Ad Code

ផាន់ គ្រាន់ ជួប​ថៃ Yuok Phit ឯ ន​ន់ ជំនិត ជួប​បារាំង​Julien



អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​ផាន់ គ្រាន់ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​និង​ជា​ម្ចាស់​ខ្សែក្រវាត់​Barrley Black ទម្ងន់​៦៣,៥០០​គីឡូក្រាម ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​ថៃ Yuok Phit នៅ​យប់​ថ្ងៃ​សៅរ៍​ទី​២២ ខែ​​កញ្ញា​ ឆ្នាំ​២០១៨​នេះ នៅ​សង្វៀន​Ganzberg Top Fighter នៅ​អាស៊ីអាគ្នេយ៍។

Yuok Phit នេះ កាលពី​ឆ្នាំ​២០១៧ គេ​បានមក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ចំនួន​៣​លើក ដោយ​ជួប​ប្រកួត​ជាមួយ​ធន់ ចាន់​តាក់ សូត្រ ប៊ុន​ធី និង​ចុងក្រោយ​ជួប​ប៉ោ ភា​រិ​ទ្ធ​(​យ៉េន​ឌី​ណា​) ហើយ​វាយ​ឈ្នះ​ប៉ោ​ភា​រិ​ទ្ធ ក្នុងពេលដែល​ភា​រិ​ទ្ធ​កំពុង​ស្រុត​ធ្លាក់​នោះ ។ ទោះជា​យ៉ាងណា សម្រាប់​ជំនួប​ជាមួយ​ផាន់ គ្រាន់​លើក​នេះ មិនដឹងថា Yuok Phit អាច​បានឈ្នះ​ទៀត​ឬ​អត់​នោះទេ ? ។

យ៉ាងណា ផាន់ គ្រាន់ មិនអាច​មើលស្រាល ឬ ធ្វេសប្រហែស​នោះទេ ព្រោះ Yuok Phit អ្នក​ប្រដាល់​ថៃ​រូបនេះ គឺមាន​ស្នៀត​ប្រដាល់​និង​បច្ចេកទេស​មិនជា​អន់​នោះឡើយ ។​អ្នក​ប្រដាល់​ថៃ​រូបនេះ មានកំនត់​ត្រា​ប្រកួត​ចំនួន ៧៦​លើក ឈ្នះ​៦៥​លើក ចាញ់​១១​លើក និង​ស្មើ​០១​លើក ។ រីឯ ប្រវត្តិ​ប្រកួត​របស់​ផាន់ គ្រាន់ វិញ គឺ ប្រកួត​១១៩​លើក ឈ្នះ​៩៨​លើក ចាញ់​១៨​លើក​និង​ស្មើ​០៣​លើក ។​

ផាន់ គ្រាន់ មិនដឹងថា អាច​យកឈ្នះ Yuok Phit បាន​ឬ​អត់​នោះទេ ?​ព្រោះថា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ផ្លែ​ល្អ និង​រឹងមាំ​ណាស់ ។ ដូច្នេះ ចាំមើល​រវាង​ផាន់ គ្រាន់ និង Yuok Phit ជួបគ្នា​លើកដំបូង​នេះ តើន​រណា​ឈ្នះ ? ។

ចំណែក ន​ន់ ជំនិត អ្នក​ប្រដាល់​ក្លិប​ស្វាយ​រលំ​ឫទ្ធី​ជ័យ ដែលជា​ជើង​ខ្លាំង​ជើងចាស់​របស់​កម្ពុជា​នោះ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជនជាតិ​បារាំង​ឈ្មោះ​Julien ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១ គីឡូក្រាម ។​

នេះ​ជា​លើក​ទី​១០ របស់​ន​ន់​ជំនិត ដែល​បាន​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស ។​ក្នុង​៩​ប្រកួត​ជាមួយ​ថៃ​និង​អឺរ៉ុប​កន្លងមកនេះ ន​ន់ ជំនិត វាយ​ឈ្នះ​៥​លើក និង​ចាញ់​៤​លើក ។ ការប្រកួត​លើកចុងក្រោយ​របស់​ជំនិត គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​បារាំង Naser ដោយ​ពិន្ទុ ។ ចាំមើល លើក​នេះ ន​ន់ ជំនិត អាច​យកឈ្នះ​អ្នក​ប្រដាល់​ជនជាតិ​បារាំង​ឈ្មោះ​Julien​នេះ បាន​ឬ​អត់ ? ។​

ន​ន់ ជំនិត ជា​ជើង​ខ្លាំង​ជើងចាស់ គេ​មានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​វាយ​ជាមួយ​បរទេស គឺ​គ្មាន​ញញើត​ខ្លាច​អ្វី​បន្តិច​ទេ ។ គេ​មាន​កណ្តាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត ។ ក្នុង​កំនត់ត្រា​ប្រកួត​ចំនួន​៧៥​លើក​ជំនិត​វាយ​ឈ្នះ​៥៨​លើក ចាញ់​១៥​លើក និង​ស្មើ​០២​លើក​ប៉ុណ្ណោះ ។

ទោះជា​បែបនេះ​ក្តី មិនទាន់​ហ៊ាន​សន្និដ្ឋានថា ន​ន់ ជំនិត ជួប​សំណាងល្អ​នៅក្នុង​ការប្រកួត​ជាមួយ​Julien នេះឡើយ ? ព្រោះ​អ្នក​ប្រដាល់​បារាំង​រូបនេះ ថ្វីត្បិតតែ​មានកំនត់​ត្រា​ប្រកួត​ត្រឹម​៣៩​លើក ឈ្នះ​៣២​លើក​និង​ចាញ់​០៧​លើក​ក្តី តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ មាន​បច្ចេកទេស​វាយ​ល្អ ដែល​មិនអាច​មើលស្រាល​បាន ។ Julien​កាលពី​ថ្ងៃទី​០១​កញ្ញា នៅលើ​សង្វៀន​SEATV​នេះ គេ​បាន​វាយ​ឈ្នះ​ជើងចាស់​ហេង សំរាំង ដោយ​ពិន្ទុ ដូច្នេះ​គេ​មិនធម្មតា​នោះឡើយ៕​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu