ប្រដាល់ ៖ អ្នកប្រដាល់ ឆៃ សារ៉ា សមាគមកីឡាក្រសួងការពារជាតិ បានក្លាយជាម្ចាស់ជើងឯកខ្សែក្រវាត់K-Cement ទម្ងន់៦៣,៥០០គីឡូក្រាម ក្រោយពីគេបានយកឈ្នះ សេង ស្រឿន អ្នកប្រដាល់ក្លិបមហិទ្ធិរិទ្ធតាដំបងដែកដោយពិន្ទុ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រលើសង្វៀន SEA_TV កាលពីល្ងាចថ្ងៃទី១៩ធ្នូនោះ។
ឆៃ សារ៉ា និង សេង ស្រឿន បានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមតំណែងជើងឯកខ្សែក្រវ៉ាត់K.Cementនេះ បន្ទាប់ពីពួកគេទាំង២រូបនេះបានឆ្លងកាត់ក្នុងការប្រកួតជម្រុះពីរដំណាក់កាលកន្លងមកនោះ។
នៅក្នុងការប្រកួតដណ្ដើមតំណែងជើងឯកខ្សែក្រវាត់នេះ ឆៃ សារ៉ា ប្រកួតឈ្នះ សេង ស្រឿននៅទឹកទី៤ ដោយសារមានរបួសធ្ងន់ធ្ងរហើយត្រូវគ្រូពេទ្យបញ្ឈប់។ ក្នុងការប្រកួត៤ទឹកនេះ សារ៉ាវាយ សេង ស្រឿន ឲ្យមានរបួសទាំង៤ទឹក និង៤កន្លែងដែរ។ សារ៉ា បានទទួលតំណែងជាម្ចាស់ខ្សែក្រវាត់ដែលបានទទួលខ្សែក្រវាត់១ ពាន១ និងប្រាក់រង្វាន់១២.០០០.០០០រៀល។ ចំពោះ សេង ស្រឿន ដែលបានលេខ២ នោះបានទទួលពាន១ និងប្រាក់រង្វាន់៨.០០០.០០០រៀល។
ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញ ហេង វាសនា អ្នកប្រដាល់មកពីក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបង បានវាយឈ្នះអ្នកប្រដាល់ប្រាក់រស្មី ក្លិបតាឯកដំបងដែកមានរិទ្ធដោយពិន្ទុ ។
នៅក្នុងការប្រកួត៥ទឹកនោះ វាសនា ឈ្នះ រស្មី ដោយពិន្ទុទាំងវេទនា។ ហេង វាសនា បានចំណាត់ថ្នាក់លេខ៣ ដែលទទួលបានពានមួយ និងប្រាក់រង្វាន់៦.០០០.០០០រៀល។ ចំណែក ប្រាក់ រស្មី ដែលបានចំណាត់ថ្នាក់លេខ៤នោះ ទទួលបានពានមួយ និងប្រាក់រង្វាន់៤.០០០.០០០រៀល។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ខ្សែក្រវាត់K-Cementទម្ងន់៦៣,៥០គីឡូក្រាម ដែលប្រកួតលើសង្វៀនSEA-TV នេះ មានអ្នកប្រដាល់ចូលរួមចំនួន៨រូប ហើយបានដំណើរការប្រកួតអស់រយៈពេលជាង៤ខែ ដោយចាប់ផ្ដើមពីថ្ងៃទី៥កញ្ញា ហើយបានមកបញ្ចប់នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥៕
ជើងឯកខ្សែក្រវាត់K-Cementទម្ងន់៦៣,៥០០គ.ក្រ បានទៅលើ ឆៃ សារ៉ា
0 Comments