លោក គីម ជុងអ៊ុន និងលោក មូន ចេអ៊ីន បានទៅទស្សនាកន្លែងកំណើតខាងសាសនានៃប្រជាជាតិកូរ៉េកាលពីថ្ងៃព្រហស្បតិ៍ដើម្បីបង្ហាញសាមគ្គីភាព បន្ទាប់ពីកិច្ចប្រជុំកំពូលអន្តររបស់ពួកគេបានផ្តល់សន្ទុះថ្មីដល់ការចរចារបស់ក្រុងព្យុងយ៉ាងជាមួយក្រុងវ៉ាស៊ីនតោន។
មេដឹកនាំកូរ៉េខាងជើងកាលពីថ្ងៃពុធបានយល់ព្រមបិទកន្លែងសាកល្បងមីស៊ីល Tongchang-ri នៅចំពោះមុខអ្នកសង្កេតការណ៍អន្ដរជាតិដែលនេះជាទង្វើមួយត្រូវបានអាមេរិកស្វាគមន៍ដោយនិយាយថា ខ្លួនត្រៀមរួចជាស្រេចសម្រាប់កិច្ចពិភាក្សាភ្លាមៗក្នុងគោលបំណងរំសាយអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
ក្រុងព្យុងយ៉ាងក៏បាននិយាយផងដែរថា ខ្លួនអាចរុះរើទីតាំងនុយក្លេអ៊ែរដ៏ល្បីឈ្មោះរបស់ខ្លួននៅតំបន់ Yongbyon បើសិនជាសហរដ្ឋអាមេរិកចាត់វិធានការត្រូវគ្នា។
លោក មូន និងលោក គីម បានស្វែងរកការពង្រឹងចំណងមិត្តភាពរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងនៅឯកិច្ចប្រជុំកំពូលក្រុងព្យុងយ៉ាងដោយយល់ស្របថា មេដឹកនាំកូរ៉េខាងជើងនឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។
កាលពីថ្ងៃព្រហស្បតិ៍ លោកមូននិងលោកគីមដែលអមដំណើរដោយភរិយារបស់ពួកគេបានទៅទស្សនាភ្នំ Paektu នៅជាប់ព្រំដែនចិន។
ភ្នំដែលមានកំពស់២,៧៤៤ម៉ែត្រមួយនេះត្រូវបានចាត់ទុកថាមានភាពសក្តិសិទ្ធិដល់ប្រជាជនកូរ៉េទាំងអស់ព្រោះជាកន្លែងកំណើតរបស់ Dangun ដែលជាអ្នកបង្កើតនគរកូរ៉េមុនគេបង្អស់។
យោងតាមការរៀបរាប់របស់ព្យុងយ៉ាងបានឲ្យដឹងថា វាក៏ជាកន្លែងដែលឪពុករបស់លោកគីមជុងអ៊ុនគឺលោកគីមជុងអ៊ីលចាប់កំណើតនៅក្នុងជំរំសម្ងាត់មួយផងដែរដែលនៅទីនោះឪពុករបស់គាត់ឈ្មោះ គីម អ៊ីលស៊ុល ដែលជាស្ថាបនិករបស់កូរ៉េខាងជើងកំពុងប្រយុទ្ធជាមួយពួកអាណានិគមជប៉ុន។
ភ្ញៀវទេសចរកូរ៉េខាងត្បូងនាំគ្នាទៅមើលភ្នំនេះតាមរយៈប្រទេសចិនប៉ុន្តែមានជនជាតិកូរ៉េខាងត្បូងមួយចំនួនតូចបំផុតដែលទទួលបានការអនុញ្ញាតឲ្យចូលពីខាងភាគីកូរ៉េខាងជើងដោយភាគច្រើនសម្រាប់គោលបំណងស្រាវជ្រាវ៕ AFP
Source: Kampuchea Thmey Daily
0 Comments