អ្នកប្រដាល់ជើងខ្លាំងកម្ពុជា២រូប គឺឡៅ ចន្ទ្រា ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ និង ផល សោភ័ណ្ឌ ក្លិបតាឡីដំរីមានរិទ្ធ នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃលើសង្វៀនបាយ័នស្ទឹងមានជ័យ នាយប់ថ្ងៃអាទិត្យទី២៣ កញ្ញា ២០១៨នេះ។
ឡៅ ចន្ទ្រា ត្រូវគេផ្តល់ឱកាសអោយជួបប្រកួតសាកកណ្តាប់ដៃជាមួយអ្នកប្រដាល់ជើងខ្លាំងថៃឈ្មោះKhamlaipetch Phakthungchai ដើម្បីសងសឹកអោយ វង្សណយ ដែលបានវាយចាញ់អ្នកប្រដាល់ថៃម្នាក់នេះចំនួន២លើកកន្លងមកនោះ។ ពួកគេទាំងពីរ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៧០គីឡូក្រាម។
តែយ៉ាងណា ឡៅ ចន្ទ្រា ពិបាកសង្ឃឹមឈ្នះ Khamlaipetch ណាស់ ។ Khamlaipetch អ្នកប្រដាល់ថៃរូបនេះ ធ្លាប់មកវាយនៅស្រុកខ្មែរច្រើនលើកហើយកន្លងមក ។ យ៉ាងណា Khamlaipetchជាជើងខ្លាំងមួយរូបនៅស្រុកថៃ ហើយមកវ៉ៃនៅស្រុកខ្មែរ ក៏កម្រមានអ្នកយកឈ្នះបានដែរ ។ គេធ្លាប់វាយឈ្នះរឿង សោភ័ណ្ឌពីរលើក ឈ្នះឡុង សុភីមួយលើក ឈ្នះឡុង សុវណ្ណឌឿនមួយលើក និងឈ្នះផុន ផាន់ណាមួយលើក ហើយក៏ធ្លាប់ចាញ់មឿន សុខហ៊ុចមួយលើក ចាញ់ព្រំ សំណាង ពីរលើក ។
ជាមួយនេះ Khamlaipetch ធ្លាប់ជួបវង្ស ណយ ២លើក ដោយវាយឈ្នះវង្សណយទាំងពីរលើក ដែលជួបលើកទី១ គេបានផ្តួលយកឈ្នះវង្ស ណយ ក្នុងទឹកទី២ កាលពីថ្ងៃទី២៩កញ្ញា២០១៧ និងលើកទី២ ថ្ងៃទី១៨ឧសភា២០១៨ គេឈ្នះវង្ស ណយ ដោយពិន្ទុ ហើយមកលើកចុងក្រោយនេះ Khamlaipet ch ផ្តួល ឯម ឡេងលី ជើងខ្លាំងស្រករក្រោយក្លិបថ្មគោលពោធិសែនជ័យ អោយសន្លប់មុនទឹក៥ទៀតផង ។ នេះបើតាមប្រវត្តិរបស់ Khamlaipetch។
ទោះជាយ៉ាងណា ការប្រកួតលើកនេះ ឡោ ចន្ទ្រា មិនអាចធ្វេសប្រហែសនឹង Khamlaipetch បានឡើយ ព្រោះអ្នកប្រដាល់ថៃរូបនេះ មិនសាមញ្ញនោះទេ ព្រោះគេធ្លាប់ឈ្នះជើងខ្លាំងរបស់កម្ពុជាច្រើនរូបហើយ គឺបញ្ជាក់ថា គេមិនអន់នោះទេ រឿងអីគេញញើតឡៅ ចន្ទ្រានោះ? ។
Khamlaipetch មានប្រវត្តិកួតចំនួន១០៨លើក ឈ្នះ៨៨លើក ចាញ់១៨លើក និង ស្មើ០២លើក ខណះដែលឡៅ ចន្ទ្រា មានកំនត់ត្រាប្រកួតចំនួនជាង១០០លើកដែរ ។ ចាំមើល ឡៅ ចន្ទ្រា អាចយកឈ្នះKhamlaipetch បានឬអត់នោះសម្រាប់ជំនួបលើកទី១នេះ ? ឡៅ ចន្ទ្រា គេប្រកួតជាមួយថៃចុងក្រោយនេះ វាយឈ្នះអ្នកប្រដាល់ថៃសែន ម៉ានី ក្នុងទឹកទី៤ កាលពីថ្ងៃទី១៥កញ្ញា ២០១៨កន្លងទៅនេះ ។
ចំពោះអ្នកប្រដាល់ថៃ Bukjoh Sor.Anucha គេនឹងឡើងមកសងសឹកជាមួយអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ផល សោភ័ណ្ឌ ក្លិបតាឡីដំរីមានរិទ្ធ ។ អ្នកប្រដាល់ថៃរូបនេះ ត្រូវផល សោភ័ណ្ឌ វាយអោយសន្លប់ដោយកែងក្នុងទឹកទី៤ កាលពីថ្ងៃទី២៦សីហា២០១៨ ។
Bukjoh កាលពីពេលកន្លងមក ធ្លាប់មកប្រកួតនៅស្រុកខ្មែរម្តងហើយ ដោយវាយឈ្នះឈឿន ឆៃដែន ក្លិបថ្មគោលពោធិសែនជ័យ ក្នុងទឹកទី២ ។ អ្នកប្រដាល់ថៃរូបនេះ មានកំនត់ត្រាប្រកួតចំនួន៨០លើក ឈ្នះ៦១លើក ចាញ់១៩លើក មិនដែលស្មើ ហើយធ្លាប់ផ្តួលដៃគូប្រកួតអោយសន្លប់បានចំនួន១៥លើក ។
អ្នកប្រដាល់ថៃម្នាក់នេះ មានកាយសម្បទារឹងមាំ មានកម្ពស់ប្រហាក់ប្រហែលសោភ័ណ្ឌដែរ គឺ១,៧០ម៉ែត្រ ហើយសោភ័ណ្ឌ១,៦៨ម៉ែត្រ ។ តែយ៉ាងណា Bukjoh មិនដឹងថា អាចសងសឹកអ្នកប្រដាល់ជើងខ្លាំងកម្ពុជាផលសោភ័ណ្ឌ បានឬអត់នោះទេ ? ។
ផលសោភ័ណ្ឌ ជាអ្នកប្រដាល់ជើងខ្លាំង ដែលធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ថៃច្រើននាក់មកហើយនាពេលកន្លងមក ដោយវាយចាញ់តិចតួចបំផុត ដែលការជួបថៃចុងក្រោយគេនោះ ផល សោភ័ណ្ឌ បានផ្តួល Bukjoh ក្នុងទឹកទី៤ ។
និយាយជារួម ក្នុងការប្រកួតចំនួន១៣១លើក ផល សោភ័ណ្ឌវាយឈ្នះ១១៥លើកហើយ ដោយចាញ់តែ១៤លើកនិងស្មើ០២លើក ហើយធ្លាប់ផ្តួលគូប្រកួតអោយសន្លប់លើរេញចំនួន៤១លើក ។ យ៉ាងណា សម្រាប់ការជួបBukjohលើកនេះ គេនៅតែមានជំនឿទុកចិត្តលើផលសោភ័ណ្ឌ ថានឹងអាចយកឈ្នះអ្នកប្រដាល់ថៃនេះបានមិនខាន ព្រោះថាអ្នកប្រដាល់ថៃរូបនេះធ្លាប់ចាញ់ក្រោមថ្វីកែងរបស់គេម្តងរួចទៅហើយ៕
Source: Kampuchea Thmey Daily
0 Comments