ភ្នំពេញ ៖ នគរបាលខណ្ឌច្បារអំពៅ បានធ្វើការបង្ក្រាបមុខសញ្ញាឆក់យ៉ាងសកម្មចំនួនពីរនាក់។ ជនរងគ្រោះក្នុងហេតុការណ៍ឆក់នេះ ឈ្មោះវ៉ាន់ ករុណា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យ០២នាក់ ៖
១-ឈ្មោះថុន ពុទ្ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
២-ឈ្មោះចក់ វិចិត្រ ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
នគរបាលបានអោយដឹងថា កាលពីថ្ងៃទី១៨-០៩-២០១៨ ម៉ោង១៥និង៣០នាទី ជនរងគ្រោះជិះម៉ូតូ ម្នាក់ឯងចេញពីផ្ទះ មកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ០២នាក់ ជិះម៉ូតូម៉ាកHonda ពណ៌ខ្មៅ គ្មានស្លាកលេខ លេខតួ៥៧០៤៦៨៥ លេខម៉ាស៊ីន៥៥០០០៨១ មកពី ក្រោយអែបខាងស្តាំ រួចធ្វើសកម្មភាពឆក់កាបូបស្ពាយពណ៌ក្រហមពីជនរងគ្រោះក្នុងកាបូបមាន ៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាក iPhone៦ Plus ពណ៌ប្រផេះ លេខស៊ីម ០១០ ៤០៩៣០០, លុយដុល្លារ ១០០ដុល្លារ និងលុយខ្មែរ១០ម៉ឺនរៀល បានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសត្រគាកខាងឆ្វេង និងកែងដៃខាងស្តាំ រួចជនសង្ស័យជិះម៉ូតូគេចខ្លួន។ រហូតដល់ថ្ងៃទី១៩-០៩-២០១៨ម៉ោង៨ និង០០នាទី សមត្ថកិច្ចយើងស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យទាំង២នាក់ នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដកហូតទូរស័ព្ទដៃ០១គ្រឿងខាងលើជារបស់ជនរងគ្រោះ និងម៉ូតូជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
+កន្លងមកជនសង្ស័យធ្វើសកម្មភាពឆក់២លើក
-លើកទី១ ៖ កាលពីថ្ងៃទី១០-០៩-២០១៨ ម៉ោង២០និង៣០នាទី ជនសង្ស័យទាំង០២នាក់ ឆក់កាបូបពី ជនរងគ្រោះឈ្មោះ ឡាច សុខា នៅមុខផ្ទះគ្មានលេខភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្នុងកាបូបមាន ៖ លុយដុល្លារ ៤០០ដុល្លារ, ចិញ្ចៀនប្លាទីន២វង់, ទូរស័ព្ទដៃ០១គ្រឿង ម៉ាក iPhone៥S ពណ៌ ខ្មៅ លេខស៊ីម ០៩៦ ៧១១៨៤១៣, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក និងប័ណ្ណបើកបរ០១សន្លឹក។
លើកទី២៖ កាលពីថ្ងៃទី១៥-០៩-២០១៨ ម៉ោង១៥និង០០នាទី ជនសង្ស័យទាំង០២នាក់ ឆក់កាបូបពីជនរងគ្រោះឈ្មោះ ម៉ៅ មុំ នៅមុខដីឡូត៍គ្មានលេខ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្នុងកាបូបមាន ៖ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក iPhone៦ Plus ពណ៌ផ្កាឈូក លេខស៊ីម ០៧៦ ៣៧៧៧៧៤៦, លុយ៥ម៉ឺនរៀល និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០២សន្លឹក។ នគរបាលបញ្ជាក់ថា ជនសង្ស័យទាំងពីរសុទ្ធតែប្រើប្រាស់ថ្នាំញៀន៕
Source: Kampuchea Thmey Daily
0 Comments