កំពង់ចាម ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ដោយសារអគ្គិភ័យមួយ បានកើតឡើង ហើយបានលេបត្របាក់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ រួមនឹងទ្រព្យសម្បត្តិអស់ទាំងស្រុងកាលពីថ្ងៃទី30 ខែតុលា ឆ្នាំ2018វេលាម៉ោង7.30នាទី នៅភូមិព្រែកស្តី .ឃុំព្រះអណ្តូង.ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ បានអោយដឹងថា លំនៅដ្ឋានខាងលើនេះមាន ទំហំ6ម×12ម ធ្វើពីឈើ ប្រក់ក្បឿង ជាកម្មសិទ្ធិរបស់ឈ្មោះ ប៉ូច ច្រា ភេទប្រុស អាយុ58ឆ្នាំ និងប្រពន្ធឈ្មោះឃឹម ឡុំ អាយុ59ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានឆេះខូចខាតទាំងស្រុងនិងខូចខាតបាត់បង់សម្ភារៈរួមមានៈ1.ស្រូវចំនួន29បេ 2.អង្កចំនួន02បេ=100គីឡូក្រាម 3.ប្រាក់ដុល្លារចំនួន200$ 4.ប្រាក់រៀល2.520.000រៀល 5.កងដៃប្លាទីន1គូទម្ងន់04ជី 6.មាសចំនួន03ជី7 .ទូរទស្សន៍01.ធុងបាស1. តុ1. ទូ1. កង់02គ្រឿង. ថាឡេថង01គ្រឿង.ទុយោទឹកចំនួន80កង់.ក្តារចំនួន01គីប.ជ្រូក01ក្បាល និងសំលៀកបំពាក់មួយចំនួនធំ។
លោក អធិការ បានអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យនេះលោក ទុន.ណេត អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់បានដឹកនាំកម្លាំងជួយ អន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ប្រើប្រាស់ទឹកអស់ចំនួន02ឡាន។
លោកប៉ាក ជាតិ បញ្ជាក់ថា អគ្គិភ័យនេះបណ្តាល មកពី ឆ្លងចរន្តអគ្គិសនីក្នុងបន្ទប់ ទម្រាំម្ចាស់ផ្ទះដឹង និងរថយន្តពន្លត់អគ្គិភ័យទៅដល់ ភ្លើងបានឆេះពេញអំណាចហើយ តែទោះបីខូចខាតលំនៅដ្ឋានអស់មួយខ្នងក៏ដោយ តែបានជួយទប់ស្កាត់មិនអោយឆេះរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋជិតខាងឡើយ។
លោក អធិការបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលនេះគឺមានខ្យល់បក់បោកខ្លាំងត្រូវបិទបារ៉ែតអគ្គិសនីនិងពន្លត់ភ្លើងចង្ក្រានមុននឹងចាក់ចេញពីលំនៅដ្ឋាន៕
Source: Kampuchea Thmey Daily
0 Comments