Ad Code

ដា​ណឺ​ម៉ាក​កោះហៅ​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​អ៊ីរ៉ង់​ពាក់ព័ន្ធ​ផែនការ “​វាយប្រហារ​”



កាលពី​ថ្ងៃ​អង្គារ ប្រទេស​ដា​ណឺ​ម៉ាក​ បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ប្រទេស​អ៊ីរ៉ង់​ បន្ទាប់ពី​ខ្លួន​បាន​ចោទប្រកាន់ថា ក្រុង​តេ​រ៉ង់​បានរៀបចំ​ការវាយប្រហា​រ​មួយ​ប្រឆាំងនឹង​ជនជាតិ​អ៊ីរ៉ង់​បីនាក់​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ស្កេ​ន​ឌី​ណា​វៀ​មួយ​នេះ​។​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ដា​ណឺ​ម៉ាក​លោក Anders Samuelsen បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​ខ្ញុំ​បានសម្រេច​ចិត្ត​កោះហៅ​ឯកអគ្គរដ្ឋទូត​ដា​ណឺ​ម៉ាក​នៅ​ទីក្រុង​តេ​រ៉ង់​សម្រាប់​ការពិគ្រោះ​យោបល់​។ ដា​ណឺ​ម៉ាក​មិនអាច​ទទួលយក​បានទេ​ថា​មនុស្ស​ដែលមាន​ទំនាក់ទំនង​ជាមួយ​សេវា​ស៊ើបការណ៍​អ៊ីរ៉ង់​បានរៀបចំ​ផែនការ​វាយប្រហារ​ទៅលើ​មនុស្ស​នៅក្នុង​ប្រទេស​ដា​ណឺ​ម៉ាក​”​។​

លោក Samuelsen បាន​និយាយទៀតថា “​វា​គឺជា​រដ្ឋាភិបាល​អ៊ីរ៉ង់ វា​គឺជា​រដ្ឋ​អ៊ីរ៉ង់​ដែល​នៅ​ពីក្រោយ​ផែនការ​នេះ​”​។ លោក​បាន​បន្ថែមថា លោក​កំពុង​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​និង​សម្ព័ន្ធមិត្ត​រួមទាំង​សហភាព​អឺរ៉ុប​ផងដែរ​អំពី​ទណ្ឌកម្ម​ដែល​អាចដាក់​បាន​។​

កាលពី​ថ្ងៃ​អង្គារ ប្រធាន​ភ្នាក់ងារ​ចារកម្ម​ដា​ណឺ​ម៉ាក (PET) លោក Finn Borch Andersen បាន​និយាយថា ភ្នាក់ងារ​របស់លោក​ជឿជាក់ថា សេវា​ស៊ើបការណ៍​អ៊ីរ៉ង់​គ្រោង​នឹងធ្វើ​ការវាយប្រហារ​នៅ​ប្រទេស​ដា​ណឺ​ម៉ាក​ប្រឆាំងនឹង​ជនជាតិ​អ៊ីរ៉ង់​បីនាក់​ដែល​គេ​សង្ស័យថា​ជា​កម្មសិទ្ធិ​របស់​ចលនា​តស៊ូ​អារ៉ាប់​សម្រាប់​ការរំដោះ Ahvaz​។​

ជនជាតិ​ន័​រវេ​ស​ដើមកំណើត​អ៊ីរ៉ង់​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២១​ខែតុលា​ពីបទ​រៀបចំ​ផែនការ​វាយប្រហារ​និង​ធ្វើ​ចារកម្ម​ឲ្យ​ប្រទេស​អ៊ីរ៉ង់​។ ជនសង្ស័យ​ត្រូវបាន​គេ​ឃុំខ្លួន​នៅក្នុង​ទីក្រុង Goteborg នៃ​ប្រទេស​ស៊ុយអែត​ភាគ​អាគ្នេយ៍​។ នេះ​បើ​យោងតាម​សេវា​សន្តិសុខ​ស៊ុយអែត Sapo ។​

ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក Bahram Ghasemi បាន​និយាយថា ប្រទេស​អ៊ីរ៉ង់​សូម​បដិសេធ​ការចោទប្រកាន់​របស់​ប្រទេស​ដា​ណឺ​ម៉ាក​ដោយ​និយាយថា ពួកគេ​គឺជា​ផ្នែក​មួយ​នៃ​ការឃុបឃិត​របស់​អឺរ៉ុប​ដើម្បី​ប្រឆាំងនឹង​អ៊ីរ៉ង់​។​

ស្របពេល​ជាមួយគ្នា​នោះដែរ ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​ប្រទេស​ដា​ណឺ​ម៉ាក​ត្រូវបាន​កោះហៅ​ទៅ​ក្រសួងការបរទេស​សម្រាប់​ការពន្យល់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu