ភ្នំពេញ ៖ ថ្មីៗនេះ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានបញ្ជូនរថយន្តបូមលូទៅដាក់បូមនៅតាមរឺហ្គែរលូក្នុងមូលដ្ឋានខណ្ឌ ខណៈដែលទឹកជំនន់កំពុងគំរាមកំហែង។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ រថយន្តរបស់អង្គភាពលូទឹកបានចុះទៅបូមនៅតាមមាត់លូក្នុងភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណៈដែលសង្កាត់កំពុងរងការលិចលង់ជំនន់ទឹកភ្លៀងធ្លាក់ពីលើនិងទឹកទន្លេហូរចូលតាមតំបន់វាលទំនាប។
លោកពេជ្រ វុទ្ធី មេភូមិតាងៅក្រោមបានឲ្យដឹងថា ក្នុងភូមិតាងៅក្រោមនេះគឺក្នុងឆ្នាំនេះទឹកជំនន់បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរព្រោះទឹកទន្លេហូរចូលមកតាមព្រែកនិងតាមលូនៅតំបន់វាលទំនាប។ ជំនន់ទឹកភ្លៀងបានធ្លាក់ពីលើផង ម្យ៉ាងប្រព័ន្ធលូមួយចំនួនបានស្ទះដោយសារសំរាមដូច្នេះហើយទើបលោកអភិបាលខណ្ឌច្បារអំពៅបានដាក់រថយន្តបូមលូមកដាក់បូមតាមប្រព័ន្ធលូ ដែលស្ទះធ្ងន់ធ្ងរជាងគេ។
លោកមេភូមិតាងៅក្រោមបានបញ្ជាក់ទៀតថា ការស្ទះលូនេះគឺដោយសារស្បោងផ្ទុកសំរាមដែលបងប្អូនប្រជាពលរដ្ឋលោកទុកដាក់មិនបានត្រឹមត្រូវហើយដល់ពេលធ្លាក់ភ្លៀងធ្វើឲ្យស្បោងសំរាមហូរចូល និងបិទមុខលូទើបបង្កឲ្យស្ទះទឹកនិងដក់ពេញលើផ្លូវទៀតផង។
ទាក់ទិនទៅនឹងការកកស្ទះប្រព័ន្ធលូបង្ហូរទឹកនេះដែរលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានមានប្រសាសន៍ថា ក្នុងរដូវវស្សាឆ្នាំនេះ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅបានរងការលិចលង់ដោយជំនន់ទឹកភ្លៀងទាំង៨សង្កាត់តែម្តង ព្រោះស្ថិតនៅជាប់ដងទន្លេមេគង្គក្រោម និងបាសាក់។
ចំពោះការលិចលង់នៅតាមបណ្ដាសង្កាត់ទាំង៨នេះ លោកអភិបាលខណ្ឌបានដឹកម៉ាស៊ីនបូមទឹកខ្នាតធំទៅដាក់បូមសឹងគ្រប់កន្លែងធ្វើយ៉ាងណាដើម្បីឲ្យទឹកបានស្រកទោះបីជាភ្លៀងកាន់តែធ្លាក់ហើយម៉ាស៊ីនបូមទឹកនៅបន្តបូមទាំងយប់ទាំងថ្ងៃទៀតផង។
លោកអភិបាលខណ្ឌបានបញ្ជាក់ទៀតថា ក្នុងរដូវវស្សាឆ្នាំនេះទោះជាជំនន់ទឹកភ្លៀងនៅបន្តធ្លាក់ខ្លាំងយ៉ាងណាគឺអាជ្ញាធរ នឹងខិតខំយកអស់ពីកម្លាំងកាយចិត្តដាក់ម៉ាស៊ីនបូមទឹកបន្ថែមទៀតរួមទាំងនាំយករថយន្តបូមលូដាក់បូមកុំឲ្យស្ទះសំរាមព្រោះជិតដល់បុណ្យភ្ជុំបិណ្ឌផងគឺមិនឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការលំបាកក្នុងការធ្វើដំណើរទៅកាន់ទីអារាមនោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments