ភ្នំពេញ ៖ ជនជួញដូរគ្រឿងញៀន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបន្ទាប់ពីប្រទះឃើញពួកគេកំពុងតែជួញដូរគ្រឿងញៀនជាក់ស្ដែងកាលពីម៉ោង១៩និង២០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ចំណុចចំណតឡានក្នុងផ្សារសុរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
មន្ត្រីប៉េអិមខណ្ឌដូនពេញបានឲ្យដឹងថា ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីគ្រឿងញៀននេះ ១.ឈ្មោះ ជា សំនាង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ជាម្ចាស់ថ្នាំ)។ ២.ឈ្មោះ គង់ បារាំង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកអង្គការកសាង ស្នាក់នៅផ្ទះជួលលេខ២៦ ផ្លូវបេតុងលេខ២១ ភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (បក្ខពួក)។ ចំណែកវត្ថុតាងចាប់យកមានក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់(ធំ០១ តូច០៥)កន្ត្រៃចំនួន០១ ដែកកេះ០១ កែងសម្រាប់ជក់ចំនួន០៧ កូនថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀត ទូរស័ព្ទដៃ ម៉ាកអាយហ្វូនស៊េរីចាស់ចំនួន០១គ្រឿង និងម៉ាកសាំសុងបត់០១គ្រឿង ម៉ូតូ០១គ្រឿងម៉ាកស្តេប ពណ៌ក្រហម ពាក់ស្លាកលេខកណ្ដាល 1E:7190 អត្តសញ្ញាណប័ណ្ណចំនួន០១ និងកាតគ្រីម៉ូតូចំនួន០១សន្លឹក។
មន្ត្រីប៉េអិមខណ្ឌដូនពេញបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួនក្រុមជនសង្ស័យជួញដូរគ្រឿងញៀនទាំងនោះ គឺកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ដោយអ្នកអនុវត្តតាមបញ្ចាជាប្រចាំរបស់លោកមេបញ្ចាការអាវុធហត្ថខណ្ឌដូនពេញ លោក ថោង ពិសិដ្ឋ ក្នុងចេញល្បាតពួនស្ទាក់គ្រប់រូបភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កទប់ស្កាត់ឲ្យទាន់ពេលរាល់បទល្មើសនានា។
ប្រភពព័ត៌មានបន្តទៀតថា ខណៈដែលកម្លាំងជំនាញអាវុធហត្ថខណ្ឌដូនពេញចេញល្បាតនោះ ស្រាប់តែបានទទួលព័ត៌មានសម្ងាត់ថា មានជនសង្ស័យ២នាក់បានមកជួញដូរគ្រឿងញៀននៅកន្លែងផ្ញើរថយន្តក្នុងបរិវេណផ្សារហ្គោលឌិនសូរិយាម៉លនេះ ដូច្នេះកម្លាំងចុះទៅដល់ឃើញជាក់ស្ដែងពួកគេទាំង២នាក់នោះកំពុងឈរនៅទីនោះ ដោយរង់ចាំអតិថិជនរបស់គេមកទិញយកទៅប្រើប្រាស់បន្តនោះ ក៏ហៅធ្វើការឆែកឆេរថ្នាំញៀនដែលដកហូតបាននេះក៏នាំខ្លួនមកទីបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ ដើម្បីសួរនាំរកមេខ្លោងធំ និងកសាងសំណុំឯកសារបញ្ជូនបន្តទីបញ្ជាការរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់។
មន្ត្រីអាវុធហត្ថខណ្ឌដូនពេញបញ្ជាក់ថា នៅក្នុងបរិវេណផ្សារសូរិយាម៉លនេះ គឺសម្បូរទៅដោយករណីជួញដូរគ្រឿងញៀនស្ទើរគ្រប់រូបភាព ហើយត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញចាប់បង្ក្រាបច្រើនករណីមកហើយ ព្រមទាំងចាប់បានជនសង្ស័យច្រើនស្ទើររាប់មិនអស់កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។ តែជាប់គុកមិនចេះអស់មិនចេះហើយសោះ ដែលភាគច្រើនក្រុមជនសង្ស័យទាំងនោះតែងតែណាត់គ្នាមកជួញដូរថ្នាំញៀននៅកន្លែងផ្ញើរថយន្តក៏ត្រូវជាប់អន្ទាក់របស់អាវុធហត្ថច្រើនលើកដូច្នេះតែម្ដង។
ដូច្នេះហើយគេនិយាយថា នៅក្នុងផ្សារហ្គោលឌិនសូរិយាម៉លនោះ ឈ្មោះជាផ្សារទំនើបណាស់ តែបែរជាជាប់ចំណាត់ថ្នាក់លេខ១ជាផ្សារសម្បូរទៅដោយការជួញដូរគ្រឿងញៀនទៅវិញពីព្រោះផ្សារនោះខុសពីផ្សារទំនើបគេ គឺសម្បូរទៅហាងបារបារាំង ដូច្នេះទើបពេញនិយមទៅដោយជនបរទេសច្រើនសាសន៍ដែលចូលចិត្តពេញនិយមខាងសប្បាយ ហើយអាចទិញគ្រឿងញៀនយកទៅប្រើប្រាស់បានទៀតផង ទើបផ្សារនោះសម្បូរអ្នកលក់ថ្នាំញៀនស្ទើរគ្រប់រូបរូបភាពដូច្នេះតែម្ដង។ តែកម្លាំងអាវុធហត្ថខណ្ឌដូនពេញក៏នៅតែបង្ក្រាបជារៀងរហូតឲ្យតែងដឹងថាមានការជួញដូរគ្រឿងញៀនទៀតនោះ៕
អាវុធហត្ថខណ្ឌដូនពេញ បន្តបង្ក្រាបការជួញដូរគ្រឿងញៀនក្នុងផ្សារហ្គោលឌិនសូរិយាម៉ល
0 Comments