលានគ្រាប់ មីនប្រឆាំងរថក្រោះចំនួនជាង២ម៉ឺនគ្រាប់ និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង២លានគ្រាប់។ សមិទ្ធផលដ៏ធំធេងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍន៍សង្គមជាតិ។ លោកបន្តទៀតថា យោងតាមទិន្នន័យស្រាវជ្រាវមូលដ្ឋានរបស់អាជ្ញាធរមីន និងតាមរយៈកិច្ចខិតខំប្រឹងប្រែងបោសសំអាតមីនរបស់ប្រតិបត្តិករកន្លងមក នៅចុងឆ្នាំ២០១៤នេះ ដីសង្ស័យមានផលប៉ះពាល់ដោយសារមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាមនៅមានប្រមាណជាងមួយរយប៉ែតសិបប្រាំពាន់សូន្យម្ភៃប្រាំមួយគីឡូម៉ែត្រក្រឡា(១៨៦.០២៦គីឡូម៉ែត្រក្រឡា)។ ទោះបីជាយ៉ាងណាក្តីអត្រាគ្រោះថ្នាក់បានងើបឡើងវិញនៅឆ្នាំ២០១៤នេះ ដែលជាហេតុដែលយើងទាំងអស់គ្នាត្រូវធ្វើការគិតគូរពិចារណារួមគ្នាឡើងវិញឲ្យបានហ្មត់ចត់អំពីមូលហេតុដែលនាំឲ្យមានការកើនឡើងនេះ និងរិះរកវិធានការសមស្របដើម្បីទប់ស្កាត់។ ចំណែកមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នេះរួមមាន ការលេងក្រាប់ដោយផ្ទាល់ ការទៅនៅជិតអ្នកលេងគ្រាប់ ការកែច្នៃគ្រាប់ ការប្រកបរបរកសិកម្មពង្រីកដីថ្មី ការប្រើប្រាស់គ្រឿងយន្តធ្ងន់ៗក្នុងភូមិសាស្ត្រដែលពុំទាន់មានការបោសសំអាតមីន ពិសេសមីនតោន ការចូលរកអនុផលព្រៃឈើ ឃ្វាលសត្វ ចូលព្រៃកាប់ឈើ ដុតព្រៃ នៅតំបន់ដែលមានផលប៉ះពាល់ដោយសារមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម។ លោកបន្តទៀតថា បើយោងតាមរបាយការណ៍របស់អាជ្ញាធរមីនផ្ទៃដីដែលបានបោសសំអាតនៅខេត្តប៉ៃលិនមានប្រហែលប្រមាណជា១៣គីឡូម៉ែត្រក្រឡា ហើយនៅសល់ប្រមាណជា៤៣គីឡូម៉ែត្រក្រឡាទៀត។
ក្នុងពេលនោះដែរ លោកបានអំពាវនាវដល់អាជ្ញាធរដែនដី មេត្តាជួយធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងពីផលប៉ះពាល់ពីមីននិងកាកសំណល់ជាតផ្ទុះពីសង្គ្រាមក្នុងភូមិសាស្ត្រភូមិ/ឃុំរបស់ខ្លួនតាមរយៈផែនទីលទ្ធផលស្រាវជ្រាវព័ត៌មានចម្ការមីន ព្រោះផែនទីនេះមានសារៈសំខាន់ណាស់។ ចំណែកប្រជាពលរដ្ឋ សូមមេត្តាជួយណែនាំក្រុមគ្រួសារ និងអ្នកជាតិខាងខ្លួន ពិសេសត្រូវគោរពតាមការណែនាំ និងការចង្អុលបង្ហាញរបស់អាជ្ញាធរមូលដ្ឋាន អង្គការ ឫប្រតិបត្តិករទាំងឡាយ ដែលបានអប់រំអំពីការគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវចេះអប់រំគ្នាបន្ត ពិសេសជួយអប់រំដល់ប្រជាពលរដ្ឋចំណូលថ្មី ឫអ្នកធ្វើដំណើរឆ្លងកាត់។ លោកមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីធ្វើឲ្យកម្ពុជាមានឈ្មោះបោះសំឡេងក្នុងតំបន់ និងនៅលើសកលលោកថែមទៀត ពិសេសការអនុវត្តន៏គោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ក្នុងការធ្វើកំណែទម្រង់ ស៊ីជំរៅទៅលើវិស័យអាទិភាពសំខាន់ៗជាច្រើន។ ជាទីបញ្ចប់ គណៈអធិបតី បានចែកអំណោយជានិមិត្តរូបក្នុងអង្គពិធីផងដែរ៕
សេង សុវណ្ណារិទ្ធ






0 Comments