Ad Code

លទ្ធផល និង​ផែនការ​អនុវត្ត​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ​សង្កាត់ ខណ្ឌ ឆ្នាំ​២០១៩-២០២១ សម្រាប់​អនុវត្ត​បន្ត​របស់​ខណ្ឌ​ព្រែក​ព្នៅ​



ភ្នំពេញ ៖ សាលា​ខណ្ឌ​ព្រែក​ព្នៅ បាន​រៀបចំ​សិក្ខា​សិលា សមាហរណកម្ម​កម្មវិធី​វិនិយោគ សង្កាត់​នៅ​ថ្នាក់​ខណ្ឌ និង​កម្មវិធី​វិនិយោគ បី​ឆ្នាំ​រំកិល​ខណ្ឌ ២០១៩-២០២១ ដើម្បី​ផ្សព្វផ្សាយ​ពី គម្រោង​សកម្ម​ភាព សម្រាប់​សង្កាត់ ខណ្ឌ អនុវត្ត​បន្ត​នៅ​ឆ្នាំ​បន្តបន្ទាប់​ខាងមុខនេះ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៨​នេះ នៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ​។​

ពិធី​នេះ​ធ្វើឡើង​ក្រោម​វត្តមាន លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ​លោក សុខ សម្បត្តិ អភិបាលខណ្ឌ​ព្រែក​ព្នៅ​ និង​លោក ម៉ៅ បូរ៉ា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​មានការ​ចូលរួម​ពី មន្ត្រី​ផែន​ការ​រាជធានី​ភ្នំពេញ ប្រធាន​និង​អនុប្រធាន​មន្ទីរ អង្គការ​និង​សប្បុរសជន ចៅសង្កាត់​ និង​មន្ត្រី​សាលា​ខណ្ឌ​ជាច្រើនរូប​ទៀតផង​ដែរ​។​

លោក សុខ សម្បត្តិ បាន​ថ្លែង​ឲ្យ​ដឹង​ថា សិក្ខា​សិលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​សង្កាត់ នៅ​ថ្នាក់​ខណ្ឌ ​និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ខណ្ឌ​២០១៩-២០២១ នាពេលនេះ ជាការ​រួមចំណែក​ដ៏​សំខាន់ ដើម្បី​គាំទ្រ​នូវ គម្រោង​សកម្មភាព ដែល​ជា​តម្រូវ​ការចាំបាច់ របស់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​។​

លោក​អភិបាល​បាន​បន្ត​ថា ការរៀបចំ​សិក្ខា​សិលា​សមាហរណកម្ម​ផែនការ​សង្កាត់ និង​កម្មវិធី​វិនិ​យោគ ដើម្បី​ផ្សព្វផ្សាយ​ពី​គម្រោង​សកម្មភាព ក្នុង​កម្មវិធី​វិនិយោគ​សង្កាត់ ខណ្ឌ​២០១៨ សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០១៩​ និង​ស្នើ​សុំ​ការ​គាំទ្រ​ពី​មន្ទីរ​ជំនាញ អង្គការ ដៃគូ​អភិវឌ្ឍន៍​នានា ផ្នែក​ឯកជន និង​សប្បុរសជន ដែល​ចាប់អារម្មណ៍​លើ​គម្រោង​ស្នើ​ឡើង​របស់ សង្កាត់ និង​ខណ្ឌ ទោះបី​តិច​ក្ដី​ច្រើន​ក្ដី​។​

លោក​បាន​បន្តទៀតថា លទ្ធផល​ នៃ​ការអនុវត្ត​គម្រោង កម្មវិធី​វិនិយោគ​បី​ឆ្នាំ រំកិល​ខណ្ឌ ដែល​បាន​គាំទ្រ ក្នុង​សិក្ខាសាលា​សមាហរណកម្ម​ឆ្នាំ​២០១៨ ទទួល​បាន​ការ​គាំទ្រ​ចំនួន​៩០​គម្រោង សម្រេច​បាន​១០២% ក្នុង​នោះ​មាន ផ្នែក​សេដ្ឋកិច្ច​មាន​ចំនួន​២១​គម្រោង​ស្មើ​១០៥% ​ផ្នែក​សង្គមកិច្ច​ចំនួន​៤៥​គម្រោង​ស្មើ​១០៥%​ផ្នែក​ធនធានធម្មជាតិ បរិស្ថាន​ចំនួន​០៩​គម្រោង​ស្មើ​៩០% ផ្នែក​ស​រដ្ឋបាល និង​សន្តិសុខ​ចំនួន​១៥​គម្រោង​ស្មើ​១០០%​។​

លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​គម្រោង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ រំកិល​ខណ្ឌ​២០១៩-២០២១ មាន​ចំនួន​២៤៦​គម្រោង ស្មើនឹង​១១០% ដែល​ក្នុង​នោះ​រួមមាន ៖ ផ្នែក​កសិកម្ម ចំនួន​២៣​គម្រោង ផ្នែក​អាជីវកម្ម មាន​ចំនួន​៧​គម្រោង ផ្នែក​អប់រំ មាន​ចំនួន​១៥​គម្រោង ផ្នែក​សុខភាព មាន​៥៥​គម្រោង ផ្នែក​ភាព​ងាយ​រងគ្រោះ​៥​គម្រោង បរិស្ថាន​៣១​គម្រោង និង​រដ្ឋបាល សន្តិសុខ មាន​១១០ គម្រោង អាទិភាព​ប្រចាំ​ឆ្នាំ​២០១៩​។​

ដោយឡែក​ លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ស្នើ​ស្ថាប័ន និង​អ្នក​ពាក់ព័ន្ធ ក្នុង​មូលដ្ឋាន បន្ត​យកចិត្តទុកដាក់ និង​គាំទ្រ​បន្ថែម​ទៀត ដើម្បី​ឲ្យ​មូលដ្ឋាន​មានការ​អភិវឌ្ឍ​ស្របតាម​យុទ្ធសាស្ត្រ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ពិសេស​បំពេញ​ឲ្យ​បាន​ល្អ​នូវ​តម្រូវការ​ចាំ​បាច់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

លោក​អភិបាលរង​បញ្ជាក់​ថា ខណ្ឌ សង្កាត់ រៀបចំ​គម្រោង​ផែនការ​អភិវឌ្ឍន៍​ទទួល​បាន​ជោគជ័យ ក៏​ដោយសារតែ​មានការ ចូលរួម​និង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន មន្ទីរ​ជំនាញ អង្គការ ផ្នែក​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា​។

ជាមួយគ្នា​នោះ លោក​ក៏បាន​ផ្ដល់​នូវ​អនុសាសន៍​មួយ​ចំនួន សម្រាប់​អនុវត្ត​បន្ត ក្នុង​គម្រោង​ផែនការ​ខាង​មុខ ដូចជា ស្នើ​ឲ្យ​ពិនិត្យ​លទ្ធភាព ទៅលើ​គម្រោង​ណា ដែល​គួរ​គាំទ្រ​ដល់​ថ្នាក់ ខណ្ឌ និង​សង្កាត់ ក្រៅពីនេះ​ក៏​ស្នើ​ដល់​គ្រប់​វិស័យ ដែល​បាន​សន្យា បន្ត​គាំទ្រ​គម្រោង​នានា ដោយ​បញ្ចូល​ទៅ​ក្នុង​ផែន​ការ​ប្រ ចាំ​ឆ្នាំ​២០១៩ របស់​ខ្លួន ហើយ​ខិតខំ​អនុវត្ត​ឲ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ទៅ​តាម​ផែនការ​គ្រោងទុក​។ មួយវិញទៀត ស្នើ​ឲ្យ​សង្កាត់ ខណ្ឌ ត្រួតពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​រាល់​គម្រោង​ដែល​បាន​សន្យា បើ​ធ្វើ​មិនបាន ត្រូវ​សួរនាំ ដើម្បី​ឲ្យ​ដឹងពី​មូលហេតុ​ច្បាស់លាស់ និង​រាយការណ៍​មក​ថ្នាក់លើ​ជា​បន្តបន្ទាប់ ដើម្បី​ប្រមូល​ព័ត៌មាន សម្រាប់​បញ្ជូន នឹង​ផ្តល់ព័ត៌មាន ទៅ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជ្រាប​បន្ត​៕

ឧ​ត្ត​រ៉ា​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu