Ad Code

ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ និង​អង្គការ WWF​ប្រារព្ធ​ពិធី អបអរសាទរ​ទិវា​សត្វ​ខ្លាធំ​ពិភពលោក​



​ភ្នំពេញ ​៖ ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​សហការ​ជាមួយ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិវឌ្ឍន៍​ធនធានធម្មជាតិ​នៅ​កម្ពុជា​(WWF)​និង​ម៉ាក​សម្លៀកបំពាក់ KENZO ក្នុងការ​បង្កើត​ស្នាដៃ​រចនា​ម៉ូត​សម្លៀកបំពាក់ Rare Stripes ដើម្បី​អបអរសាទរ ទិវា​សត្វ​ខ្លាធំ​ពិភពលោក​(Global Tiger Day )​ដែល​បានបង្ហាញ​និង​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់​ចំពោះ​សត្វ​ខ្លាធំ​ទាំងអស់​ដែល​ជិត​ផុត​ពូជ​នៅ​ទូទាំង​ពិភពលោក​។​

ទិវា​សត្វ​ខ្លាធំ​ពិភពលោក​នេះ​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៨​នៅ​ផ្សារ​ទំនើប​អ៊ី​អន​២​សែន​សុខ​ដោយមាន​ការចូលរួម​ពី​លោក​ឃុ​ត ចាន់​ដា​រា អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក​សេង ទៀក នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិវឌ្ឍន៍​ធនធានធម្មជាតិ​នៅ​កម្ពុជា​(WWF)​និង​លោក Roland Bala នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ប្រចាំ​កម្ពុជា​និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​នាក់​ទៀត​។​

ចំនួន​សត្វ​ខ្លាធំ​នៅលើ​ពិភពលោក​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​កាលពី​សតវត្ស​រ៍​មុន​ដោយសារ​តែ​ការ​បរបាញ់​សត្វព្រៃ និង​ការបំផ្លាញ​ទីជម្រក​សត្វព្រៃ​គ្មាន​ការគ្រប់គ្រង​ខណៈ បច្ចុប្បន្ន​នៅសល់​សត្វ​ខ្លាធំ​ចំនួន ៣៩០០ ក្បាល​ប៉ុណ្ណោះ​រស់នៅ​ក្នុងព្រៃ ប៉ុន្តែ​សត្វ​ខ្លាធំ​ទាំងនោះ​បាន​រង​ការគំរាមកំហែង​ជា​រៀងរាល់ថ្ងៃ​ដោយសារ​ការ​បរបាញ់​ដើម្បី​ជួញដូរ​សត្វព្រៃ​ដោយ​ខុសច្បាប់​។​

ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​ការការពារ និង​ជួយសង្គ្រោះ​សត្វ​ខ្លាធំ គេ​បានរៀបចំ​បង្កើត​ស្នាដៃ​ស្នាដៃ​រចនា​ម៉ូត​សម្លៀកបំពាក់ Rare Stripes ជា​ផ្នែក​មួយ​នៃ​កិច្ចសហការ​ជា​ដៃគូ​រវាង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ និង​អង្គការ WWF ដែលជា​គម្រោង​ផ្តួចផ្តើម​រយៈពេល​ប្រាំមួយ​ឆ្នាំ​ដែល​គាំទ្រ​ដល់​យុទ្ធនាការ TX2 ដែលជា​គោលដៅ​ពិភពលោក​ដើម្បី​បង្កើន​ទ្វេដង​ចំនួន​សត្វ​ខ្លាធំ​ត្រឹម​ឆ្នាំ ២០២២​ខាងមុខ។​

កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ចំនួន ១៣ ដែលមាន​សត្វ​ខ្លាធំ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​បង្កើន​ទ្វេដង​ចំនួន​សត្វ​ខ្លាធំ​ទូទាំង​ពិភពលោក ដោយបាន​អនុម័ត​លើ​ផែនការ​សកម្មភាព​សង្គ្រោះ​សត្វ​ខ្លាធំ​នៅ​កម្ពុជា ដែល​ផ្តោតលើ​ការនាំយក​សត្វ​ខ្លាធំ​ចូលទៅក្នុង​តំបន់​វាលទំនាប​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​។​

