ភ្នំពេញ ៖ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី៣១ ខែតុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយ កម្មករនិយោជិតជាង៦៧០០នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ កម្មករទាំងនោះមកពីរោងចក្រ សហគ្រាសចំនួន៤ នៅក្នុងស្រុកមុខកំពូល។
រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានឲ្យដឹងថា កម្មករ និយោជិត រោងចក្រចំនួន៤ ដែលជួបសំណេះសំណាលជាមួយ សម្ដេចតេជោ ហ៊ុន សែន មកពីខេត្តកណ្ដាលចំនួន២ មានកម្មករនយោជិត ចំនួន៤,៨០៣នាក់ និងមកពីរាជធានីភ្នំពេញចំនួន២ មានកម្មករនិយោជិតចំនួន១,៩៨២នាក់ ដែលមានអ្នកវិនិយោគមកពីប្រទេសចិន ចំនួន២, អង់គ្លេសចំនួន១ និងខ្មែរចំនួន១។ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៣ និងផលិតក្ដារបន្ទះចំនួន១ ដែលផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្ដរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
លោក អ៊ិត សំហេង មកដល់ពេលនេះ ខេត្តកណ្ដាល មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ៤៦៤ មានកម្មករនិយោជិត ចំនួន ១៥៥,១៣៨នាក់ ដែលមានប្រាក់ឈ្នួលសរុប៣៧២លានដុល្លារ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន ១៧០ មានកម្មករនិយោជិតចំនួន ១៣៧,៦៦៤នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង៣៣០ លានដុល្លារ ក្នុងមួយឆ្នាំ។
រដ្ឋមន្ដ្រីក្រសួងការងារ ក៏បានគូសបញ្ជាក់ថា នេះគឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, គោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្ដីពីការអប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពីយុទ្ធនាការចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមបណ្តារោងចក្រនានា ក្នុងប្រទេសកម្ពុជា ជារៀងរាល់សប្តាហ៍ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៧មក ដើម្បីស្វែងយល់អំពីសុខទុក្ខរបស់កម្មករ និយោជិត និងដោះស្រាយបញ្ហាជូនពួកគេ។
ចាប់តាំងពីថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយបងប្អូនប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងបងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធចំនួន៥៧លើក ដែលមានចំនួនសរុបទាំងអស់ ៨០០៥៦៨នាក់ហើយ៕
Source: Kampuchea Thmey Daily
0 Comments