កណ្ដាល ៖ លោកទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចចេញដីកាឃុំខ្លួន ជនសង្ស័យ២នាក់ក្នុងនោះ ម្នាក់ជាក្រុមការងាររបស់កញ្ញា ធី សុវណ្ណថា ដែលប្រើអំពើហិង្សាទៅលើស្ត្រីអ្នកនេសាទម្នាក់ឲ្យមានរបួសធ្ងន់ ដាក់ពន្ធនាគារបណ្ដោះអាសន្នពីបទ "ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស" ដែលប្រព្រឹត្តនៅ ភូមិថ្កុល ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល កាលពី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២១និង៣០នាទី តាមមាត្រ២១៨ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទ ទី០១.ឈ្មោះ ហ្វី សើគីនីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ជាក្រុមការងាររបស់កញ្ញា ធី សុវណ្ណថា) តាមការអះអាងរបស់សាមីខ្លួន មានទីលំនៅ ភូមិច្រាំងចំរេះ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទី០២.ឈ្មោះ លី ម៉ាត់សារី ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសន្តិសុខសណ្ដាប់ធ្នាប់ផ្សារព្រែកឃ្លោក មានទីលំនៅភូមិ លេខ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បច្ចុប្បន្នអ្នកទាំងពីរស្នាក់នៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបានស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆេង មុំ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នមានទីលំនៅភូមិទួលក្ដី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
លោកអធិការបានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២១និង៣០នាទី មានឈ្មោះហុក ប៊ី ភេទប្រុស អាយុ៣៤ឆ្នាំ កំពុងជិះទូកជាមួយប្រពន្ធឈ្មោះ ឆេង មុំ ដើម្បីបង្កៃសន្ទូចនៅចុងព្រែកឃ្លោក។ ពេលនោះមានឈ្មោះ ហ្វីសើគីនីន និងឈ្មោះ លីម ម៉ាត់សារី ជិះម៉ូតូម្នាក់មួយគ្រឿងត្រឡប់ពីចំណុចពាមសូរតាមផ្លូវខាងត្បូងព្រែកឃ្លោកក៏បានជួបឈ្មោះហុក ប៊ី និងឈ្មោះឆេង មុំ កំពុងនេសាទត្រី ជនសង្ស័យខាងលើមានការសង្ស័យអ្នកទាំងពីរនេសាទត្រីខុសច្បាប់ (ឆក់)ក៏បានសួរនាំថាពួកបងមានឃើញអ្នកឆក់ត្រីឬទេ? អ្នកទាំងពីរឆ្លើយថា ខ្ញុំរាយសន្ទូចទេ ពេលនោះជនសង្ស័យបានឃើញអាគុយចំនួន០១នៅក្នុងទូកក៏បានសុំត្រួតពិនិត្យទូក ភ្លាមនោះឈ្មោះហុក ប៊ី មិនឲ្យត្រួតពិនិត្យក៏បញ្ឆេះម៉ាស៊ីនទូកចេញសំដៅទៅទិសខាងកើត(ពាមសូរ)បានចម្ងាយប្រហែល៥០០ម៉ែត្រ ទើបឈ្មោះលីម ម៉ាត់សារី និងឈ្មោះហ្វី សើគីនីន ជិះម៉ូតូដេញតាម រួចឈប់កាត់មុខទូកក៏ឈ្មោះលី ម៉ាត់សារី បានរើសដុំថ្មក្បែរផ្លូវ គប់សំដៅទូកជនរងគ្រោះចំនួន០១ដុំថ្ម ចំណែកឈ្មោះ ហ្វីសើគីនីន បានរើសដុំដីគប់សំដៅទូកជនរងគ្រោះចំនួន០២ដុំ បណ្ដាលឲ្យត្រូវចំមុខខាងស្ដាំ ឈ្មោះឆេង មុំ ដែលអង្គុយខាងក្បាលទូករបួសហូរឈាមតែម្តង។
ក្រោយពេលទទួលបានព័ត៌មានខាងលើសមត្ថកិច្ចប៉ុស្តិ៍ត្រើយស្លាបានអន្តរាគមន៍ដល់កន្លែងកើតហេតុនាំជនរងគ្រោះមកព្យាបាលនៅមណ្ឌលសុខភាពតាលន់ ចំណែកជនសង្ស័យបានឃាត់ខ្លួនមកប៉ុស្តិ៍រដ្ឋបាលត្រើយស្លាដើម្បីសាកសួរ និងបន្តអនុវត្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments