Ad Code

ស្គាល់​គ្នា​តាម​facebook​បាន​២​ខែ ​ប្រុស​ស្នេហ៍​ បោក​យក​ម៉ូតូ​ និង​ទូរស័ព្ទ​ដៃ​ទៅ​បាត់



ស្វាយរៀង ​៖​ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច ស្រុក​ស្វាយទាប ​ឃាត់ខ្លួន​ ខណៈ​ដែល​ក្លែង​ជា​នគរបាល​បោកប្រាស់​ស្រី​ស្នេហ៍​យក​ម៉ូតូ​ហុងដា​ឌ្រី​ម ​និង​ទូរស័ព្ទ​ដៃ កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ នៅមុខ​ផ្សារ​ស៊ិន​ជូ​រី ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ឥឡូវ​ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​ស្វាយទាប ឃាត់ខ្លួន​បាន​ទាំង​ម៉ូតូ តាម​បញ្ជា​របស់​លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ ដោយមាន​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ក៏​ដូចជា​លោក​វរសេនីយ៍ឯក អធិការ​នគរបាល​ស្រុក​ស្វាយទាប​ផង​ដែរ។

យោង​តាម​សមត្ថកិច្ច​យើង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មាន ឈ្មោះ រស់ ណាក់ រស់នៅ​ឃុំ អង្គ​តា​សូ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ​និង​ក្លែង​ជា​មន្ត្រី​នគរបាល​ជាតិ ​ឈ្មោះ ណាក់ វី​រះ អត្តលេខ​០៤០៦៨។ ចំណែក​ជនរងគ្រោះ ​មិន​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ស្គាល់​ឈ្មោះ​នោះ​ទេ​ ​ហើយ​បាន​ស្គាល់​គ្នា​តាម​facebook​​ជាមួយ​ជនសង្ស័យ​ខាង​លើ​ បាន​២​ខែ ​ក៏​ត្រូវ​ប្រុស​ស្នេហ៍​ បោក​យក​ម៉ូតូ​ និង​ទូរស័ព្ទ​ដៃ​ទៅ​បាត់​តែម្ដង។

ប្រភព​បាន​បន្តទៀតថា ក្រោយពី​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ជន​សង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​​និង​ប្រគល់​ម៉ូតូ​ជា​វត្ថុ​តាង ​ទៅ​ឲ្យ​សមត្ថកិច្ច​ខាង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ទី​២៣ ​ខែ​កុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅ​នេះ។

សូម​បញ្ជាក់​ផង​ដែរ​ថា សមត្ថកិច្ច បាន​​ឃាត់​ជនសង្ស័យ​ខាងលើ ​នៅ​ថ្ងៃ​ទី​២២ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ​កាលពី​វេលា​ម៉ោង​១៦​និង​១៥​នាទី ​ខណៈ​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​លើ​ដង​ផ្លូវជាតិ​លេខ​១ ​ស្ថិត​ក្នុង​ភូមិ ទួល​អង្គុប ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu