មន្ដ្រីម៉ាឡេស៊ីម្នាក់ បាននិយាយថា ចំនួនអ្នកស្លាប់ពីការក្រឡាប់លិចទូកឈើមួយគ្រឿងកាលពីសប្ដាហ៍កន្លងមកនេះ ដែលមានផ្ទុកទៅដោយកម្មករអន្ដោប្រវេសន៍ឥណ្ឌូនេស៊ី ដែលបានធ្វើដំណើរចាកចេញពីឆ្នេរផ្នែកខាងលិចនៃប្រទេសនោះ បានកើនឡើងដល់ចំនួន៦១នាក់ហើយ។ មានជនឥណ្ឌូនេស៊ី២០នាក់ផ្សេងទៀត ត្រូវបានសង្គ្រោះរួចផុតពីសេចក្ដីស្លាប់។
មន្ដ្រីម៉ាឡេស៊ី Maritime ឈ្មោះ Mohamad Hambali Yaakup និយាយថា ក្រុមសង្គ្រោះបានស្រង់យកសពបានចំនួនៈ ប្រុស៣៧នាក់ ស្ដ្រី២៣នាក់ ដែលក្នុងនោះមានទាំងនារីវ័យក្មេងម្នាក់ទៀតផង។
ដោយឡែក អ្នកនៅរស់រាននៅឡើយត្រូវបានរកឃើញកាលពីរសៀលថ្ងៃសុក្រកន្លងទៅបន្ទាប់ពីគេស្ថិតនៅក្នុងទឹកសមុទ្រអស់រយៈពេលដល់ទៅជាង១ថ្ងៃ ប៉ុន្ដែទោះជាយ៉ាងណាក្ដី ពួកគេក៏មានសុខភាពបរិបូរណ៍ធម្មតាទេ។
តាមការលើកឡើងរបស់ក្រុមមន្ដ្រីនៃទីភ្នាក់ងារ Maritime Enforcement Agency ម្នាក់ឈ្មោះលោក Mohamad Aliyas Hamdan ថា ៈ សពចំនួន៣៥នាក់ទៀតត្រូវបានរកឃើញចាប់តាំងពីថ្ងៃសុក្រកន្លងមក។ យើងរំពឹងថា នឹងរកឃើញសពច្រើនថែមទៀតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ខាងមុខនេះ។ លោកបាននិយាយថា ប្រតិបត្ដិការតាមរកសព នឹងបន្ដទៅទៀតក្នុងរយៈពេល៣ថ្ងៃ ដោយបានបន្ថែមនៅក្នុងព័ត៌មានថា បានសង្គ្រោះមនុស្សនៅរស់ចំនួន២០នាក់ ហើយបើតាមគេជឿជាក់នោះថា នៅលើទូកឈើដ៏តូចនោះមានអន្ដោប្រវេសន៍ឥណ្ឌូនេស៊ីដល់ទៅ៨០នាក់ឯណោះ។
ក្រុមមន្ដ្រីបានទាំងនិយាយថា ទូកឈើមួយគ្រឿងដែលមានមនុស្សជិះជាន់កគ្នានោះ បានក្រឡាប់លិចទៅក្នុងទឹកសមុទ្រ ដែលមានចម្ងាយតែត្រឹម១៦គីឡូម៉ែត្រតែប៉ុណ្ណោះពីឆ្នេរនៃរដ្ឋ Selangor នៃប្រទេសម៉ាឡេស៊ី មុនពេលដែលត្រូវលិចទៅនៅថ្ងៃព្រហស្បតិ៍នោះ។
ក្រុមជនឥណ្ឌូនេស៊ីទាំងអស់នោះ បានចាកចេញពីប្រទេសម៉ាឡេស៊ីទៅ ដើម្បីវិលត្រឡប់ទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិញ ដោយឆ្លងកាត់ច្រកសមុទ្រ Malacca។
ម៉ាឡេស៊ី គឺជាប្រទេសដែលមានសេដ្ឋកិច្ចដ៏ខ្លាំងក្លាទី៣នៃតំបន់អាស៊ីអាគ្នេយ៍ ហើយគឺជាតំបន់ដែលទាក់ទងកម្មករអន្ដោប្រវេសន៍មកពីប្រទេសជិតខាងដ៏ក្រីក្រ ហើយភាគច្រើនបំផុតនោះគឺក្រុមកម្មករអន្ដោប្រវេសន៍ដែលមកពីប្រទេសឥណ្ឌូនេស៊ី។
បច្ចុប្បន្នមានជនជាតិឥណ្ឌូនេស៊ី ដែលធ្វើជាកម្មករអន្ដោប្រវេសន៍នៅក្នុងប្រទេសម៉ាឡេស៊ី ដល់ទៅប្រមាណ២លាននាក់ ទោះបីជាការប្រកបមុខរបរមានកម្រៃយ៉ាងទាបក៏ដោយ។
គ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតទាំងឡាយកើតមានច្រើនណាស់តាមច្រកសមុទ្រ Malacca នោះ ថ្វីបើគេព្យាយាមនឹងធ្វើការឆ្លងកាត់ដោយទូកតូចៗប្រកបទៅដោយហានិភ័យយ៉ាងណាក្ដី ដែលការធ្វើដូច្នេះជារឿយៗគឺការធ្វើដំណើរពេលយប់ងងឹងដើម្បីចៀសវាងការចាប់ឃុំឃាំង៕
AP
ចំនួនអ្នកស្លាប់ដោយសារការក្រឡាប់ទូកនៅប្រទេសម៉ាឡេស៊ី កើនឡើងដល់៦១នាក់ហើយ
0 Comments