Ad Code

ឡៅ ចន្ទ្រា និង ហុន ឈុន​ហេង ​ជួប​ថៃ​លើ​សង្វៀន​អប្សរា ចំណែកឯ​ បាង កា​យ៉ាក ជួប ហ៊ុល ដា​រ៉ា​


ភ្នំពេញ ៖ អ្នក​ប្រដាល់​ថៃ​ជើង​ខ្លាំង​២​នាក់​នឹង​មក​ប្រកួត​ជាមួយ​ជើង​ខ្លាំង​របស់​កម្ពុជា គឺ ​ឡៅ ចន្ទ្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង ហុន ឈុន​ហេង​ជើង​ខ្លាំង​នៃ​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​នៅក្នុង​កម្មវិធី​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​របស់​ស្ថានីយទូរទស្សន៍​អប្សរា នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​លើ​សង្វៀន​អប្សរា​។​

ជា​រៀងរាល់​ខែ ទូរទស្សន៍​អប្សរា ​និង​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ក្រោម​ការឧបត្ថម្ភ​ពី​ណា​ហ្គា​វើ​ល​នោះ តែងតែ​រៀបចំ​ការប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នេះ​។ អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Back Kietkamphon នឹង​មក​ជួប​ប្រកួត​ជាមួយ​ឡៅ ចន្ទ្រា ក្នុង ប្រភេទ​ទម្ងន់​៦១​គីឡូក្រាម​។ Back Kietkamphon​នេះ មិនដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​។ បើ​តាម​លោក​ សុខ សំណាង អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​អប្សរា​បាន​ឲ្យ​ដឹង​ថា អ្នក​ប្រដាល់​ថៃ​រូប​នេះ ថ្វីត្បិតតែ​ពុំដែល​មក​ស្រុក​ខ្មែរ តែ​គេ​មិន​អន់​នោះ​ឡើយ​។ គេ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដែល​មាន​បទពិសោធន៍​ និង​បច្ចេកទេស​ពេញ​ខ្លួន ដូច្នេះ​ ឡៅ ចន្ទ្រា​ មិនអាច​ប្រហែស​បាន​នោះ​ទេ​។​

ទោះជា​យ៉ាងណា គេ​មិន​ដឹង​ថា​អ្នក​ប្រដាល់​Back Kietkamphon​នេះ មាន​ប្រវត្តិ​ប្រកួត​ប៉ុន្មាន​ដងនោះ​ឡើយ ខណៈ​ដែល​ ឡៅ ចន្ទ្រា គេ​មាន​ប្រកួត​៤៦​ដង ឈ្នះ​៤៣​ដង ចាញ់​២​ដង និង​ស្មើ​០១​ដង​។ ឡៅ ចន្ទ្រា ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​ចំនួន​៥​លើក​មក​ហើយ ដោយ​វាយ​ឈ្នះ​៤​លើក​និង​ស្មើ​១​លើក​។ ចំពោះ​ការប្រកួត​ជាមួយ​ខ្មែរ​គ្នាឯង ចន្ទ្រា សឹងតែ​រក​ដៃគូ​មិនបាន​នោះ​ទេ ព្រោះ​គេ​ឈ្នះ​រហូត ។ ការប្រកួត​ជាមួយ​ថៃ​លើក​ចុង​ក្រោយ​នេះ គឺ​វាយ​ស្មើ Pheachngen ហើយ​ការប្រកួត​ចុងក្រោយ​ជា​មួយ​ខ្មែរ​គ្នាឯង គឺ​ចន្ទ្រា​វាយ​ឈ្នះ​ ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ក្នុង​ទឹក​ទី​២​។​

ចន្ទ្រា មានចិត្ត​ប្រដាល់​ធំ​មិន​ចេះ​ខ្លាច មិន​ចេះ​ញញើត គ្រាន់តែ​គេ​ខ្វះ​ល្បិចកល​ក្នុង​ការ​ផ្ដួល​គូ​ប្រកួត​តែប៉ុណ្ណោះ​។ ទោះជា​យ៉ាងនេះ​ក្តី Back Kietkamphon អ្នក​ប្រដាល់​ថៃ​ដែល​មកនេះ មិន​ប្រាកដ​ថា​អាច​យកឈ្នះ​លើ ​ចន្ទ្រា​ បាន​នោះ​ឡើយ​។ ដោយសារ ​ចន្ទ្រា គេ​រឹងមាំ កម្លាំង​ស៊ុ​ហ្វ​ខ្លាំង​មិន​ចាញ់​ស៊ុ​ហ្វ​អ្នក​ប្រដាល់​បរទេស​នោះ​ទេ​។ ​ប៉ុន្តែ​យ៉ាងណា ឡៅ ចន្ទ្រា ក៏​មិនអាច​មើលស្រាល​អ្នក​ប្រដាល់​ថៃ​នោះ​បាន​ដែរ​។​