លោក សេង ទៀក នាយក​អង្គការ WWF បាន​មានប្រសាសន៍ថា ​សត្វ​ខ្លាធំ​គឺជា​សត្វ​ដ៏​អស្ចារ្យ និង​មាន ភាព​ទាក់ទាញ ហើយ​វា​ត្រូវបាន​ចាត់ទុកជា សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។ នេះ​គឺជា​ពេលវេលា​ដែល​ត្រឹមត្រូវ​បំផុត​ដែល​យើងទាំងអស់គ្នា​ដែលមាន​ទាំង​ក្រុមហ៊ុនស្រា​បៀ Tiger និង KENZO រួមគ្នា​ដើម្បី​អភិរក្ស​សត្វ​ខ្លាធំ​នេះ​។

លោក​បាន​បន្តថា​«​យើងខ្ញុំ​សូមអោយ​មានការ​ចូលរួម​ពី​គ្រប់​ស្រទាប់​ទាំងអស់​ដើម្បី​អភិរក្ស​សត្វ​ខ្លាធំ ហើយក៏​សូម​អំពាវនាវ​ដល់​អតិថិជន​ទាំងអស់​អោយ បញ្ឍប់​ការជួញដូរ​សត្វ​ខ្លាធំ និង​សាច់​សត្វព្រៃ​ជាបន្ទាន់ និង​សូម​អោយ​រាជរដ្ឋាភិបាល​ជួយ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​អ្នក​ដែល​ដាក់​អន្ទាក់​នៅក្នុង​ព្រៃ ការពារ និង​បង្កើន​ការពិន័យ​ដល់​អ្នក​ដែល​ដាក់​អន្ទាក់​ក្នុងព្រៃ​ការពារ​»​។

លោក​បាន​បន្ថែមទៀតថា អន្ទាក់​គឺជា​ឃាតករ​លាក់​មុខ​ដែល​ឆក់យក​ជីវិត​សត្វព្រៃ និង​កំពុងតែ​បំផ្លិចបំផ្លាញ​ជីវិត​សត្វព្រៃ​របស់​ប្រទេស​កម្ពុជា​ក៏ដូចជា​សត្វព្រៃ​ដែលមាន​ការយក​ចាត់ទុក​ដាក់​ខ្ពស់​របស់​ពិភពលោក​ទាំងមូល​។​”

ឆ្នាំនេះ ក្រុមហ៊ុន KENZO ដែល​ល្បីល្បាញ​ទូទាំង​ពិភពលោក​ដោយសារ​រូប​សត្វ​ខ្លា​លើ​ម៉ូត​រចនា​រូបតំណាង​របស់​ក្រុមហ៊ុន​នេះ បានមក​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ និង​អង្គការ WWF ដើម្បី​គាំទ្រ​កិច្ច​អភិរក្ស​សត្វ​ខ្លាធំ​។ ស្នាដៃ​សិល្បៈ​ដំបូងបង្អស់​តាមរយៈ​ការ​បំផុសគំនិត​អំពី​រឿងរ៉ាវ​ជីវិត​សត្វ​ខ្លាធំ​ចំនួន​ប្រាំបី​ក្បាល​មកពី​ក្នុងព្រៃ នឹង​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក នៅតាម​ហាង KENZO នៅ​ផ្សារ​ទំនើប Ginza Six នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៨​។​

លោក Roland Bala នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា «​យើង​ចង់ឱ្យ​ប្រជាជន​ធ្វើ​សកម្មភាព​ជួយសង្គ្រោះ​សត្វ​ខ្លាធំ​នៅ​កម្ពុជា ដែលជា​និមិត្តសញ្ញា​ម៉ាក​យីហោ​ដ៏​ពេញនិយម​របស់​យើង​។ ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា យើង​កំពុងធ្វើការ​ជាមួយ​ដៃគូ​ជាមួយ​អង្គការ WWF ម៉ាក​សម្លៀកបំពាក់ KENZO និង​សិល្បករ​ច្នៃ​ម៉ូត​ដ៏​លេចធ្លោ​ចំនូ​ន​៤​រូប​ដើម្បី​បង្កើត​ស្នាដៃ​សិល្បៈ​ម៉ូត​សម្លៀកបំពាក់ Rare Stripes ពិសេស​នេះ​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ជាស​កល និង​មូលនិធិ​សម្រាប់​ជួយសង្គ្រោះ​សត្វ​ខ្លាធំ​។​»

