លោកនាយករដ្ឋមន្ត្រី Shinzo Abe បានឈ្នះការបោះឆ្នោតជាមេដឹកនាំគណបក្សកាន់អំណាចរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ដែលជាហេតុធ្វើឲ្យលោកស្ថិតនៅលើផ្លូវក្លាយទៅជានាយករដ្ឋមន្ត្រីបម្រើការយូរបំផុតរបស់ប្រទេសជប៉ុន។
អ្នកអភិរក្សអាយុ៦៣ឆ្នាំរូបនេះទទួលបានសំឡេងគាំទ្រ៥៥៣សំឡេងទល់នឹង២៥៤សំឡេងដែលទទួលបានដោយអតីតរដ្ឋមន្ត្រីការពារជាតិ Shigeru Ishiba ក្នុងការប្រជែងសម្រាប់តំណែងមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី។
ជ័យជំនះនេះបានផ្តល់ឲ្យលោក Abe នូវរយៈពេលបីឆ្នាំទៀតជានាយករដ្ឋមន្ត្រីហើយផ្តល់ឱកាសឲ្យលោកបំបែកកំណត់ត្រាសម្រាប់តំណែងនាយករដ្ឋមន្ត្រីបម្រើការយូរបំផុតរបស់ប្រទេសនេះដែលត្រូវបានគ្រប់គ្រងដោយលោក Taro Katsura ដែលបានបម្រើការចំនួនបីដងចន្លោះឆ្នាំ១៩០១ដល់១៩១៣។
ការគាំទ្រជាសាធារណៈចំពោះលោក Abe បានងើបឡើងវិញក្រោយពីគាត់បានរួចផុតពីរឿងអាស្រូវបក្សពួកនិយមនិងរឿងអាស្រូវលាក់កំបាំងជាច្រើន។
លោក Abe នឹងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កនៅចុងសប្ដាហ៍នេះដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនិងរៀបចំជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក Donald Trump ។
លោក Abe និងលោក Trump ត្រូវបានគេរំពឹងថានឹងវិភាគអំពីកិច្ចប្រជុំកំពូលអន្តរកូរ៉េនាពេលថ្មីៗនេះ។ ប៉ុន្តែពួកគេក៏នឹងត្រូវប្រឈមមុខនឹងជម្លោះពាណិជ្ជកម្មដែលកំពុងកើនឡើងផងដែរខណៈដែលលោក Trump មើលឃើញថា ក្រុងតូក្យូគឺស្ថិតនៅក្នុងចំណោមដៃគូពាណិជ្ជកម្មមិនយុត្តិធម៌។
ខណៈដែលអ្នកបោះឆ្នោតជប៉ុនបានដាក់បញ្ហាសេដ្ឋកិច្ចនិងសន្តិសុខសង្គមជាអាទិភាពកំពូលរបស់ពួកគេនោះ លោក Abe មានគោលបំណងប្រើប្រាស់ការបោះឆ្នោតនេះដើម្បីជំរុញក្តីសុបិន្តរបស់លោកក្នុងការធ្វើកំណែទម្រង់លើរដ្ឋធម្មនុញ្ញសន្តិភាពនិយមក្រោយសង្គ្រាមលោកលើកទី២របស់ប្រទេស។
អ្នកជាតិនិយមរូបនេះបានសម្តែងនូវបំណងប្រាថ្នារបស់ខ្លួនក្នុងការសរសេរឡើងវិញនូវធម្មនុញ្ញដែលដាក់ដោយអ្នកកាន់កាប់គឺអាមេរិកដែលបានបង្ខំឲ្យប្រទេសនេះបោះបង់ចោលសង្គ្រាមជារៀងរហូតនិងកំណត់ថា កងកម្លាំងប្រដាប់អាវុធនឹងមិនត្រូវបានថែទាំទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments