ការប្រកួតជម្រុះបាល់ទាត់Hun Sen Cup 2015 បានចាប់ផ្ដើមព្រមៗគ្នាក្នុងតំបន់ទាំង៦ កាលពីថ្ងៃទី០៨ ខែមករា ដែលក្នុងការលេងថ្ងៃដំបូងនេះ ក្រុមដែលធ្លាប់លេងក្នុង Leagueសុទ្ធតែដណ្ដើមបានជ័យជំនះទាំងអស់។
សម្រាប់រាជធានីភ្នំពេញ ក្រុមដែលលេងក្នុង League គឺក្រសួងការពារជាតិ - គីរីវង់សុខសែនជ័យ និង Albirex Niigata។ តាមពិតនៅក្នុងតំបន់រាជធានីភ្នំពេញនេះ មានក្រុម League ចំនួន៤ ក្រុមឯណោះ គឺក្រុម Western Uni FC ប៉ុន្តែក្រុមនេះ ដកខ្លួនមិនចូលរួមប្រកួតឡើយ។
នៅក្នុងការប្រកួតថ្ងៃដំបូងនេះ ក្រុមក្រសួងការពារជាតិ បានយកឈ្នះ ក្រុមព្រែកជ័យកីឡា៣ ទល់ ០។ ក្រុមគីរីវង់សុខសែនជ័យប្រកួតឈ្នះក្រុមខណ្ឌជ្រោយចង្វា២ទល់១ និងក្រុម Albirex Niigata ឈ្នះក្រុមខណ្ឌទួលគោក២ទល់០។
ចំពោះការប្រកួតនៅតំបន់ខាងកើត ដែលលេងនៅខេត្តព្រៃវែងនោះ ក្រុមម្ចាស់ផ្ទះខេត្តព្រៃវែង បានយកឈ្នះក្រុមខេត្តកណ្ដាល ៤ ទល់ ២។ តំបន់កណ្ដាលដែលលេងនៅខេត្តកំពង់ធំនោះ ខេត្តសៀមរាបបានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តកំពង់ធំ ១ទល់០។ តំបន់ខាងត្បូងដែលលេងនៅខេត្តតាកែវនោះ ក្រុមម្ចាស់ផ្ទះខេត្តតាកែវលេង ចាញ់ក្រុមខេត្តកំពត ០ទល់ ៣។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Hun Sen-Cup វគ្គជម្រុះតាមតំបន់ចាប់ផ្ដើមព្រមគ្នា លើកលែងតែតំបន់ខាងលិច ដែលមានតែខេត្តបាត់ដំបងមួយ និងតំបន់ខាងជើង ដែលមានតែខេត្តក្រចេះមួយតែប៉ុណ្ណោះ ដែលបានឡើងមកប្រកួតវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិនោះ ដោយសារតំបន់ទាំងពីរនេះមានតែមួយក្រុមៗនោះ ដូច្នេះគឺមិនបាច់ប្រកួតជម្រុះឡើយ។
សម្រាប់តំបន់រាជធានីភ្នំពេញ ដែលមាន២ពូល ៧ក្រុម ដែលពូលAមាន៣ក្រុម ហើយពូលBមាន៤ក្រុមនោះ គឺជម្រុះយក៣ ក្រុមឡើងលេងបន្ត។ ឯ តំបន់ដទៃទៀតគឺតំបន់ខាងត្បូង តំបន់ខាងកើត និងតំបន់កណ្ដាល គឺយកតែមួយក្រុមឡើងមកលេងបន្តក្នុងវគ្គ១៦ក្រុមចុងក្រោយប៉ុណ្ណោះ៕
0 Comments