ដោយ​សហការ​ជាមួយ​ប្រធាន​ផ្នែក​ច្នៃ​ម៉ូត​សម្លៀកបំពាក់ KENZO គឺ​លោក Humberto Leon និង​លោកស្រី Carol Lim ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​បានជ្រើសរើស​សិល្បករ​ល្បីឈ្មោះ​ទូទាំង​ពិភពលោក​ចំនួន​បួនរូប​ដើម្បី​ច្នៃ​ម៉ូត​សម្លៀកបំពាក់​ពិសេស​ដែលមាន​ចំនួន​កំណត់​។ សិល្បករ​ទាំងនេះ​រួមមាន​៖ សិល្បករ​សហ​សម័យ និង​ជាងចម្លាក់​គឺ លោកស្រី Meryl Smith (​អាមេរិក​) ជាងគំនូរ​និង​អ្នក​រចនា​ម៉ូត​គឺ​កញ្ញា Esther Goh (​សិង្ហ​បុរី​) ជាងគំនូរ​និង​អ្នក​រចនា​ម៉ូត​គឺ​កញ្ញា Julienne Tan (​កម្ពុជា​) និង​សិល្បករ​រូបភាព​និង​ឌីជីថល​គឺ​លោក Sean Lean (​ម៉ាឡេស៊ី​)​។

មុនពេល​ចាប់ផ្តើម​អនុវត្ត​គម្រោង​នេះ ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​បាន​នាំយក​ប្រធាន​ផ្នែក​ច្នៃប្រឌិត និង​សិល្បករ​បួនរូប​មក​ប្រទេស​កម្ពុជា​ដើម្បី​ជួបពិភាក្សា​ជាមួយ​អ្នកជំនាញ​សត្វព្រៃ​របស់​អង្គការ WWF ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ស្វែងយល់​ឲ្យ​ច្បាស់​ពី​ស្ថានភាព​របស់​សត្វ​ខ្លាធំ​។
​ស្នាដៃ​សិល្បៈ​ម៉ូត​សម្លៀកបំពាក់ Rare Stripes នឹង​បង្ហាញ​វត្តមាន និង​ដាក់លក់ នៅ​ថ្ងៃទី ២១ ខែកក្កដា ចាប់ពី​ម៉ោង ៣ រសៀល នៅតាម​បណ្តា​ហាង KENZO មួយចំនួន​នៅ​ទូទាំង​ពិភពលោក​ចាប់ពី​ដើមខែ​សីហា​ខាងមុខនេះ​។​

ការអបអរសាទរ​ទិវា​សត្វ​ខ្លាធំ នៅ​ផ្សារ​ទំនើប​អ៊ី​អន សែន​សុខ រាជធានី​ភ្នំពេញ​នេះ​នៅពេល​ថ្ងៃ សា​ធារ ណ ជន​អាច​ចូល​ទស្សនា​ពិព័រណ៍​គំនូរ​សត្វ​ខ្លាធំ ការតាំង​បង្ហាញ​ស្នាដៃ​ច្នៃ​ម៉ូត​សំ​ម្លៀ​ក​បំពាក់ KENZO ទទួលបាន​បទពិសោធ​ន៍​អំពី​ជីវិត​សត្វ​ខ្លាធំ​ជា​លក្ខណៈ​រូបភាព AR និង VR ហើយ​និង​ការធ្វើ​សមាធិ Roar និង Nature និង​កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​វិចិត្រករ​និង​សិល្បករ​ល្បីៗ​។​

ក្រៅពីនេះ​ក៏មាន​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ដ៏​ពិសេស និង​កម្មវិធី​ប្រគំ​តន្ត្រី​នៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ចាប់ផ្តើម​ធ្វើឡើង​នៅពេល​ល្ងាច​ចាប់ពី​ម៉ោង ៦៖៣០ នាទី​ល្ងាច ដោយមាន​ការអញ្ជើញ​ចូលរួម​សម្តែង​ពី​សំ​ណា ក់​តារា​ល្បីៗ​ប្រចាំ​ព្រះរាជា​ណា​ច​កម្ពុជា​ដូចជា​កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា មាស សុខ​សោភា និង​លោក ឆន សុវណ្ណ​រាជ​ផងដែរ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu