បាត់ដំបង ៖ ជនសង្ស័យម្នាក់ ដែលបានប្រព្រឹត្តនូវករណី រំលោភសេពសន្ថវៈកាលពី១៨ឆ្នាំមុន ហើយបានរត់គេចខ្លួនចោលស្រុកបាត់ស្រមោលនោះ ត្រូវបានកំលាំងអនុវត្តដីកាតាមចាប់ខ្លួនយកមកប្រគល់អោយតុលាការ បន្ទាប់ពីជនសង្ស័យរូបនេះ បានលបវិលចូលទ្រនំចាស់វិញ។
យោងតាមរបាយការណ៍របស់កំលាំងផ្នែកអនុវត្តដីកា ដឹកនាំដោយលោកវរសេនីយ៍ត្រីកង សុផាណ្ណា បានបញ្ជាក់ថា នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង១០និង ៥០ នាទី នៅចំណុចផ្ទះជនល្មើស ស្ថិតក្នុងភូមិផ្លូវបំបែក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កំលាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដែលដឹកនាំដោយលោកស គឹមឡុង អធិការនគរបាលស្រុក បានអនុវត្តដីកាស្វែងរកចាប់ខ្លួនជនជាប់ទោស លេខ០៩ដចខជជទ ចុះថ្ងៃទី០៤ ខែមិនា ឆ្នាំ២០០២ របស់ប្រធានតុលាការខេត្តបាត់ដំបង គឺលោក និល ណុន ដែលបានបញ្ជាអោយអនុវត្តទៅលើ ឈ្មោះ ហួត ណាង ហៅធំ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិផ្លូវបំបែក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ដីកាបញ្ជាអោយស្វែងរកចាប់ខ្លួននេះ គឺបានចោទប្រកាន់ទៅលើជនសង្ស័យពីបទ«រំលោភសេពសន្ថវៈ» ប្រព្រឹត្តនៅចំណុច ភូមិព្រៃសំឡ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០០០ ហើយបានរត់គេចខ្លួន បាត់គឺតាំងពីជនសង្ស័យរូបនេះ នៅមានអាយុ២០ឆ្នាំ ប៉ុណ្ណោះ។
នៅក្នុងរយៈពេលជិត ២០ ឆ្នាំមកនេះ សមត្ថកិច្ចនៅតែព្យាយាមស្វែងរកមុខសញ្ញានេះដដែល រហូតមកដល់ថ្ងៃទី ១៩ នេះ ទើបប្រទះឃើញជនសង្ស័យវិលត្រឡប់មកកាន់លំនៅដ្ឋាន ទើបសមត្ថកិច្ចចុះឃាត់ខ្លួនតាមអំណាចដីកានេះតែម្តង ដើម្បីបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ត ក្នុងការអនុវត្តបន្តតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments