បាត់ដំបង ៖ សាច់មាន់ និង ចំណីអាហារ ដែលនាំឆ្លងដែនចេញពីប្រទេសថៃ ចូលមកកម្ពុជា សរុបប្រមាណ ជាង ១ តោន តាមច្រកអូររំដួល ក្នុងស្រុកភ្នំព្រឹក ត្រូវបានកម្លាំងជំនាញរបស់សាខាកាំកុងត្រូល ដែលឈរជើងតាមបណ្តាប៉ុស្តិ៍នានា លើខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ចាប់បាន ព្រមទាំងបានធ្វើការដុតបំផ្លាញចោលផងដែរ។
យោងតាមរបាយការណ៍ ដែលអះអាងដោយលោក ហាក់ សុខរិន ប្រធានសាខា កាំកុងត្រូលប្រចាំខេត្តបាត់ដំបង បានលើកឡើងថា មួយរយៈនេះ កម្លាំងរបស់លោក បានធ្វើការរឹតបន្តឹងនូវទំនិញនានាដែលនាំចូលមកពីប្រទេសថៃ ដើម្បីពិនិត្យទៅលើគុណភាព និងទប់ស្កាត់អោយបាននូវរបស់ដែលខូចគុណភាព ព្រោះវាអាចធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលទិញយកទៅពិសា។
ជាក់ស្តែង កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញនេះ សាខាកាំកុងត្រូលខេត្តបាត់ដំបង ដែលឈរជើងប្រចាំ ប៉ុស្ដិ៍ អូររំដួល ក្នុងស្រុកភ្នំព្រឹកបានធ្វើការត្រួតពិនិត្យទំនិញ នាំចូល ពីប្រទេសថៃ នៅមាត់ច្រក ដោយចាប់បាន នូវចំណីអាហារដែលខូចគុណភាពយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលក្រុមឈ្មួញបានដាក់បង្កប់នៅពីក្រោមរទេះដែលដឹកផ្លែឈើ។
ទំនិញទាំងនោះរួមមាន សាច់មាន់ ស្លាបមាន់ ជើងមាន់ ឆ្អឹងមាន់ ដែលសុទ្ធសឹងជាទំនិញខូចគុណភាព សរុប ទម្ងន់ ១,០៥៥ គីឡូក្រាម និង នំ ចម្រុះ ខូចគុណភាព ៥០ គីឡូក្រាម ក្រោយពីបានចាប់យកទំនិញទាំងនេះរួចមក នៅព្រឹកថ្ងៃទី ២០ ខែ ឆ្នាំ ដដែល កំលាំងជំនាញរបស់សាខាកាំកុងត្រូល បានធ្វើការដុតកម្ទេចចោល នៅនឹងព្រំដែននោះតែម្តង ដោយមាន ការចូលរួមពី លោក អភិបាលរងស្រុក ភ្នំព្រឹក និងគ្រប់ស្ថាប័នពាក់ព័ន្ធ ដូចជា កំលាំងគយ និងប៉ូលិស ស្នាក់ការ ជាដើម៕
Source: Kampuchea Thmey Daily
0 Comments