ចំពោះ​អ្នក​ប្រដាល់​ថៃ​ដែល​នឹង​មក​ជួប​ប្រកួត​ជាមួយ​ ហុន​ ឈុន​ហេង​នោះ​ មានឈ្មោះ​Back Jo kiat kam phon ទម្ងន់​៦០​គីឡូក្រាម​។ អ្នក​ប្រដាល់​ថៃ​រូប​នេះ ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ម្តង​ហើយ ដោយ​ជួប​ជាមួយ​ ង៉ែ​ត្រ រដ្ឋា អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ប៉ុន្តែ​មិន​ត្រូវ​បាន​ប្រកាស​លទ្ធផល​ឈ្នះ​ចាញ់​ទេ ដោយ​អាជ្ញាកណ្ដាល​បញ្ឈប់​លែង​ឲ្យ​ប្រកួត​ក្នុង​ទឹក​ទី​៤ ដោយសារតែ​ ង៉ែ​ត្រ រដ្ឋា ​វាយ​មិន​អស់ពី​សមត្ថភាព​។ ​ក្នុង​ការ​ប្រកួត​៤​ទឹក​នោះ គឺ​គេ​សង្កេតឃើញ​Back Jo kiat kam phon មានប្រៀប​លើ​ ង៉ែ​ត្រ រដ្ឋា ដាច់​តែម្តង​។​

តាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​ថា Back Jo kiat kam phon នេះ​នៅ​ស្រុក​ថៃ គេ​ជា​ជើង​ខ្លាំង​គ្មាន​អ្នកណា​ឈ្នះ​គេ​ទេ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នេះ​។ កាលដែល​គេ​ចង់​មក​ជួប​ ហុន ឈុន​ហេង​នេះ គឺ​ដោយសារ​ចង់​ស្គាល់​ថ្វីដៃ​របស់ ​ឈុន​ហេង តែប៉ុណ្ណោះ​។

ហុន ឈុន​ហេង ជើង​ខ្លាំង​របស់​កម្ពុជា​យើង​នេះ ធ្លាប់​វាយ​ឈ្នះ​ថៃ​៦​នាក់​ហើយ និង​ស្មើ​ម្តង ហើយ​ចាញ់​ម្តង ដែល​ការ​ចាញ់​ម្តងនេះ​គឺ​ការប្រកួត​លើក​ចុង​ក្រោយ​ជាមួយ​Sen Tha nong ក្នុង​ទឹក​ទី​៤​ដោយសារតែ​រមួល​សាច់ដុំ​ភ្លៅ​នោះ​។ ដូច្នេះ ចាំ​មើល ​ហុន ឈុន​ហេង លើក​នេះ អាច​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Back Jo kiat kam phon ដែល​មក​លើក​នេះ​បាន​ឬ​អត់​?​​

សម្រាប់​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ បាង កា​យ៉ាក អ្នក​ប្រដាល់​ជើងចាស់​ក្លិប​អប្សរា​គុន​ខ្មែរ​នឹង​ជួប​ប្រកួត​ជាមួយ​ជើងចាស់ ហ៊ុល ដា​រ៉ា ក្លិប​សាលវ័ន​កីឡា ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៧​គីឡូ​ក្រាម​។ រវាង​អ្នក​ប្រដាល់​ពីរ​នាក់​នេះ ហ៊ុល ដា​រ៉ា​ ប្រហែលជា​មិនអាច​ឈ្នះ​ បាង កា​យ៉ាក​នោះ​ទេ ដោយសារ ​បាង កា​យ៉ាក គេ​ជា​ជើង​ខ្លាំង​នៅ​ជាយដែន​(​កោះកុង​)​ និង​វាយ​មាន​ផ្លែ​ល្អ​ជាង​ ដា​រ៉ា​។

មក​ប្រកួត​នៅ​ភ្នំពេញ​ប្រមាណ​១០​ប្រកួត​នោះ កា​យ៉ាក ​វាយ​ឈ្នះ​ទាំងអស់ មិនដែល​ចាញ់​ទេ ទាំង​អ្នក​ប្រដាល់​បរទេស ​ក៏ដូចជា​អ្នក​ប្រដាល់​រួម​ជាតិ​នោះ​។​ បាង កា​យ៉ាក ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Phit Leng Chhai ក្នុង​ទឹក​ទី​៣​។ ឯ ហ៊ុល ដា​រ៉ា ប្រកួត ចុងក្រោយ​នេះ វាយ​ឈ្នះ ​ស៊ឹម ប៊ុនឆៃ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ​។​

កំពែង ខ្មៅ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងកសិកម្ម ត្រូវ​គេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ ​ឡុង បញ្ញា អ្នក​ប្រដាល់​ក្លិប​សាលវ័ន​កីឡា ក្នុង​ទម្ងន់​៥១​គីឡូក្រាម​។ ឡុង បញ្ញា​នេះ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ តែ​មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង​។ ចាំ​មើល តើ​ កំពែង ខ្មៅ ឬ​ឡុង បញ្ញា ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​? ចំពោះ​អ្នក​ប្រដាល់​ ផល ប្រុស​ខួច ក្លិប​គីរីវង់​សុខ​សែន​ជ័យ​ខេត្តតាកែវ​នឹង​ជួប​ប្រកួត​ជា​មួយ ​អឿន សាវ​លិញ ក្លិប​កីឡាប្រដាល់​ខេត្តកោះកុង ក្នុង​ខណៈ​ដែល ​ធី សំណាង ក្លិប​ក្រសួង​កសិកម្ម​ដែរ​នោះ ជួប​ប្រកួត​ជាមួយ ​ផល ខ្ទឹម ក្លិប​គីរីវង់​សុខ​សែន​ជ័យ​៕

វិ​សិទ្​






​ ​






Post a Comment

0 Comments

Close Menu